ទីក្រុងនិងស្រុករបស់កម្ពុជាចំនួន៥ ជាប់ជាទីក្រុងដែលមាននិរន្តរភាពបរិស្ថានប្រចាំអាស៊ាន ឆ្នាំ២០២៥
ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់កម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត
និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតប្រចាំឆ្នាំ២០២៥។
នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
ប្រភពខាងលើ បានឱ្យដឹងថា ទីក្រុងនិងស្រុករបស់កម្ពុជាចំនួន៥ ដែលបានជាប់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ប្រចាំឆ្នាំ២០២៥ រួមមាន៖
១.ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥។
២.ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា។
៣.ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។
៤.ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាត។និង
៥. ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។
គួរបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសសមាជិក តំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមពិធីនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលទីក្រុងនិងទីប្រជុំជនរបស់កម្ពុជាមានភាពស្អាត និងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ ដែលឆ្លុះបញ្ចាំងនូវការដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការទទួលស្គាល់ទីក្រុង និងស្រុកក្នុងប្រទេសកម្ពុជាទាំងនេះ មិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំផុសគំនិតសម្រាប់ការបន្តធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពទីក្រុងនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ៕

