ទីក្រុងហូជីមិញ និងហាណូយ ក្លាយជាគោលដៅវិនិយោគកំពូលក្នុងឆ្នាំ ២០២៣ ការស្ទង់មតិអាស៊ីប៉ាស៊ីហ្វិក
ការស្ទាបស្ទង់មតិលើចំណង់វិនិយោគិនប្រចាំអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ ២០២៣ ដែលទើបចេញថ្មីៗនេះដោយក្រុមហ៊ុន CBRE បានបង្ហាញពីព័ត៌មានដ៏អស្ចារ្យមួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាម។ ផ្អែកលើបទពិសោធន៍ពីអ្នកជំនាញវិនិយោគអចលនទ្រព្យថ្នាក់តំបន់ចំនួន៥០០នាក់ បានបង្ហាញថាទីក្រុងហូជីមិញ និងហាណូយបានឡើងចំណាត់ថ្នាក់ជាទិសដៅទាក់ទាញបំផុតទាំង ១០ សម្រាប់ការវិនិយោគឆ្លងព្រំដែននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះទីក្រុងហូជីមិញ បានឡើងដល់ចំណាត់ថ្នាក់ទីបីដែលមិនធ្លាប់មានពីមុនមក ដោយវ៉ាដាច់សូម្បីតែទីក្រុងលេចធ្លោមួយចំនួនរបស់ប្រទេសអូស្ត្រាលី ចំណែកឯរដ្ឋធានីហាណូយ ជាប់ចំណាត់ថ្នាក់លេខ៩ លើទីក្រុងសេអ៊ូលរបស់កូរ៉េទៅទៀត។
កំណើនសេដ្ឋកិច្ចយ៉ាងស្វាហាប់ និងបរិយាកាសវិនិយោគអំណោយផលបានធ្វើឱ្យវៀតណាមក្លាយជាជម្រើសចម្បងសម្រាប់អ្នកវិនិយោគបរទេសមកពីបណ្តាប្រទេស និងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានហុងកុង សិង្ហបុរី ចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។ អត្រាកំណើននគរូបនីយកម្មរបស់ប្រទេសដែលត្រូវបានព្យាករថា នឹងឈានដល់ ៤២% នៅឆ្នាំ ២០២៥ បង្ហាញពីសក្តានុពលដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យដែលជំរុញដោយការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាលដែលកំពុងជំរុញការវិនិយោគលើវិស័យអចលនទ្រព្យឱ្យកាន់តែមានលំនឹង និងសន្ទុះ។
ម្យ៉ាងទៀត បច្ចុប្បន្ននេះ គេមើលឃើញថា ក្រុមហ៊ុនសិង្ហបុរីបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវឱកាសវិនិយោគនៅវៀតណាម។ ជាក់ស្តែង ក្រុមហ៊ុន Keppel Land ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញរបស់សិង្ហបុរី បានចាប់ដៃគូជាមួយក្រុមហ៊ុន Khang Dien Group របស់វៀតណាមដើម្បីចាប់ផ្តើមការកសាងតំបន់អភិវឌ្ឍន៍លំនៅឋានទំនើប និងគម្រោងអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពនៅទីក្រុងហូជីមិញ។ លោក Louis Lim នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keppel Land បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយទទួលស្គាល់សក្តានុពលរយៈពេលវែងរបស់ប្រទេសកូនខ្លាអាស៊ីមួយនេះ។
នៅក្នុងកិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់មួយទៀត ក្រុមហ៊ុន Sembcorp Development បានចាប់ដៃគូជាមួយក្រុមហ៊ុន Becamex IDC ដើម្បីបង្កើតសួនឧស្សាហកម្មបៃតង ឆ្លាតវៃ និងនិរន្តរភាពចំនួន ៥ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងការវិនិយោគសរុបប្រមាណ ១ ពាន់លានដុល្លារ។ សួនឧស្សាហកម្មទាំងនេះ នឹងទទួលយកបច្ចេកវិទ្យាទំនើបៗ ពង្រឹងកេរ្តិ៍ឈ្មោះរបស់វៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញនៅអាស៊ី។
របាយការណ៍របស់ក្រុមហ៊ុន PropertyGuru Group ដែលមានចំណងជើងថា “អចលនទ្រព្យវៀតណាម៖ ទស្សនវិស័យពីប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍” បង្ហាញពីគោលនយោបាយសេដ្ឋកិច្ចបើកចំហ និងការធ្វើសមាហរណកម្មរបស់វៀតណាមទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកថាជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ អ្វីដែលជាចំណុចសំខាន់ និងជាស្នូលរបស់សេដ្ឋកិច្ចវៀតណាមនោះ គឺភាពធន់របស់ប្រទេសនេះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលបានពង្រឹងយ៉ាងខ្លាំងនូវភាពទាក់ទាញនៃទីផ្សារអចលនទ្រព្យរបស់ខ្លួនចំពោះវិនិយោគិនបរទេស។
ជាមួយនឹងចក្ខុវិស័យពង្រីក និងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងកំពង់ផែសមុទ្រ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿនលឿន និងអាកាសយានដ្ឋាន វៀតណាមមានបំណងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់ការវិនិយោគផ្ទាល់ និងប្រយោលពីបរទេសក្នុងវិស័យអចលនទ្រព្យ។ កាលពីឆ្នាំ ២០២២ វិស័យអចលនទ្រព្យរបស់ប្រទេសនេះ រួមចំណែកដល់ទៅ ១៦,១% នៃទំហំវិនិយោគផ្ទាល់ពីបរទេសសរុបរបស់ប្រទេស ដោយទាក់ទាញបានចំណូលជាង ៤,៤៥ ពាន់លានដុល្លារ។
ការទទួលស្គាល់ក្រុងហូជីមិញ និងហាណូយជាគោលដៅវិនិយោគកំពូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ជាក់ឡើងវិញនូវឋានៈរបស់វៀតណាមជាសក្តានុពលជាប្រទេសមានអំណាចថ្មីមួយ ដែលកំពុងលេចធ្លោនៅក្នុងទិដ្ឋភាពអចលនទ្រព្យពិភពលោក។ ជាមួយនឹងគន្លងនៃកំណើនដ៏រឹងមាំ និងបរិយាកាសធុរកិច្ចដ៏ទាក់ទាញ វិស័យអចលនទ្រព្យរបស់វៀតណាមនៅតែត្រៀមខ្លួនសម្រាប់ភាពជោគជ័យ និងកំណើនជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ៕
- Video Advertisement -