ACF អនុម័តយល់ព្រមលើសមាជិកភាពរបស់ប្រទេសមីយ៉ាន់ម៉ា

បន្ទាប់​ពី​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការចរចា​អូសបន្លាយ​មកនេះ សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន (ACF) ទី​បំផុត​ទៅ​បាន​ទទួល​ស្គាល់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​សមាជិក​នៃ​សមាគម​ថ្នាក់​តំបន់​មួយ​នេះ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី ៤១ របស់ខ្លួន​។​

​នៅក្នុង​កិច្ចប្រជុំ​ដែល​ត្រូវបាន​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ៣ ខែមិថុនា ឆ្នាំ ២០១៦ ការជួប​ប្រជុំ​នេះ​បាន​ទទួលស្គាល់​សមាគម​សហគ្រិន​សំណង់​មី​យ៉ាន់​ម៉ា (MCEA) ដែល​តំណាងឱ្យ​ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​សមាជិក​ទី​ប្រាំបី​របស់ខ្លួន។​

MCEA ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ និង​បាន​ក្លាយ​ជា​សមាគម​សង្គម​ស៊ីវិល​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ សមាគម​នេះ​បង្កើតឡើង​ដំបូង​ដោយ​មាន​សមាជិក ១៥០​នាក់ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ដល់​ចំនួន ១៦៥០ នាពេល​បច្ចុប្បន្ន​នេះ​។​

​សមាគម​នេះ​បាន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍ​ការសាងសង់​នៅ​ទូទាំង​ប្រទេស​មី​យ៉ាន់​ម៉ា ចូលរួម​នៅក្នុង​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច សង្គម និង​ស៊ីវិល ព្រមទាំង​ធ្វើការ​ដើម្បី​ធានា​ភាពជា​ម្ចាស់​របស់​ប្រជាជន​លើ​កន្លែង​លំនៅដ្ឋាន​។​

​ប្រទេស​ឡាវ ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការចូលរួម ACF ផងដែរ ប៉ុន្តែ​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី ៤១ ក្នុងនាម​ជា​សមាជិក​សង្កេតការណ៍​ប៉ុណ្ណោះ​។ ដោយសារ​ថា​សមាគម​អ្នក​សាងសង់​ថៃ (TCA) ត្រូវ​បាន​ចាត់​ឱ្យ​នាំ​យក​ប្រទេស​ឡាវ​ចូលក្នុង​សហព័ន្ធ​នេះ ដូចនេះ​មាន​ការ​រំពឹងថា​ប្រទេស​ដែល​មិន​ជាប់​សមុទ្រ​មួយ​នេះ​នឹង​ក្លាយ​ជា​សមាជិក​ទី​ប្រាំបួន បន្ទាប់ពី​មាន​ការបង្កើត​នូវ​សមាគម​អ្នក​សាងសង់​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដូច​ការរំពឹងទុក​។

​ចំពោះ​សមាជិកភាព​របស់​ប្រទេស​ប្រ៊ុយណេ​ដា​រ៉ូ​សាឡឹម ហាក់ដូចជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ព្រោះថា​ប្រទេស​នេះ​មិន​មាន​សមាគម​អ្នក​សាងសង់ ហើយ​មិន​ទាន់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការចូលរួម​ក្នុង​សហព័ន្ធ​នេះ​នៅឡើយ​ទេ។

​កិច្ចប្រជុំ​ក្រុមប្រឹក្សា ដែល​ត្រូវបាន​រៀបចំ​រួមគ្នា​ដោយ ACF និង​សមាគម​អ្នក​សាងសង់​ថៃ បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​នានា​ដែល​កើតឡើង​នៅក្នុង​តំបន់​នេះ ។​

​ដំបូង​ពួកគេ​បាន​បោះ​មួយ​ជំហាន​យ៉ាង​ធំ​ឆ្ពោះទៅ​រក​កម្មវិធី ACSTST ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បណ្តុះបណ្តាល​កម្មករសំណង់​នៅ​តំបន់​អាស៊ាន​ដើម្បី​មាន​ស្តង់ដារ​តែមួយ​។ សមាគម​អ្នក​សាងសង់​សិង្ហ​បុរី​លីមីត​ធី​ត (SCAL) បាន​រាយការណ៍​ថា​ខ្លួន​បាន​រកឃើញ​អ្នកពិគ្រោះ​យោបល់​ដើម្បី​អភិវឌ្ឍ​បណ្តុះ​បណ្តា​គ្រូ​បង្គោល និង​មេ​រៀនទី​១ ដែល​អាច​នឹង​ត្រូវ​ចំណា​យ ១៥០០០ ដុល្លារ​។​

​បន្ទាប់​ពី​ការពិភាក្សា​ជាច្រើន ប្រទេស​ចំនួន​ប្រាំមួយ​បានបញ្ជាក់​ថា ពួកគេ​នឹង​ដាក់​ចេញ​ឲ្យមាន​នូវ​កម្មវិធី​បណ្តុះបណ្តា​ល ដោយ​ចំណាយ​ថវិកា​ផ្ទាល់​របស់​ខ្លួន ដែល​ក្នុងនោះ​មានដូចជា PCA on Formwork, SCAL on Reinforcement Bar, MBAM on Structural Steel, VACC on Tiling, ICA on Plastering និង TCA for Brick Laying​។ យ៉ាងណាក៏ដោយ សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) មិនទាន់​បាន​ស្នើឡើង​នូវ​កម្មវិធី​បណ្តុះបណ្តាល​របស់​ខ្លួន​នៅឡើយ​ទេ។​

ACF បាន​ជំរុញ​ឱ្យ​បង្កើន​ល្បឿន​នៃ​កម្ម​វិធី​ដើម្បី​ឲ្យមាន​ភាព​ស្រុះស្រួល​នូវ​ជំនាញ​ដែល​ទាក់ទង​នឹង​ការសាងសង់​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​នេះ និង​បាន​ស្នើសុំ​ឱ្យ​សមាជិក​អនុវត្ត​នូវ​វគ្គ​សិក្សា ហើយ​ដាក់ជូន ACF នូវ​កម្មវិធី​ពិនិត្យឡើងវិញ និង​មេរៀន ដើម្បី​ធ្វើការ​ពិនិត្យ និង​អនុម័ត​។​

​សៀវភៅ​បញ្ជី ACF ដែល​បាន​ស្នើឡើង និង​ដែល​រៀប​បញ្ជី​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ជាមួយ​ប្រទេស​ជា​សមាជិក​នីមួយៗ​របស់ ACF នៅក្នុង​អាស៊ាន គឺ​កំពុងតែ​មាន​ដំណើរការ​បាន​យ៉ាង​ល្អ​។ SCAL បាន​បង្កើតឲ្យមាន​អ្នក​ផ្សព្វផ្សាយ​រួចទៅហើយ និង​បាន​ស្នើសុំ​ឱ្យ​សមាជិក​ទាំងអស់​ដាក់ជូន​ខ្លួន​នូវ​ព័ត៌មាន​ទូទៅ​របស់​សមាគម​របស់​ពួកគេ សម្រាប់​សៀវភៅបញ្ជី ACF នៅ​ចុងខែ មិថុនា ឆ្នាំ 2016 និង​បង្ហាញ​ចំនួន​ច្បាប់​ចម្លង​ដែល​ពួកគេ​បាន​ទាមទារ​ឱ្យមាន​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក៏​បាន​ប្រកាស​ផងដែរ​ថា​កិច្ចប្រជុំ​លើក​ទី ៤២ របស់ ACF នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំនេះ នៅ​ក្រុង​ណៃពី​ដោ ប្រទេស​មី​យ៉ាន់​ម៉ា។

​នៅក្នុង​ក្របខណ្ឌ​ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សិក្ខាសាលា​ពិសេស​មួយ​ត្រូវបាន​រៀបចំ​ឡើង​ផងដែរ​ក្រោម​ប្រធានបទ “​ការវិភាគ​ប្រៀបធៀប​អំពី​របៀប​ដែល​ប្រទេស​នីមួយៗ​ធ្វើ​បទ​ប្បញ្ញត្តិ​អំពី​ធុរកិច្ច​សំណង់​” ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​បណ្ឌិត Ponn Virulrak ដែល​បាន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ថៃ​ដើម្បី​ធ្វើការ​សិក្សា​អំពី​បទបញ្ញត្តិ​ច្បាប់​លើ​ធុរកិច្ច​សំណង់​នៅក្នុង​ប្រទេស​អាស៊ាន​ទាំងអស់។​

​ប្រធាន ACF លោក Ng Yek Meng បាន​ទទួលស្គាល់ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ខកខាន​ចំពោះ​កាលបរិច្ឆេទ​កំណត់​របស់​ខ្លួន​សម្រាប់​ការធ្វើសមាហរណកម្ម​ពេញលេញ និង​ជឿជាក់​ថា ACF គឺជា​វេទិកា​សំខាន់​មួយ​ដើម្បី​ជំរុញ​សមាហរណកម្ម​តំបន់។​

​លោក​ប្រធាន ACF ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា “​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ឬ​អត់​នោះ ACF នៅតែ​ជា​វេទិកា​សម្រាប់​ពួកយើង​ធ្វើការ​ចែករំលែក និង​រៀន​ពី​គ្នា​ទៅវិញទៅមក​។ យើង​ត្រូវ​បន្ត​រើសយក​កា​រចនា និង​បច្ចេកវិទ្យា​សាងសង់​ថ្មីៗ ដើម្បី​បង្កើន​ផលិតភាព​”​។​

​លោក Ng បាន​បន្ត​លើកឡើង​ថា ដើម្បី​ការពារ​បរិស្ថាន សមាជិក​ទាំងអស់​គួរតែ​ចូលរួម​ជាមួយនឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក ដើម្បី​អនុម័ត​វិធីសាស្ត្រ​សាងសង់​ដែល​កាន់តែ​មាន​លក្ខណៈ​បៃតង និង​និរន្តរភាព​ច្រើនឡើង ដើម្បី​កសាង និង​អភិវឌ្ឍន៍​ទីក្រុង​របស់​យើង​។ លោក​បាន​ស្នើសុំ​ឲ្យមាន​កិច្ចសហប្រតិបត្តិកា​រ​កា​ន់​តែ​ជិតស្និទ្ធ ដើម្បី​រៀបចំ​ការតាំងពិព័រណ៍ សិក្ខាសាលា និង​សន្និសីទ​ដែល​ពាក់ព័ន្ធ​រួមគ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​សមាជិក​ទាំងអស់​។​

​សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ ១៩៨៥ និង​បាន​រៀបចំ​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​ប្រចាំឆ្នាំ​ពីរ​ដង​សម្រាប់​រយៈពេល ៣១ ឆ្នាំ​ជាប់​គ្នា ដែល​សមាជិក​ក្រុមប្រឹក្សា​ពិភាក្សា​អំពី​បញ្ហា​ធុរកិច្ច​ដែល​កើតឡើង​នៅក្នុង​ឧស្សាហកម្ម​សំណង់​អាស៊ាន។

​សមាគម​អ្នក​សាងសង់​ទាំង​ប្រាំបី​ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ឯកជន​រកស៊ី​ក្នុង​ធុរកិច្ច​សំណង់​នៅក្នុង​អាស៊ាន​រួមមាន ៖ សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) សមាគម​អ្នក​សាងសង់​ឥណ្ឌូនេស៊ី (ICA) សមាគម​គ្រប់គ្រង​អ្នក​សាងសង់​ម៉ាឡេស៊ី (MBAM) សមាគម​អ្នក​សាងសង់​ហ្វីលីពីន (PCA) សមាគម​អ្នក​សាងសង់​សិង្ហ​បុរី​លីមីត​ធី​ត ( SCAL) សមាគម​អ្នក​សាងសង់​ថៃ (TCA) សមាគម​អ្នក​សាងសង់​វៀតណាម (VACC), និង​សមាគម​សហគ្រិន​សំណង់​មី​យ៉ាន់​ម៉ា (MCEA)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]

ជប៉ុន​ជួយជំរុញ​ការ​អភិវឌ្ឍសង្គមនិង​សេដ្ឋកិច្ចកម្ពុជា តាមរយៈកញ្ចប់​ជំនួយ​ជិត ​៣​លាន​ដុល្លារ

ក្នុង​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ការ​អ […]

ត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង​ ៦ពាន់ស្ថាប័ន

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ  និងបណ្តុះ […]

វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ

​វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិត […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អ […]