ADB និង AFD ផ្តល់ថវិកាជាង ៣៨០លានដុល្លារជាផ្លូវការ អភិវឌ្ឍវិស័យធំៗ៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៣៨១.៤៥ លានដុល្លារអាមេរិកជាផ្លូវការដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន៦។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ បានផ្តល់ជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុលា្លរអាមេរិ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលផងដែរ។
ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍគម្រោង និងកម្មវិធីចំនួន ០៦រួមមាន៖
- កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល៖ ក្នុងគោលបំណងគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឱ្យក្លាយជាសេដ្ឋកិច្ចបៃតង និងកាត់បន្ថយការបញ្ចេញកាបូន។ (អានបន្ថែម)
- គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព៖ មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ។ (អានបន្ថែម)
- គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ៖ មានគោលបំណង ០២ រួមាន ទី១.លើកកម្ពស់ផលិតភាព គុណភាព ពាណិជ្ជកម្ម ពិពិតកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបស្សសត្វស្រប និងទី២.លើកកម្ពស់សុខភាពបសុសត្វ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈបរិស្ថាន។ (អានបន្ថែម)
- គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ៖ មានគោលបំណងលើកកម្ពស់ការទទួលបាន សេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន។ (អានបន្ថែម)
- កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង៖ មានគោលបំណងជំរុញប្រសិទ្ធភាព ពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា។ (អានបន្ថែម)
- គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា៖ មានគោលបំណងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ ទី១ ការពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្ដង់ដារ និងប្រកបដោយសមធម៌, ទី២.ការពង្រឹងគុណភាព នៃការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និង ទី៣ ការលើកកម្ពស់ស្ថាប័នក្នុងការធ្វើផែនការ ការគ្រប់គ្រង និងការបង្រៀន។
គួរបញ្ជាក់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ប៊ីលានដុល្លារអាមរិក ដែលក្នុងនោះឥណទានសម្បទា មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលានដុល្លារអាមេរិកសម្រាប់អនុវត្តតម្រោង កម្មវិធីចំនួន ១៣០ និងហិរញ្ញ-ប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨.៤៥លានដុល្លារអាមរិកសម្រាប់អនុវត្តគម្រោងកម្មវិធីចំនួន៦៩។
- Video Advertisement -