Hyundai បន្ថែមទុន $១,៥ ពាន់លាន សង់រោងចក្រផលិតរថយន្តអគ្គិសនីឈានមុខគេផ្តោតលើអព្យាក្រឹតកាបូន នៅកូរ៉េខាងត្បូង
ក្រុមហ៊ុន Hyundai បានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដ៏ទំនើបមួយតម្លៃ ១,៥ ពាន់លានដុល្លារ នៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង ដែលនឹងក្លាយជារោងចក្រផលិតថ្មីដំបូងរបស់ Hyundai នៅក្នុងប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីបានចំណាយពេលអស់ជិតបីទសវត្សរ៍មកហើយក្នុងការផលិតនៅក្រៅស្រុក នេះបើយោងតាមសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងចាប់ដំណើរការនៅចុងឆ្នាំ ២០២៣នេះ ហើយនៅពេលសាងសង់រួចក្រុមហ៊ុន Hyundai នឹងមានសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីបានចំនួន ២០០.០០០ គ្រឿងក្នុងមួយឆ្នាំ។ ពីរសែនគ្រឿងក្នុងមួយឆ្នាំ គឺជាតួលេខមួយដែលបង្ហាញថា ក្នុងរវាងតែប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះសេដ្ឋកិច្ចពិភពលោកនឹងប្រែប្រួលខ្លាំង បើពិចារណាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ព្រោះនេះជាកំណើនតម្រូវការខ្ពស់បំផុតមួយ ដែលបញ្ជាក់ថាប្រជាជនវណ្ណៈកណ្តាល (middle class) នឹងកើនឡើង ដែលត្រូវការរថយន្តទំនើបប្រើប្រាស់។
សម្រាប់ការផលិតថ្មីនេះ Hyundai បានជ្រើសយកទីតាំងនៅតំបន់អ៊ូលសាន ( Ulsan ) លើផ្ទៃដីទំហំ ៥៥០.០០០ម៉ែត្រការ៉េ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការបំពាក់បរិក្ខារផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រភពថាមពលស្អាតដើម្បីដំណើរការសង្វាក់ផលិតកម្មថែមទៀតផង។ ក្រុមហ៊ុន Hyundai មានគោលបំណងដើម្បីសម្រេចបាននូវឋានៈជាក្រុមហ៊ុនមានអព្យាក្រឹតកាបូន ដោយប្រើប្រាស់បច្ចេកទេសសំណង់មានការបំភាយ “កាបូនទាប” និងដំណើរការរោងចក្រទាំងស្រុងលើថាមពលកកើតឡើងវិញ ដូចដែលបានបង្ហាញដោយវិញ្ញាបនប័ត្រ RE100 របស់ខ្លួន។ ក្រុមហ៊ុនមានចក្ខុវិស័យ ធ្វើរោងចក្រនេះជាផ្នែកសំខាន់មួយនៃទីក្រុងចល័តប្រកបដោយភាពច្នៃប្រតិដ្ឋដែលឈានមុខគេក្នុងយុគសម័យយានយន្តអគ្គិសនី។
លោក Euisun Chung ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hyundai Motor Group បានកត់សម្គាល់ក្នុងពិធីបើកការដ្ឋានសាងសង់ថា “ខ្ញុំជឿជាក់ថា តំបន់ Ulsan នឹងក្លាយជាទីក្រុងចល័តប្រកបដោយភាពច្នៃប្រតិដ្ឋ ដែលឈានមុខគេក្នុងយុគសម័យនៃការប្រើប្រាស់យានយន្តអគ្គិសនី”។
ឆ្លើយតបទៅនឹងការសាកសួរអំពីផែនការសាងសង់រោងចក្រអនាគតរបស់ក្រុមហ៊ុន Hyundai នាយកប្រតិបត្តិ លោក Jaehoon Chang បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Hyundai កំពុងផ្តោតលើការពង្រីកយានយន្តអគ្គិសនីប្រកបដោយនិរន្តរភាពក្នុងសហរដ្ឋអាមេរិក និងប្រទេសកំណើតរបស់ខ្លួនសិន។
ចំពោះបញ្ហាចោទពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីភាពមិនស្ថិតស្ថេរនៃទីផ្សាររថយន្តប្រភេទដើរដោយថាមពលអគ្គិសនី ( EV ) លោក Chang បានបង្ហាញពីទំនុកចិត្តលើនិន្នាការវិជ្ជមានសម្រាប់រថយន្តអគ្គិសនីដែលនឹងមានការកើនឡើងនាពេលខាងមុខ។
“ទោះបីជាមានបញ្ហាប្រឈមទាក់ទងនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធផលិតនិងបញ្ហាសមត្ថភាពអាគុយរថយន្តក៏ដោយ ក៏ក្រុមហ៊ុន Hyundai នៅតែប្រកាន់ខ្ជាប់នូវជំនឿរបស់ខ្លួនថា អារម្មណ៍ទូទៅរបស់តម្រូវទីផ្សារ EV នៅតែមានសុទិដ្ឋិនិយម” លោក Chang បញ្ជាក់។
រោងចក្រ គ្រោងនឹងចាប់ផ្តើមផលិតកម្មរថយន្តនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាមួយនឹងការផលិតរថយន្តស្ព័រអគ្គិសនី (SUV) ក្រោមម៉ាកយីហោប្រណីតរបស់ក្រុមហ៊ុន Hyundai គឺ Genesis។
ក្រៅពីបានពង្រីកលើសពីកិច្ចខិតខំប្រឹងប្រែងក្នុងស្រុក ក្រុមហ៊ុន Hyundai ក៏បានវិនិយោគទឹកប្រាក់ចំនួន ៥,៥៤ពាន់លានដុល្លាររបស់ខ្លួននៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីផងដែរ។ ទាំងនេះ ជាសក្ខីកម្មបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Hyundai ចំពោះដំណើរឆ្ពោះទៅរកភាពជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្គត់ផ្គង់យានយន្តអគ្គិសនី៕
- Video Advertisement -