រដ្ឋជំរុញតបណ្តាញទឹកចូលតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុឱ្យបានឆាប់ ខណៈបច្ចុប្បន្នកំពុងជួបបញ្ហាខ្វះ…
អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុន អានកូ ពន្លឿនការតបណ្តាញទឹកស្អាតចូលទៅតំបន់សេដ្ឋកិច្ចពិសេសឱ្យបានលឿននិងឆាប់បំផុត ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តនេះ កំពុងជួបបញ្ហាខ្វះ ទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារខ្វះបណ្តាញទុយោទឹកភ្ជាប់ និងរដូវប្រាំងបានអូសបន្លាយយូរពេក។
នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅពេលចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមបានឱ្យដឹងថា សម្រាប់ទឹកស្អាតមិនមានការខ្វះខាតនោះទេ អ្វីដែលខ្វះនោះគឺបណ្តាញទុយោទឹកតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចតែប៉ុណ្ណោះ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងតំបន់សេដ្ឋកិច្ចមួយនេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាមទារឱ្យតបណ្តាញមេចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីធ្វើការចែកចាយទៅតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន។ ហេតុនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុន ពន្លឿនការតបណ្តាញទឹកស្អាតទៅតំបន់សេដ្ឋកិច្ចពិសេសឱ្យបានលឿន ដើម្បីប្រើប្រាស់ប្រចាំថ្ងៃបានទាន់ពេលវេលា។
ជាការឆ្លើយតប លោក ណាំ គាតេង នាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងមមាញឹកក្នុងការតបណ្តាញទុយោថ្មីចំនួន ២ខ្សែ ក្នុងមួយខ្សែៗមានមុខកាត់ ៤០០មីលីម៉ែត្រ និងមានប្រវែងជាង ២គីឡូម៉ែត្រ អាចផ្គត់ផ្គង់ទឹកក្នុងមួយថ្ងៃ ១ម៉ឺនម៉ែត្រគូប។
លោកបន្តថា ចំពោះការតបណ្តាញថ្មីនេះ គ្រោងចំណាយពេលចំនួនពីរថ្ងៃ សង្ឃឹមថា នៅពេលខាងមុខតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងមិនមានការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ។
គួរបញ្ជាក់ដែរថា បើតាមនាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ដោយសារតែឆ្នាំ២០២៤នេះ រដូវប្រាំងបានអូសបន្លាយវែង ធ្វើឱ្យការប្រើប្រាស់ទឹកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការខ្វះខាតទើប តំបន់សេដ្ឋកិច្ចពិសេសបានស្នើឱ្យក្រុមហ៊ុនអានកូ តបណ្តាញទឹកស្អាតចូលទៅអាងស្តុបទឹករបស់តំបន់សេដ្ឋកិច្ច ដើម្បីធ្វើការចែកចាយបន្តទៅតាមបណ្តារោងចក្រ សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕
- Video Advertisement -