គម្រោងដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ ប្រវែង ២៦០ គ.ម សម្រេចបាន ៦០%
គម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្តារប្រឡាយចំនួន ១០ខ្សែ មានប្រវែង ២៦០គីឡូម៉ែត្រ សម្រេចបាន ៦០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០ ទៅ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។
ឯកឧត្តមបន្ថែមថា កត្តាកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។
ជាការឆ្លើយតប គម្រោងពង្វាងទឹកនេះ ជាយុទ្ធសាស្ត្រក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀងផងដែរ។
ដោយឡែក ចំពោះការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានប្រវែង ៣៤គីឡូម៉ែត្រ សម្រេចបានប្រមាណ ៦៥%។
គម្រោងនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។





- Video Advertisement -