រដ្ឋកំពុងពន្លឿនបញ្ចប់ការងារកែលម្អប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន៥ ឱ្យបានមុនរដូវវស្សាមកដល់
ក្រសួងធនធានទឹក និងឧតុនិយម កំពុងជំរុញពន្លឿនបញ្ចាប់ការងារជួសជុល និងកែលម្អប្រព័ន្ធធារាសាស្ត្រនៅទីតំាងសំខាន់ៗ ក្នុងខេត្តចំនួន៥ ក្នុងនោះរួមមាន៖ ប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពុងស្ពឺ, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ក្នុងខេត្តបន្ទាយមានជ័យ, ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ក្នុងខេត្តព្រៃវែង, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ក្នុងខេត្តសៀមរាប, និងប្រព័ន្ធធារាសាស្ត្រទំនប់លោក ក្នុងខេត្តឧត្ដរមានជ័យ។
នេះបើយោងតាមលទ្ធផលការងារដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ប្រព័ន្ធធារាសាស្ត្រសំខាន់ៗទាំង៥ មានវឌ្ឍភាពការងារដូចខាងក្រោម៖
ទី១. គម្រោងជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រកាធំ ក្រុងរកាធំ ខេត្តកំពង់ស្ពឺ ដែលជួសជុលខ្នង និងជើងទេរប្រឡាយប្រវែង ១៤.៥០០ម៉ែត្រ សម្រេចបាន ៥០% ហើយ។
គួររំលឹកថា ក្នុងគម្រោងមួយនេះ ក៏មានការជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន១០% និងការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។
ទី២. ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ២.៣០០ម៉ែត្រ សម្រេចបាន៤៥%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៩.២០០ម៉ែត្រ សម្រេចបាន៣០%, ការងារជួសជុលសំណង់ចំនួន ៤៥កន្លែង សម្រេចបាន២០% និងការងារសាងសង់សំណង់ថ្មីចំនួន ១កន្លែង សម្រេចបាន៣០%។
ទី៣. ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ស្ថិតនៅឃុំព្រៃស្នៀត និងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ការងារជួសជុលខ្នង និងជើងទេរទំនប់ប្រវែង ៥.៧០០ម៉ែត្រ សម្រេចបាន៤២%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៣.១៧០ម៉ែត្រ សម្រេចបាន ៤២%, ការងារជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន៤២%, និងការងារសាងសង់សំណង់ថ្មីចំនួន ៥កន្លែង សម្រេចបាន៤២%។
ទី៤. ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ស្ថិតនៅឃុំតាអាន និងជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៤.០០០ម៉ែត្រ សម្រេចបាន៤០%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៧.៨៥០ម៉ែត្រ សម្រេចបាន៤៥%, ការងារជួសជុលសំណង់ចំនួន ៣៤កន្លែង សម្រេចបាន១០%, ការងារសាងសង់សំណង់ថ្មីចំនួន ១កន្លែង សម្រេចបាន២០%។
ទី៥. ប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតនៅឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្ដរមានជ័យ ទើបចាប់ផ្តើមចុះអនុវត្តការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៣.៣០០ម៉ែត្រ ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៥.១៨០ម៉ែត្រ ការងារជួសជុលសំណង់ចំនួន ៣២កន្លែង និងការងារសាងសង់សំណង់ថ្មីចំនួន ២កន្លែង។
- Video Advertisement -