ខេត្តកំពង់ធំនឹងមានសួនកសិ-ឧស្សាហកម្មដ៏ធំ ទំហំ ៣០០ហិកតា ឆាប់ៗខាងមុខនេះ

រដ្ឋបាលខេត្ត និងក្រុមហ៊ុន  Royal Group Phnom Penh SEZ Plc. ចុះកិច្ចព្រមព្រៀងសិក្សាពីមជ្ឈមណ្ឌលកែច្នៃទំនិញកសិកម្មចម្រុះទំហំ ៣០០ ហិកតា

នាពេលឆាប់ខាងមុខនេះ សួនកសិ-ឧស្សាហកម្ម ទំហំ ៣០០ ហិកតា នឹងមានវត្តមាននៅលើទឹកដីខេត្តកំពង់ធំ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនេះរួចរាល់ហើយ។

នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ៧ មករា ឆ្នាំ ២០២៦ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់ការកែឆ្នៃកសិផលនានា ពិសេសកែឆ្នៃគ្រាប់ស្វាយចន្ទី នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានឱ្យដឹងថា គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ជាមួយគ្នានេះ លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន Royal Group បានលើកឡើងថា បំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត លើកកម្ពស់សេដ្ឋកិច្ចខេត្ត បន្ទាប់ពីស្វែងយល់សក្តានុពលរបស់ខេត្តកំពង់ធំ។

សូមជម្រាបថា តាមរយៈពិធីចុះ MoU នេះដែរ ឯកឧត្តម ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចាត់ទុកថា ការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផលនានានៅក្នុងខេត្តកំពង់ធំ មុននឹងនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ថែមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]