Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ក្នុង វេទិកាដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនជំនាញផ្នែកកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានបង្ហាញបច្ចេកវិទ្យាសំខាន់ ២ គឺ AI និង Digital Twin នៅក្នុងវេទិកាដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក ដែលបច្ចេកវិទ្យានឹងក្លាយជានិន្នាការដែលជះឥទ្ធិពលខ្លាំងបំផុតក្នុងវិស័យសំណង់នៅពេលអនាគត។
ក្នុងវេទិកាដឹកជញ្ជូននេះធ្វើឡើងនៅរដ្ឋធានីនៃសហរដ្ឋអាមេរិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកបង្កើតគោលនយោបាយ និងវិស្វករមកពីជុំវិញពិភពលោក ចំនួន ១២ ០០០ នាក់។
ចំណុចស្នូលនៃកិច្ចពិភាក្សានេះទីមួយគឺ “ទិន្នន័យតភ្ជាប់” (Connected Data)។ និន្នាការនេះ មិនមែនគ្រាន់តែជាការនិយាយឱ្យពិរោះស្ដាប់នោះ ប៉ុន្តែវាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ថែទាំផ្លូវថ្នល់ និងស្ពានដែលចាស់ៗនៅជុំវិញពិភពលោក។
ដោយសារស្ថាប័នដឹកជញ្ជូនកំពុងប្រឈមមុខនឹងកង្វះបុគ្គលិក និងថវិកាមានកម្រិត ក្រុមហ៊ុន Bentley បានបង្ហាញនូវការច្នៃប្រឌិតថ្មីដែលត្រូវបានរចនាឡើងដើម្បីធ្វើការងារឱ្យបានច្រើនដោយប្រើប្រាស់ធនធានតិចបំផុត។
ចំណុចលេចធ្លោបំផុតនៅក្នុងវេទិកានេះគឺកម្មវិធី Blyncsy ដែលជាដំណោះស្រាយវិភាគផ្លូវថ្នល់របស់ Bentley។
បច្ចេកវិទ្យានេះប្រែក្លាយយានយន្តទូទៅឱ្យទៅជាអ្នកត្រួតពិនិត្យចល័ត តាមរយៈការប្រមូលរូបភាពពីកាមេរ៉ាជាប់រថយន្ត (Dash-cam) ដើម្បីតាមដានស្ថានភាពផ្លូវ ដោយប្រើប្រាស់ AI និងការរៀនរបស់ម៉ាស៊ីន (Machine Learning) ដើម្បីស្វែកកំហូចនានា។
លើសពីនេះ បច្ចេកវិទ្យានេះគឺមានអត្ថប្រយោជន៍ណាស់ ពិសេសនៅតំបន់ដាច់ស្រយាលដែលជារឿយៗត្រូវបានមើលរំលងដោយការត្រួតពិនិត្យដោយផ្ទាល់។
បច្ចេកវិទ្យានេះកំពុងត្រូវបានប្រើរួចមកហើយដោយក្រសួងដឹកជញ្ជូនហាវ៉ៃ (Hawai‘i Department of Transportation)។ កម្មវិធីត្រូវបានប្រើដើម្បីស្កេនផ្លូវក្នុងរដ្ឋ ហើយវិភាគរូបភាពដើម្បីស្វែករកកំហូចនានារបស់ផ្លូវ។ (អានបន្ថែម)
រីឯចំណុចសំខាន់មួយទៀត គឺ Digital Twins ដែលជាគំរូនិម្មិតនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ បច្ចេកវិទ្យាគឺដូចជាយើងមានគំរូប្លង់ដែលរស់រវើកមួយនៅក្នុងដៃ ដែលគ្រប់យ៉ាងនៅការដ្ឋាន ឬគ្រប់ការងារនៃគ្រប់ផ្នែកគឺអាចមើលបានក្នុងកម្មវិធីតែមួយ។ គំរូនេះជួយឱ្យការងារគ្រប់ផ្នែកធ្វើទៅដោយរលូន ខណៈក៏មានតម្លាភាពខ្ពស់។
ការប្រើបច្ចេកវិទ្យទាំងនេះ នឹងជួយឱ្យស្ថាប័នពាក់ព័ន្ធចំណេញពេល និងថវិកា ដោយអាចរកឃើញហានិភ័យមុនពេលដែលវាកើតឡើង ហើយដោះស្រាយទាន់ពេល ដែលក៏ជួយបង្កើនសុវត្ថិភាពសម្រាប់អ្នកដំណើររាប់លាននាក់ផងដែរ។
- Video Advertisement -