កម្ពុជាមានទំហំទីផ្សារគ្រឿងសង្ហារិមជិត $១០០លានក្នុង១ឆ្នាំ អាចនឹងកើនដល់ជាង $១ពាន់លាននៅឆ្នាំ ២០៣៣
ទីផ្សារគ្រឿងសង្ហារិមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ នេះបើយោងតាម “របាយការណ៍ស្រាវជ្រាវឧស្សាហកម្មគ្រឿងសង្ហារិមកម្ពុជាឆ្នាំ ២០២៤-២០៣៣” ដែលចេញផ្សាយដោយ finance.yahoo ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤។
ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វិស័យផលិតគ្រឿងសង្ហារិមរបស់កម្ពុជា បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការនាំចេញកើនឡើងពី ៤១៩លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ (ថយចុះបន្តិចប្រមាណ ៦,១៨% បើធៀបនឹងឆ្នាំមុន) ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) គួរឱ្យកត់សម្គាល់មានប្រមាណ ២០,៧%សម្រាប់កំឡុងពេល ៥ឆ្នាំចុងក្រោយនេះ។
កត្តាជំរុញនៅពីក្រោយគន្លងនៃកំណើននេះ ភាគច្រើនកើតចេញពីសកម្មភាពនាំចេញ ដោយតម្លៃនាំចេញគ្រឿងសង្ហារិមរបស់ប្រទេសកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារផលិតផលគ្រឿងសង្ហារិមធំជាងគេបង្អស់នៅទូទាំងពិភពលោក។ គួរកត់សម្គាល់ថាក្រុមហ៊ុនគ្រឿងសង្ហារិមធំៗចិនដូចជា Zhi Bang Furniture និង Sofia បានពង្រីកវត្តមានរបស់ពួកគេដោយបង្កើតហាងលក់រាយនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ថៃ ហ្វីលីពីន និងកម្ពុជាផងដែរ។
ថ្វីត្បិតតែឧស្សាហកម្មគ្រឿងសង្ហារិមរបស់កម្ពុជាទទួលបានអត្ថប្រយោជន៍ពីវត្ថុធាតុដើមដ៏សម្បូរបែប និងតម្លៃពលកម្មទាបប្រកបដោយការប្រកួតប្រជែងខ្ពស់ក៏ពិតមែន ប៉ុន្តែទីផ្សារក្នុងស្រុកនេះ ប្រឈមនឹងសម្ពាធពីការកើនឡើងនៃថ្លៃចំណាយលើប្រតិបត្តិការ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់ ២០០ដុល្លារក្នុងឆ្នាំ ២០២៣ និងបន្ថែមដល់ ២០៤ ដុល្លារក្នុងខែមករា ឆ្នាំ ២០២៤ គូសបញ្ជាក់ពីបញ្ហាប្រឈមនេះ ទោះបីជាតួលេខនេះនៅតែខ្ពស់ជាងប្រទេសជិតខាងដូចជាវៀតណាម និងឡាវក៏ដោយ។
ជាមួយនឹងធនធានព្រៃឈើដ៏ធំគ្របដណ្តប់លើជាង ៦០%នៃផ្ទៃដី ប្រទេសកម្ពុជាមានបរិយាកាសអំណោយផលសម្រាប់កំណើនឧស្សាហកម្មគ្រឿងសង្ហារិម ដែលមានឈើបម្រុងសម្រាប់ផ្គត់ផ្គង់ទីផ្សារគ្រឿងសង្ហារិមប្រមាណ ១,១ពាន់លានម៉ែត្រគូប។ និន្នាការរីកចម្រើននិងកំណើនតម្រូវការគ្រឿងសង្ហារិមក្នុងបរិបទទីផ្សារគ្រឿងសង្ហារិមសកល បង្ហាញពីឱកាសអំណោយផលសម្រាប់វិស័យគ្រឿងសង្ហារិមរបស់កម្ពុជា៕
- Video Advertisement -