តើអ្វីទៅជា Bentley Tech Summit ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?
ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ការវិនិយោគជាប្រវត្តិសាស្ត្រក្នុងទឹកប្រាក់ ៥០០ ពាន់លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ខ្លួន ក្រុមហ៊ុន Bentley Systems កាលពីដើលខែធ្នូកន្លងមកនេះ បានរៀបចំសន្និសីទបច្ចេកវិទ្យាប្រចាំឆ្នាំ ឬហៅថា Bentley Tech Summit លើកទីពីររបស់ខ្លួននៅចំកណ្តាលទីក្រុងប៊ែរឡាំង។
ព្រឹត្តិការណ៍នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ក្រុមហ៊ុន ដោយផ្លាស់ប្តូរពីការបណ្តុះបណ្តាលវិស្វករបែបធម្មតាៗ ទៅជាការបង្កើត “សហគមន៍អ្នកបច្ចេកវិទ្យា” ពោលគឺការប្រមូលផ្ដុំអ្នកប្រើប្រាស់កម្មវិធីឌីជីថលរបស់ Bentley ពីជុំវិញពិភពលោកឱ្យមកចែករំលែកពីវិធីប្រើប្រាស់ ពិសេសបទពិសោធក្នុងការអនុវត្តការងារជាក់ស្ដែង។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះក្នុងកម្មវិធី Bentley Talks ជាមួយលោក Tomas Kellner លោក Andy Rahden ដែលជាអនុប្រធានផ្នែក Solutions Engineering & Services បានបញ្ជាក់ថា សន្និសីទនេះមិនមែនគ្រាន់តែជាការជួបជុំផ្ទៃក្នុងទៀតនោះទេ តែវាមានចូលរួមពីក្រុមការងារវិស្វកម្ម សេវាកម្ម និងផ្នែកគាំទ្រ ជាច្រើនដើម្បីរួមគ្នាបង្កើតដំណោះស្រាយថ្មីៗ។
ចំណុចសំខាន់ៗពីសន្និសីទ Bentley Tech Summit
លោក Andy Rahden ថា កាលពីឆ្នាំមុន ការផ្តោតសំខាន់គឺទៅលើរបៀបប្រើប្រាស់កម្មវិធី ប៉ុន្តែនៅឆ្នាំនេះ យើងផ្ដោតលើការចែករំលែកបទពិសោធន៍ទាក់ទងលំហូរការងារជាក់ស្តែង។ គោលដៅគឺដើម្បីដោះស្រាយបញ្ហាស្មុគស្មាញប្រចាំថ្ងៃដែលក្រុមហ៊ុននានាជួបប្រទះផ្ទាល់នៅកន្លែងការដ្ឋាន។
លោកបន្តទៀតថា ភាពពិសេសមួយទៀតរបស់ឆ្នាំនេះគឺ អតិថិជនមិនត្រឹមតែមកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺអ្នកដឹកនាំវគ្គបណ្តុះបណ្តាលដើម្បីបង្ហាញដល់ក្រុមការងារផ្ទៃក្នុងរបស់ Bentley អំពីរបៀបពួកគេប្រើប្រាស់បច្ចេកវិទ្យាជាក់ស្តែង។ ចំណុចនេះនឹងជួយឱ្យយើងច្នៃប្រឌិតកម្មវិធីបានកាន់តែល្អនៅពេលអនាគត។
លោក Rahden ក៏បានបញ្ជាក់ផងដែរថា គោលដៅចុងក្រោយនៃកម្មវិធីបច្ចេកវិទ្យានេះ គឺដើម្បីកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចាប់ពីផ្លូវថ្នល់ដែលពួកគេបើកបរ រហូតដល់ផ្លូវដើរដែលពួកគេប្រើប្រាស់រៀងរាល់ព្រឹក ពោលគឺគ្រប់ហេដ្ឋារចនាសម្ព័ន្ធអាចធ្វើឱ្យប្រសើរបានដោយប្រើបច្ចេកវិទ្យា និងការសហការដែលមានប្រសិទ្ធភាព។
សម្លឹងទៅមុខ ចក្ខុវិស័យរបស់លោក Rahden គឺការជំរុញឱ្យមាន “សហគមន៍នៃការអនុវត្ត” ជាអចិន្ត្រៃយ៍។
លោក Rahden បានពន្យល់ថា៖ “ព្រឹត្តិការណ៍គ្រាន់តែជាការជួបជុំមួយពេល ប៉ុន្តែសហគមន៍នៃការអនុវត្ត និងការស្គាល់គ្នាទៅវិញទៅមករវាងអ្នកដែលកំពុងធ្វើការក្នុងឧស្សាហកម្មនេះ… គឺជាអ្វីដែលពិសេសបំផុត។ យើងចង់បង្កើតសហគមន៍អ្នកបច្ចេកវិទ្យា ដែលអាចជះឥទ្ធិពលដល់អ្នកដទៃឱ្យមានការរីកចម្រើនជាមួយនឹងបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់។”
តាមរយៈការផ្សារភ្ជាប់គម្លាតរវាងអ្នកបង្កើតកម្មវិធី និងអ្នកដែលប្រើប្រាស់កម្មវិធីនៅជុំវិញពិភពលោក ក្រុមហ៊ុន Bentley កំពុងជំរុញឱ្យពិភពលោកសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែធន់ និងមានប្រសិទ្ធភាព។
- Video Advertisement -