ជប៉ុនសម្រេចផ្តល់ ៣០លានដុល្លារបន្ថែម ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅស្វាយរៀង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀង ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។ បើតាមការប្រកាសរបស់ទីភ្នាក់ងារជប៉ុន JICA បានឱ្យដឹងថា វិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៨៦ លានយ៉េន (ជាង ៣០ លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ កន្លងមក  ជំនួយនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម តាកេ ហ្ស៉ឺនសឹកិ រដ្ឋលេខាធិកានៃក្រសួងការបរទេសជប៉ុន លើលិខិតប្តូរសារម្តងរួចមកហើយ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលមានលក្ខណះគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្តរយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គួររម្លឹកថា គម្រោងនេះមានគោលបំណងរក្សាឱ្យបាននូវស្ថិរភាពក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។ (អានបន្ថែម)

អាន​បន្ថែម

បន្ទាយមានជ័យត្រូវការថាមពលរហូតដល់ ១១៥គីឡូវ៉ុល ខណៈបច្ចុប្បន្នបានត្រឹមតែ ៣០គីឡូវ៉ុល

ខេត្តបន្ទាយមានជ័យ ត្រូវការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងខេត្តប្រមាណ ១១៥គីឡូវ៉ុល ខណៈខេត្តនេះ ផលិតបានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣​។ ឯកឧត្តមអភិបាល បានបន្ថែមឱ្យដឹងថា ក្នុងខេត្តមានអ្នកវិនិយោគផលិតថាមពលអគ្គិសនីតាមរយៈប្រព័ន្ធសូឡា បានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ ដោយនៅខ្វះជាង ៨០គីឡូវ៉ុលទៀតឯណោះ។ ឯកឧត្តមបានបន្តថា ចំពោះថាមពលដែលនៅខ្វះ រាជរដ្ឋាភិបាល បានបំពេញដោយសហការទិញថាមពលពីភាគីថៃ ដើម្បីប្រើប្រាស់សម្រាប់ ៣ខេត្តរួមមានបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ដោយឡែក ប្រភពមួយទៀត រដ្ឋយកថាមពលពីរាជធានីភ្នំពេញ​តាមរយៈអគ្គិសនីកម្ពុជាចូលខេត្តបន្ទាយមានជ័យនៅរដូវវស្សា។ បន្ថែមពីនេះ ឯកឧត្តមអភិបាល​ បានបញ្ជាក់ថា មកទល់ពេលនេះ មានភូមិចំនួន ៦គត់ក្នុងចំណោមភូមិ៦៥៨ មិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារជាភូមិដាច់ស្រយាល ហើយភូមិទាំង ៦នោះ ស្ថិតក្នុងស្រុកម៉ាឡៃ។

អាន​បន្ថែម

តើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុង​ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំង​នោះបានបញ្ជូនប្រាក់​បញ្ញើ​មកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗ​សរុបប្រមាណជា ២,៧ពាន់លានដុល្លារ។ ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្នុងវិស័យចលនទ្រព្យផងដែរ។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈថា ​ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ ១,៣លាននាក់នេះ។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១.២៣១.៥០៨នាក់ កូរ៉េខាងត្បូង ៤៩.៧៣៨នាក់ ជប៉ុនជាង ១៦.៥៦២នាក់ ម៉ាឡេស៊ីជាង ២២ ៦២១នាក់ សិង្ហបុរី ៨៥១នាក់ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់ ដែលបច្ចុប្បន្នពួកគាត់បានបញ្ជូលប្រាក់មកក្រុមគ្រួសារក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណជា ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទាក់ទងនិងថវិកាដ៏សន្ធឹកនេះដែរ លោកស្រី Grace Rachany Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក ក្នុងចំណោមពលករកូរ៉េចំនួន ៣០០នាក់ យ៉ាងហោចណាស់មានប្រមាណ ៨០% ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ហើយគ្រួសារពួកគាត់តែងតែធ្វើការបែងចែកសម្រាប់វិនិយោគទៅលើវិស័យអចលនទ្រព្យ សន្សំ […]

អាន​បន្ថែម

ខេត្តបន្ទាយមានជ័យរកចំណូលគយបានប្រមាណ ១,៥លានដុល្លារក្នុង១ថ្ងៃ

ខេត្តបន្ទាយមានជ័យរកចំណូលចូលជាតិតាមរយៈភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា បានជាមធ្យម ១,៥លានដុល្លារ ក្នុង១ថ្ងៃ ហើយខែខ្លះបានជាប់ចំណាប់ថ្នាក់លេខ១ជាខេត្តប្រមូលចំណូលគយច្រើនជាងគេថែមទៀតផង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខេត្តបន្ទាយមានជ័យ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើយើងពិនិត្យមើលតាម សាខាគយបានរាយការណ៍ នៅក្នុងខែខ្លះយើងចាញ់តែខេត្តព្រះសីហនុទេ។ ប៉ុន្តែខែខ្លះ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការរកចំណូលគយជូនជាតិ”។ ឯកឧត្តមបញ្ជាក់ទៀតថា ប្រសិទ្ធភាពនៃការប្រមូលចំណូលគយដ៏ច្រើនសន្ធឹកសន្ធាប់នេះចូលរួមចំណែក ដោយសារការរៀបចំច្រកចេញចូលផ្លូវការមួយ បូកផ្សំនឹងការចូលរួមបង់ពន្ធគយពីសំណាក់ប្រជាជន អាជីវករ និងអ្នកវិនិយោគ ដោយគិតជាមធ្យមខេត្តប្រមូលចំណូលពន្ធគយបានប្រមាណ ១ ទៅ ១,៥លានដុល្លារ។ ឯកឧត្តមបានបន្តថា ចំពោះការប្រមូលចំណូលពន្ធដារ ខេត្តបន្ទាយមានជ័យទទួលបានអតិរេកជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ ខេត្តបន្ទាយមានជ័យទទួលបានចំណូលពន្ធដារចំនួន ២៥ ពាន់លានរៀល៕  

អាន​បន្ថែម

មន្ទីរពេទ្យរដ្ឋដ៏ទំនើបដំបូងបំផុតក្នុងក្រុងភ្នំពេញ គ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះ

អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ នៅចុងខែឧសភាខាងមុខនេះ ខណៈពេលនេះ ការងារសាងសង់សម្រេចបានជាង ៩៨% បើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់។ គម្រោងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកម្ពស់ ១២ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០

រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងប្រមាណ ១,៧ភាគរយ ជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ទៀតថា បើតាមកំណើននៃតួលេខខាងលើបង្ហាញឱ្យដឹងថា ការរស់នៅតំបន់ទីក្រុងកំពុងកើនឡើងយ៉ាងលឿន ដែលនេះជាមូលហេតុនាំឱ្យមានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប នឹងរស់នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៣០។ ផ្អែកលើកំណើនលំនៅឋាន និងចំនួនប្រជាជនកើនឡើងដ៏ច្រើនសន្ធឹកនេះ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានចំនួន ៣៤% នៅក្នុងវិស័យអគារលំនៅឋាន ពោលគឺពី ១៧.៩៨១ GWh មកត្រឹមតែ ១១.៨២៦ GWh។ ការដាក់ចេញនូវប្រសិទ្ធភាពថាមពលនេះមានសារៈសំខាន់ណាស់ ដោយសារតែកំណើនអត្រាការរស់នៅក្នុងតំបន់ទីក្រុង និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ ហើយក៏មានតម្រូវការខ្ពស់លើការប្រើប្រាស់ឧបករណ៍ ឬបរិក្ខារអគ្គិសនី ជាច្រើន ដូចជា ទូទឹកកក ឬ ម៉ាស៊ីនត្រជាក់ បន្ថែមទៀតនាពេលអនាគតផងដែរ៕

អាន​បន្ថែម

អ្នកជំនាញផ្លូវថ្នល់ចិន នឹងចុះសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗ

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានដាក់លិខិតសុំចុះសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាបឆាប់ៗនេះ។ នេះយោងតាមលិខិតស្នើលេខ ១៣៣៥សក ទៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ មីនា ២០២៣។ តាមខ្លឹមសារលិខិតបានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)នឹងចាប់ផ្តើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់ឯកឧត្តមអភិបាលខេត្ត ជួយសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីអាចដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានរលូនផង។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសង់រោងចក្រទឹកស្អាតតម្លៃ ១១៥លានដុល្លារ នៅសៀមរាប សម្រេចបាន ៩៩% ហើយ

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាបតម្លៃ ១១៥លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ ខណៈរោងចក្រនេះ គ្រោងនឹងបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប នៅថ្ងៃទី២៧ មីនា ២០២៣។ លោក សៀក ប៉េងគៀង អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ លោកបន្តថា ចំពោះសំណង់រោងចក្រនាពេលបច្ចុប្បន្នសាងសង់បាន ៩៩ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែឧសភា ២០២៣នេះ។ គួរបញ្ចាក់ទៀតថា រោងចក្រមួយនេះនឹងធ្វើការបូមទឹកពីបឹងទន្លេសាប ដើម្បីផលិតជាទឹកស្អាតសម្រាប់ប្រើប្រាស់ ដែលពេលនេះរដ្ឋាករទឹកបានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្ររួចរាល់ហើយ។ គួរម្លឹកទៀតថា រោងកច្រផលិតទឹកស្អាតថ្មីនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ១១៥លានដុល្លារ ក្រោមជំនួយឥណទានរបស់អង្គការ JACA ។ បច្ចុប្បន្ន ខេត្ដសៀមរាបមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែង ដែល២កន្លែងទៀត អាចផលិតទឹកបានជាង ២ម៉ឺន ៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ បើរាប់ទំាងរោងចក្រថ្មីនៅសង្កាត់ជ្រាវផង អាចចែកចាយនិងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ និងមានសម្ថភាពផលិតទឹកស្អាតឱ្យបានគ្រប់តាមតម្រូវការនៅក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០។

អាន​បន្ថែម

គម្រោងសហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ សម្ពោធលក់ជាផ្លូវការហើយ

ក្រុមហ៊ុន Integ Capital បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតេយ្យភាពដោយលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ច័ន្ទឆាយា តំណាងឱ្យម្ចាស់គម្រោងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍដ៏ធំនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧ហិកតា ស្ថិតនៅ ភូមិរាម សង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយត្រឹមតែ ១,២គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះកំពុងសាងសង់។ ជំហានដំបូងម្ចាស់គម្រោងគ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះរួមមាន៖ ផ្លូវមេទំហំ ៣៧ម៉ែត្រ អ៊ុតកៅស៊ូ ព្រមជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែងជាច្រើន អមទៅដោយសួនច្បារ បង្គោលភ្លើងសូឡា – ប្រព័ន្ធលូទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងដើមឈើធំៗ ជាពិសេសមានចំណតឡានអមសងខាងផ្លូវ ដែលនឹងផ្ដល់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅលេងកម្សាន្តផងដែរ។ នាឱកាសនោះ លោក ជិន ច័ន្ទឆាយា បានលើកឡើងថា «គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម នឹងមានជាផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ រោងភាពយន្ត […]

អាន​បន្ថែម

ស្ពានថ្មីឆ្លងស្ទឹងសែន តម្លៃជាង១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

ស្ពានថ្មីឆ្លងស្ទឹងសែន “សំពៅត្រៃលោកត្រៃលក្ខណ៍” ដែលចំណាយថវិកាសាងសង់ ១,៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ស្ពានថ្មីនេះ ត្រូវបានសាងសង់ឡើងដោយវិស្វករខ្មែរ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ម៉ែត្រ គុណនឹង ៨.៨ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ បន្ថែមពីនេះ ស្ពានឆ្លងស្ទឹងសែនថ្មីនេះ បានតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាមួយសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋក្នុងតំបន់ មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ដោយមិនចាំបាច់ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងឆ្លងកាត់  ដែលចំណាយទាំងពេលវេលា និងថវិកា។

អាន​បន្ថែម

ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ

ស្ថានបេតុងថ្មី២កន្លែង ដែលមានប្រវែងសរុប១៨០ម៉ែត្រ ទទឹង២៨,៥ម៉ែត្រ ដែលគ្រោងចំណាយ ៥លានដុល្លារ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតេយ្យភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថាបនាឡើងដើម្បីសម្រួលចរាចរណ៍ និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត។ គួរបញ្ជាក់ថា គម្រោងស្ពានទី១ មានប្រវែង២០ម៉ែត្រគុណ២៨,៥ម៉ែត្រ និងស្ពានទី២ មានប្រវែង១៦០ម៉ែត្រគុណ ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន ២៤ខែ។ ឯកឧត្ដម ឃួង ស្រេង បាន​ឱ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ ស្ពានទាំងពីរនេះ នឹងតភ្ជាប់តួមហាវិថីអ្នកឧកញ៉មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូលដែល​ជាផ្លូវយុទ្ធសាស្ត្រ តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ ដែលនឹងធ្វើឱ្យទីក្រុង កាន់​តែមានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិត​ផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។ ស្ពានទាំងពីរស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ដែលរាជរដ្ឋាភិបាលបានសម្រេចកែលម្អតំបន់នេះ […]

អាន​បន្ថែម

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០%

គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ។ នេះបើតាមការចុះត្រួតពិនិត្យរបស់ក្រុមការងាររនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រុមការងារ បានចុះត្រួតពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទន្ទឹមនឹងផ្លូវជាតិលេខ៣១ ផងដែរ  ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។ គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ គ្រោងចំណាយជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)

អាន​បន្ថែម