គម្រោងធំៗ២ បូកនឹងចក្ខុវិស័យដ៏មុតស្រួចរបស់រដ្ឋាភិបាល នឹងពង្រីកសក្ដានុពលតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឱ្យរិតតែធំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការ និងចក្ខុវិស័យដ៏ធំធេងក្នុងការអភិវឌ្ឃន៍ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយមានការផ្សារភ្ជាប់ជាមួយនឹងខេត្តកណ្តាល ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃ ក្នុងន័យនេះរដ្ឋាភិបាលចង់សំដៅដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងក្រោយពេលបញ្ចប់ការសាងសង់គម្រោងធំៗ២ គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងព្រែកជីកហ្វូណនតេជោផងដែរ។
នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា….ព្រែកជីកហ្វូណនតេជោ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចធំនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងនោះមានខេត្តតាកែវ និងខេត្តកណ្តាល ចឹងការរីកទៅទិសខាងត្បូងនៃរាជធានីភ្នំពេញនេះគឺមានសក្ដានុពលធំណាស់ ហើយប្រជាពលរដ្ឋដែលរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខេត្តកែវ និងខេត្តកណ្តាល គឺមានសក្ដានុពលខ្លាំងសម្រាប់ជំនាន់កូនចៅនៅថ្ងៃអនាគត… ដូច្នេះត្រូវទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍនឱ្យបានល្អប្រសើរបំផុត។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្ទៃដីរាជធានីភ្នំពេញ បានរីករហូតដល់ជិត ៧០០គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអ្នករស់នៅ និងអ្នកមកធ្វើការមានជិត ៣លាននាក់ ក្នុងនោះពួកគេបានប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូ និងរថយន្ត មានប្រមាណជា ២លានគ្រឿង ឯណោះ។
ហេតុនេះ ដើម្បីឆ្លើយតបនឹងដោះស្រាយលំហូរចរាចរណ៍ក្នុងក្រុងភ្នំពេញ ដែលនឹងមានសភាពកាន់តែមមាញឹក សម្តេចធិបតីបានអះអាងថា ដំបូងទាមទារឱ្យយើងត្រូវគិតគូរពីបញ្ហាកង្វះចំណតរថយន្ត ដោយត្រូវលើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគកន្លែងធ្វើចំណតរថយន្តទំនើបឱ្យបានច្រើន, រៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យដូចបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនលើពិភពលោក ក្នុងនោះបញ្ហារក្សាគន្លងផ្លូវរថយន្តក្រុងសាធារណៈក៏ជារឿងដែលចាំបាច់ផងដែរ, ចំពោះបឹងទំពន់និងតំបន់ផ្លូវ៦០ម៉ែត្រ ត្រូវរៀបចំជាតំបន់បៃតង ដោយដាំដើមឈើឱ្យបានច្រើនសម្រាប់ជាកន្លែងពិចនិក និងសម្រាកកម្សាន្តរបស់ពលរដ្ឋ ប៉ុន្តែក៏មិនត្រូវភ្លេចធ្វើការបំពាក់នូវកាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។
- Video Advertisement -