អារ៉ាប៊ីសាអូឌីតឈ្នះពាន YII ដោយប្រើបច្ចេកវិទ្យាថ្មីសង្គ្រោះឃ្លាំងខ្នាតយក្សពីការរលំ
ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត GeoStruxer បានឈ្នះពានរង្វាន់ YII Envision Award សម្រាប់ការសង្គ្រោះឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិខ្នាតយក្សទំហំ ១២ ០០០ ម៉ែត្រការ៉េ ពីការដួលរលំលិចចូលក្នុងដី តាមរយៈបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ២។
ឃ្លាំងនេះគឺជាប្រភពសន្តិសុខស្បៀងសម្រាប់ប្រជាជន ១.៥ លាននាក់ ប៉ុន្តែវាបានប្រឈមនឹងការស្រុតចុះដោយសារស្ថានភាពដី salt dome ដែលមិនមានស្ថិរភាព។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនសម្រេចចិត្តប្រើប្រាស់កម្មវិធី ២ របស់ក្រុមហ៊ុន Bentley។ តើកម្មវិធីទាំង ២ នោះមានអ្វីខ្លះ ហើយមានអត្ថប្រយោជន៍ដូចម្ដេច?
កម្មវិធី PLAXIS 3D
ជាទូទៅ គំរូប្លង់វិស្វកម្មធម្មតាមិនអាចពន្យល់ពីមូលហេតុនៃការស្រុតដីយ៉ាងធ្ងន់ធ្ងររហូតដល់ ១៧០ មីលីម៉ែត្របានឡើយ។ ដូច្នេះ GeoStruxer បានដោះស្រាយបញ្ហានេះដោយប្រើប្រាស់កម្មវិធី PLAXIS 3D ដើម្បីបង្កើតគំរូ Digital Twin ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ AI និងទិន្នន័យផ្កាយរណប InSAR។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករកំណត់ប៉ារ៉ាម៉ែត្រដីក្នុងប្រព័ន្ធឌីជីថល ឱ្យស្របទៅនឹងចលនាដីជាក់ស្តែងបានយ៉ាងល្អឥតខ្ចោះ។
នៅក្នុងប្រព័ន្ធនេះ ពួកគេបានប្រើប្រាស់គំរូ Norton Double Power Creep (N2PC) ដ៏ស្មុគស្មាញ ដើម្បីសាកល្បងពីសេណារីយ៉ូថាដីនឹងប្រែប្រួលយ៉ាងក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ដើម្បីធានាថាឃ្លាំងនៅតែមានសុវត្ថិភាព និងមានភាពធន់នឹងការរញ្ជួយដី។
កម្មវិធី RAM Concept
បន្ទាប់ពីយល់ច្បាស់ពីស្ថានភាពដី ទិន្នន័យទាំងនោះត្រូវបានបញ្ចូលទៅក្នុងកម្មវិធី RAM Concept ដើម្បីរចនាគ្រឹះប្រភេទ “Floating Foundation” (គ្រឹះអណ្តែត)។ កម្មវិធីនេះបានជួយបង្កើនប្រសិទ្ធភាពដល់ការរចនាបន្ទះបេតុង (post-tensioned concrete slab) ដែលអាចធ្វើការស៊ីចង្វាក់គ្នាជាមួយដី ជាជាងការប្រឆាំងនឹងចរន្តដី។
តាមរយៈការកំណត់ចំណុចដែលត្រូវការពង្រឹងឱ្យបានច្បាស់លាស់ GeoStruxer បានកាត់បន្ថយចំនួនបង្គោលគ្រឹះក្រោមដីពី ២ ៧០០ ដើម មកនៅត្រឹមតែ ៧៧៩ ដើមប៉ុណ្ណោះ ពោលគឺកាត់បន្ថយបាន ៧០%។
ជារួម លំហូរការងាររួមគ្នារបស់ Bentley បានពន្លឿនវដ្តនៃការរចនាបាន ៣៥% និងសន្សំសំចៃម៉ោងការងារវិស្វកម្មបានជាង ៩០០ ម៉ោង។ វិធីសាស្ត្រនេះក៏បានសន្សំសំចៃដែកអស់ ១ ២០០ តោន និងជៀសវាងការបំភាយឧស្ម័ន CO2 ចំនួន ២ ០០០ តោន។
បច្ចុប្បន្ន គម្រោងនេះបានក្លាយជាគំរូកម្រិតពិភពលោកដែលបង្ហាញថាការប្រើប្រាស់កម្មវិធីឌីជីថលគឺដំណោះស្រាយយ៉ាងសំខាន់សម្រាប់វិស្វកម្មភូមិសាស្ត្រដ៏ស្មុគស្មាញ។

- Video Advertisement -