គួធ្វើបែបណា ទើបដឹងថា ដី ឬផ្ទះ ដែលយើងកំពុងកាន់កាប់ ត្រូវជាប់ពន្ធអចលនទ្រព្យ ឬអត់?
រាល់អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ អចលនទ្រព្យ ប៉ុន្តែពន្ធប្រភេទនេះ ត្រូវបានគិតតែចំពោះអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០លានរៀល តែប៉ុណោះ។
លើសពីនេះ អ្នកជាប់ពន្ធ (ម្ចាស់អចលនទ្រព្យ) ដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០.០០០.០០០រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជី ដាក់លិខិតប្រកាស និងបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យទាំងនោះស្ថិតនៅ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។
តើម្ចាស់អចលនទ្រព្យអាចដឹងបានយ៉ាងដូចម្តេច ថាតើដី ឬផ្ទះរបស់ខ្លួនជាប់ពន្ធលើអចលនទ្រព្យឬអត់?
បើតាមមាត្រា ១៣ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០១០ អចលនទ្រព្យ សំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នៅនឹងដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល ឬប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារ និងស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោម៖
១. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់
២. ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ
៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។ (អានបន្ថែម)
យ៉ាងណាក៏ដោយ បើតាមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដាររាជធានីភ្នំពេញបានប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៥ ខែសីហា នេះថា ដី ឬផ្ទះ មានជាប់ពន្ធអចលនទ្រព្យ ឬអត់ នោះម្ចាស់ដី ឬផ្ទះ ត្រូវកាន់យកឯកសារកាន់កាប់ ឬបណ្ណសម្គាល់កម្មសិទ្ធិផ្ទះ ឬដីនោះ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដាររាជធានី ខេត្ត ដែលអចលនទ្រព្យនោះស្ថិតនៅ។
ឯកសារកាន់កាប់ ឬសម្គាល់សិទ្ធិ គឺសំដៅលើប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ឬប្លង់ទន់ (ដែលជាទូទៅ គេហៅថា លិខិតផ្ទេរសិទ្ធិលើអចលទ្រព្យដែលមិនទាន់ចុះបញ្ជី)។
ពេលយកឯកសារទាំងនេះ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដាររាជធានី ខេត្ត មន្ត្រីពន្ធដារ នឹងពិនិត្យវាយតម្លៃលើដី ឬផ្ទះ ដោយផ្អែកលើតារាងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យទៅតាមភូមិសាស្ត្រដី ឬផ្ទះ ដែលស្ថិតនៅ ថាតើជាប់ពន្ធដែរឬទេ ឬជាប់ពន្ធអ្វីខ្លះ។
មួយវិញទៀត អ្នករស់នៅក្នុង ឬជិតរាជធានីភ្នំពេញ ដែលមានដី ឬផ្ទះ នៅខេត្តឆ្ងាយៗ អាចកាន់ឯកសារពាក់ព័ន្ធដូចបានរៀបរាប់ខាងលើ ទៅសាកសួរនៅអគ្គនាយកដ្ឋានពន្ធដារ ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់សាខាពន្ធដារ ដែលអចលនទ្រព្យស្ថិតនៅនោះទេ។
គួរបញ្ជាក់ថា ម្ចាស់អចលនទ្រព្យ ទាំងអស់គួរប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយមន្ត្រីពន្ធដារអំពីពន្ធលើអចលនទ្រព្យរបស់ខ្លួន ជៀសវាងអចលនទ្រព្យនោះជាប់បំណុលពន្ធកើនឡើងដោយមិនដឹងខ្លួន ជាពិសេសរួសរាន់ឡើង ជិតដល់ថ្ងៃផុតកំណត់បង់ពន្ធប្រចាំឆ្នាំ២០២៣ហើយ។ (អានបន្ថែម)
- Video Advertisement -