រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៤ តម្លៃជាង ២០០លានដុល្លារ នៅព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន ១៤ មានតម្លៃប្រមាណ ២១៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។
បន្ថែមពីនេះ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។
ជាមួយគ្នានេះដែរ ចាប់តាំងពីការបង្កើតក្រុមការងារពិសេសនេះមក ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និងការសិក្សារៀបចំ និងពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ។
លើសពីនេះទៀត, ក្រុមការងារ បានសម្របសម្រួលដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១០០លានដុល្លារ។
ក្នុងនោះដែរ គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ន ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន២៧ ហើយក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ១២ ទៀតផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតកម្មវិធីពិសេសមួយ ដែលមានក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីជំរុញ និងដោះស្រាយគម្រោងជាប់គាំងនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤ ចំនួន ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។ (អានបន្ថែម)
- Video Advertisement -