ចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ
ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើការវិនិយោគគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែកឱ្យកាន់តែមានសក្តានុពល។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Wang Huan តំណាងក្រុមហ៊ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនខាងលើ បានរាយការណ៍អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើសុំអនុសាសន៍ពីក្រសួង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងគម្រោងសំខាន់ៗមួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានបង្ហាញការចាប់អារម្មណ៍ និងមានគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែកផងដែរ។
ជាការឆ្លើយ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន ដែលបានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិស័យអាទិភាព ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តម ក៏បានគាំទ្រក្រុមហ៊ុនឱ្យបន្តចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាជាមួយគោលនយោបាយលើកទឹកចិត្ត ដោយផ្តោតលើតំបន់ដែលមានសក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍទេសចរណ៍តាមខេត្តជាប់ដងព្រែក សហគមន៍ លើកកម្ពស់ជីវភាពប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើក្រុមហ៊ុន ទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តាមខេត្តជាប់ដងព្រែកបន្ថែមទៀត។
ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោនេះដែរ ក្រសួងសាធារណការ ថា បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជីកជាផ្លូវការ នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬយ៉ាងយូរដើមខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខផងដែរ៕ (អានបន្ថែម)
- Video Advertisement -