សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ
ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។
លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀត។
ដោយទទួលស្គាល់ពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការវិនិយោគដែលកំពុងបន្ត ហើយក៏បានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យកសិកម្ម។ សម្តេចបញ្ជាក់បន្ថែមថា រដ្ឋាភិបាលផ្តល់អាទិភាពលើវិស័យកសិកម្ម ហើយនឹងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ដោយអញ្ជើញក្រុមហ៊ុនឱ្យសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា គោលនយោបាយថ្មីដើម្បីជំរុញការវិនិយោគនៅខេត្តភាគឦសាន នឹងត្រូវដាក់ចេញក្នុងពេលឆាប់ៗ។ គំនិតផ្តួចផ្តើមនេះអនុញ្ញាតឱ្យ Zhongjiao Tongli និងអ្នកវិនិយោគដ៏មានសក្តានុពលផ្សេងទៀតស្វែងរកឱកាសក្នុងតំបន់បន្ថែម ពង្រឹងបន្ថែមទៀតនូវទិដ្ឋភាពកសិកម្មរបស់កម្ពុជា។
ដោយសារការចាប់អារម្មណ៍កើនឡើងពីអ្នកវិនិយោគអន្តរជាតិ សក្ដានុពលនៃខេត្តរតនគិរី និងមណ្ឌលគិរី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងវឌ្ឍនភាពកសិកម្មរបស់ប្រទេស។
- Video Advertisement -