ពេលវេលាអនុវត្តពន្ធ២០% លើចំណេញមូលធន ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ!
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយថានឹងត្រូវអនុវត្តពន្ធលើចំណេញមូលធន ឬត្រូវកែសម្រួលយ៉ាងណានៅឡើយទេ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣។
សម្តេចបន្ថែមថា ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មីមក នៅមិនទាន់មានការបង្កើតមូលដ្ឋានគិតពន្ធថ្មីអ្វីនោះទេ ដូច្នេះ ក្នុងខែវិច្ឆិកាខាងមុខនេះ រដ្ឋាភិបាលក៏គ្រោងនឹងរៀបចំវេទិការាជរដ្ឋាភិបាល-ឯកជន ដើម្បីពិនិត្យមើលលើកញ្ចប់វិធានការមួយចំនួន ដើម្បីជួយដល់វិស័យឯកជនមុននឹងអនុវត្តច្បាប់នេះផងដែរ។
គួររំម្លឹកថា កាលពីថ្ងៃទី២៦ កញ្ញា ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ពន្យល់បន្ថែមជាថ្មីអំពីការអនុវត្ត ពន្ធលើចំណេញមូលធនពីការទិញ-លក់អចលនទ្រព្យចំនួន២០% ដែលនឹងត្រូវពន្យារការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដោយលើកលែងតែទ្រព្យមូលធន ៥ផ្នែកផ្សេងទៀតប៉ុណ្ណោះ ដែលនឹងអនុវត្តនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។
ការឆ្លើយបំភ្លឺនេះ ត្រូវបានធ្វើឡើង ខណៈដែលមានប្រជាពលរដ្ឋមួយចំនួនធំបានសំដែងការមិនពេញចិត្តចំពោះការយកពន្ធនេះ។ ប្រភេទពន្ធនេះដែរ គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ រាជរដ្ឋាភិបាល បានបង្កើតពន្ធថ្មីនេះ តាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ។
អគ្គនាយកដ្ឋានពន្ធដារ បានបំភ្លឺទៀតថា ក្រោយបានពន្យារពេលអនុវត្តអស់រយៈពេល ០៣លើក មកហើយនោះ រាជរដ្ឋាភិបាល បានសម្រេចថានឹងចាប់ផ្តើមអនុវត្តវិញចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់តែទ្រព្យជាមូលធន ៥ផ្នែក រួមមាន៖ ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។ (អានបន្ថែម)
ដោយឡែក ការចំណេញដែលបានពីការលក់ទិញអចលនទ្រព្យ រដ្ឋបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដាច់ឆ្នាំ២០២៤ ដើម្បីជាការរួមចំណែកដ៏សំខាន់មួយក្នុងការចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។
គួរបញ្ជាក់ថា រដ្ឋបានអនុវត្តពន្ធលើចំណេញមូលធននេះលើនីតិបុគ្គលតាំងតែពីឆ្នាំ១៩៩៤ ដែលជាក់ស្តែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។
- Video Advertisement -