កម្ពុជាចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលសង់មុនថ្ងៃ ១៩ ធ្នូ ១៩៩៧
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់។ នេះបើតាមប្រកាសលេខ ០៥០ ដនស/ប្រក/ក.ក.ច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ប្រកាសនេះ ធ្វើឡើងសម្រាប់អគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដែលខកខានមិនបានចុះបញ្ជីតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវមកចុះបញ្ជីបំពេញបន្ថែមតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំដូចមានចែងក្នុងអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងអនុក្រឹត្យ លេខ១២១ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា៩ និងមាត្រា១៣ នៃអនុក្រឹត្យ លេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។
ចំពោះម្ចាស់នៃចំណែកឯកជន ដែលមានលក្ខខណ្ឌដូចខាងលើ ត្រូវមកដាក់ពាក្យសុំ ដោយផ្តិតមេដៃស្តាំ ឬចុះហត្ថលេខាដោយផ្ទាល់លើពាក្យស្នើសុំចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងត្រូវបង់កម្រៃសេវាសុរិយោដី។
បន្ថែមពីនេះ ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ត្រូវប្រគល់ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែង ឬឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុប្រសិនបើមាន ជូនរដ្ឋបាលសុរិយោដី ដើម្បីដូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ។
ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែងទាំងនោះ ត្រូវបោះត្រាមោឃៈ និងរក្សាទុក នៅរដ្ឋបាលសុរិយោដី។ រីឯច្បាប់ដើមនៃឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុ ត្រូវរក្សាទុកនៅរដ្ឋបាលសុរិយោដីផងដែរ។
គួរបញ្ជាក់ថា អគារសហកម្មសិទ្ធិ សំដៅដល់អគារ ឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ។ អគារសហកម្មសិទ្ធិមានចំណែកខ្លះ ជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករនីមួយៗហៅថា “ចំណែកឯកជន” និងមានចំណែកខ្លះជាលំហរួមសម្រាប់ការប្រើប្រាស់រួមរបស់សហកម្មសិទ្ធិករទាំងអស់ ហៅថា “ចំណែករួម”។
ប្រភេទនៃអគារសហកម្មសិទ្ធិទាំងនោះ មានជាអាទិ៍ ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ ផ្ទះល្វែងដែលមានច្រើនល្វែង និងច្រើនជាន់ជាប់ៗគ្នា ខុនដូ ប្រភេទផ្ទះផ្សេង ទៀតដែលមានរចនាសម្ព័ន្ធជាប់គ្នា។
រូបភាពដោយ Mr. Jack
- Video Advertisement -