ក្នុងរយៈពេល ៣២ឆ្នាំ អាល្លឺម៉ង់បានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាប្រមាណជា ២ពាន់គ.ម

ក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ដែលអាល្លឺម៉ងនិងកម្ពុជាមានទំនាក់ទំនងការទូតជាមួយគ្នា ដោយអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍បានប្រមាណជាង ២០០០គីឡូម៉ែត្រ ហើយបានប្តេជ្ញាបន្តជួយលើហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជាបន្ថែមទៀតផង។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ បានលើកឡើងថាកម្ពុជា និងអាល្លឺម៉ងមានទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៣២ឆ្នាំ មកហើយ ដោយភាគីអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងមកកាន់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ប្រមាណជាង ២០០០គីឡូម៉ែត្រ, ក្នុងនោះមានស្ពានបេតុងចំនួន ៩២, បូករួមទាំង ស្រះ និងអណ្តូងទឹកជាច្រើនផងដែរ។

បន្ថែមពីនេះ លោកថា តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានរបស់ KfW, AFD និង EU ផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រមាណជាង ៥២០គីឡូម៉ែត្រទៀត ក៏នឹងត្រូវបានស្ថាបនាផងដែរ។

ជុំវិញរឿងនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអរគុណអាល្លឺម៉ង់ និងស្នើដល់ដៃគូអភិវឌ្ឍន៍ ពិសេសអាល្លឺម៉ង់ ពិនិត្យលើលទ្ធភាពក្នុងការគាំទ្រលើការស្នើគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជាជំហាន២ ដោយបញ្ចូលការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការគាំទ្រលើប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងបញ្ជីសារពើភណ្ឌផ្លូវជនបទ, ក៏ដូចជាថវិកាបដិភាគសម្រាប់ថែទាំផ្លូវក្រោយបញ្ចប់គម្រោងជាដើម។

តាមរយៈជំនួបខាងលើក្នុងន័យនេះ ស្ថានទូតអាល្លឺម៉ង់ ក៏អះអាងថា រដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហគមន៍ អឺរ៉ុប នៅតែបន្តគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]