អារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក
ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។
ក្រោមស្លាកយីហោ “Dragon Ball” ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំងបំផុតនៅទូទាំងពិភពលោក ឧទ្យាននេះ នឹងអភិវឌ្ឍឡើងនៅលើទីតាំងស្ថិតនៅក្នុងទីក្រុង Qiddiya ដែលមានចម្ងាយប្រហែល ៤០នាទី ពីរដ្ឋធានី Riyadh ។ ចំនុចកណ្តាលនៃទីកម្សាន្តនេះ គ្រោងនឹងអភិវឌ្ឍជាកន្លែងរទេះហោះ (roller coaster) ដែលមានកំពស់ ៧០ម៉ែត្រ។ បន្ថែមពីលើនេះ ឧទ្យាននេះ នឹងមានបញ្ចូលកន្លែងទាក់ទាញជាង ៣០ទៀត រួមជាមួយនឹងសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។
លោក Abdullah bin Nasser Aldawood នាយកគ្រប់គ្រងនៃក្រុមហ៊ុន PIF’s Qiddiya Investment Co. បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “សួនកម្សាន្តប្រភេទ Anime (កន្លែងកម្សាន្តដែលមានទស្សនីយភាពបែបគំនូរជីវចល) មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ៨០% នៃចំនួនប្រជាជននៅទីនោះ ចូលចិត្តមើលរឿងតុក្កតា ក្នុងនោះមាន ៤០% ដែលបានមើលខ្សែរឿង “Dragon Ball” នេះបើយោងទៅតាមការអះអាងពីស្ថាប័ន Aldawood ។
លោក Katsuhiro Takagi ប្រធានផ្នែកគំនូរជីវចលនៃក្រុមហ៊ុន Toei បានបន្ថែមថា “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យនៃគម្រោងដែលនាំមកជូនប្រជាជននៃប្រទេសអារ៉ាប៊ីសាអូឌីត នូវទំនើបកម្ម ការកម្សាន្តបែបរំភើបនិងស្ញើបអារម្មណ៍ ដែលនឹងបង្កើតបទពិសោធន៍ប្លែកថ្មី ខុសពីអ្វីដែលពួកគេបានជួបប្រទះពីមុនមក” ។
ទីក្រុង Qiddiya កំពុងត្រូវបានសាងសង់ជាមជ្ឈមណ្ឌលសម្រាប់ការកម្សាន្ត កីឡា និងសិល្បៈ ដែលជាផ្នែកមួយនៃគម្រោង “Saudi Vision 2030” របស់រដ្ឋាភិបាលក្នុងរយៈពេលមធ្យមទៅវែង ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងនោះមានរាប់បញ្ចូលទាំងគម្រោងអភិវឌ្ឍដែលមានផ្ទៃដីទំហំ ៣៦០ គីឡូម៉ែត្រការ៉េ នឹងក្លាយជាកន្លែងរស់នៅសម្រាប់ប្រជាជនចំនួន ៦០០.០០០នាក់ នៅពេលសាងសង់រួចរាល់។
ព័ត៌មានលម្អិតអំពីខ្ទង់ចំណាយសម្រាប់ការវិនិយោគ និងពេលវេលាសម្រាប់ការបើកដំណើរការសាងសង់ឧទ្យាននេះ មិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងនៅឡើយទេ។
គួរបញ្ជាក់ថា អ្នកបង្កើតយីហោល្បី “Dragon Ball” លោក Akira Toriyama បានធ្វើមរណកាល កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅថ្មីៗនេះ។ ប៉ុន្តែគំនូរជីវចល ដែលជាស្នាដៃដើមរបស់គាត់ ត្រូវបានគេយកទៅធ្វើជាហ្គេម និងប្រែននៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាប្រភេទទីកន្លែងកម្សាន្តល្បីៗជាច្រើនទូទាំងពិភពលោក ហើយនឹងត្រូវប្រារព្ធខួបលើកទី ៤០ នៅឆ្នាំនេះផងដែរ៕
- Video Advertisement -