រាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើអត្តសញ្ញាញប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលខ្មែរនៅក្រៅប្រទេស

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីងាយស្រួលប្រកបអាជីវកម្ម វិនិយោគ និងទិញលក់អចលនទ្រព្យនៅកម្ពុជា។​ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអឺរ៉ុប កាលពីថ្ងៃទី២១ មានប្រសាសន៍ថា ឯកសារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នឹងធ្វើឱ្យពួកគាត់មានភាពងាយស្រួល ក្នុងការទិញផ្ទះ ដី និងប្រកបអាជីវកម្មនៅប្រទេសកម្ពុជាបាន។​ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “វាជារឿងចាំបាច់ណាស់ ព្រោះបងប្អូនខ្លះ ដោយសារអត់មានអត្តសញ្ញាណប័ណ្ណ ពេលទៅទិញដី នៅក្នុងស្រុក មិនអាចធ្វើកម្មសិទ្ធិដោយដាក់ឈ្មោះខ្លួនឯងផ្ទាល់បាន ទើបត្រូវពឹងពាក់បងប្អូន ឬអ្នកដទៃដាក់ឈ្មោះជំនួស”​។​ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ការងារធ្វើអត្តសញ្ញាណបណ្ណនេះ គឺក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ជាអ្នកទទួលបន្ទុក​។

អាន​បន្ថែម

SSEZ សម្រេចបរិមាណការនាំចេញ-ចូល កើនឡើង ៥០ភាគរយ ក្នងរយៈពេលបួនខែ

តម្លៃនៃការនាំចេញ-ចូលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការអភិវឌ្ឍន៍ និងសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស។​ របាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ បង្ហាញថា បរិមាណនាំចូល និងនាំចេញ មានតម្លៃ ៩៣០លានដុល្លារអាមេរិក ក្នុងរយៈពេលបួនខែឆ្នាំនេះ គឺបានកើនឡើង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនលើកឡើងថា ការកើនឡើងនៃបរិមាណនាំចេញ-ចូល បានបន្តរក្សាសន្ទុះនិងស្ថិរភាពនៃការអភិវឌ្ឍន៍។ បន្ថែមពីលើនេះ មិនត្រឹមតែធ្វើឱ្យមានស្ថិរភាពការងាររបស់និយោជិកប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលសន្ទុះយ៉ាងរឹងមាំទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តព្រះសីហនុផងដែរ។

អាន​បន្ថែម

ផ្លូវសំខាន់ៗ៥ខ្សែ នៅស្រុកស្ទឹងត្រង់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ផ្លូវកៅស៊ូប្រភេទDBST ៥ខ្សែ ប្រវែង ២៧,៩៧គម ត្រូវបានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរជាមួយនិងអភិបាលខេត្តកំពង់ចាម។ ផ្លូវកៅស៊ូ ៥ខ្សែនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ឧសភា ២០២២ ដែលស្ថិតក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្តម ហ៊ុន ម៉ាណែត​  ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវដី ស ២ខ្សែ ប្រវែង២២គីឡូម៉ែត្រ នៅស្ទឹងត្រែង ដាក់ឲ្យដំណើរការហើយ

ផ្លូវដី ស ចំនួន២ ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ នៅខេត្តស្ទឹងត្រែង បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ កាលពីថ្ងៃទី ១៨​ ខែឧសភា ឆ្នាំ២០២២​ ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ផ្លូវដី ស ចំនួន ២ ខ្សែនេះ គឺស្ថិតនៅភូមិស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប្រវែងជាង ២២គីឡូម៉ែត្រ សាងសង់ឡើងក្រោមមូលនិធិឃុំ ឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មីឆ្នាំ ២០២២។ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ផ្លូវដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំស្រែសំបូរ  សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។​ ឯកឧត្តម បានចាត់ទុកថា សមិទ្ធផលផ្លូវសំខាន់ៗនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

អាន​បន្ថែម

គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទំហំ ៣០៨ហិកតា ទទួលបានការអនុញ្ញាត

គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទំហំ ៣០៨ហិកតា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទទួលបានការអនុញ្ញាតជាគោលការណ៍ ដោយអាជ្ញាធរពាក់ព័ន្ធស្នើឱ្យម្ចាស់គម្រោងរៀបចំផែនការវិនិយោគ​ និងអាជីវកម្មឱ្យបានច្បាស់លាស់ស្នើដល់ក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងសម្រេច។​ ក្រុមមន្ត្រីពាក់ព័ន្ធ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យសិក្សាទីតាំងជាក់ស្តែងលើករណីស្នើសូមជួលដីទំហំ ៣០៨ហិកតា ស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្តឃុំបឹងព្រាវ ស្រុកស្រែអំបិល កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។​ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។​ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន បានគាំទ្រឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស។ អាជ្ញាធរពាក់ព័ន្ធ បានស្នើដល់ក្រុមហ៊ុនរៀបចំផែនការលម្អិត របស់គម្រោងវិនិយោគ ដាក់ជូនក្រសួងបរិស្ថាន ប្រជុំ ពិនិត្យ និងសម្រេចតាមនីតិវិធី និងរាល់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសុំច្បាប់អនុញ្ញាតសាងសង់តាមនីតិវិធី។ លោក អ៊ុក ភ័ក្ត្រា លើកឡើងថា រដ្ឋបាលខេត្តកោះកុង តែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុន ដែលចាប់អារម្មណ៍លើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេចរណ៍ធម្មជាតិ នៅក្នុងខេត្តកោះកុង […]

អាន​បន្ថែម

តាកែវ និងកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីតម្លៃជាង៦លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៦,១លានដុល្លារអាមេរិក បង្កើតរោងចក្ រចំនួន២កន្លែង កំពង់ស្ពឺ និងខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក។ ២. ក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង២ នេះ នឹងបង្កើតការងារចំនួន […]

អាន​បន្ថែម

៤ខែដំបូង ឆ្នាំ២០២២ កម្ពុជានាំចូលដែក និងដែកថែបសរុប ១១៩លានដុល្លារ

កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារ​ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានតម្លៃត្រឹម ១០១លានដុល្លារ។​ តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។​ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ​ និងរដ្ឋាករ។​ ក្នុងខែមេសា ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។​ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។ (អានបន្ថែម)

អាន​បន្ថែម

សួនរុក្ខជាតិអង្គរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ

រាជរដ្ឋាភិបាល​បានសម្ពោធដាក់ឱ្យដំណើរការសួនរុក្ខជាតិអង្គរជាផ្លូវការដើម្បីទាក់ទាញ និងបង្ហាញសក្តានុពលដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងសម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។ ពិធីសម្ពោធនេះ ធ្វើឡើងនៅថ្ងៃទី ១៩ ខែឧសភា ក្រោមអធិបតីយភាពឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ សួនរុក្ខជាតិអង្គរ ត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង ១៥ហិកតា ក្នុងគោលបំណងទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។ សួនរុក្ខជាតិអង្គរនេះ ត្រូវបានរៀបចំជា ៥សួនធំៗប្លែកពីគ្នា​ ចំនួន៥ទីតាំង ដែលមានប្រភេទរុក្ខាជាតិ ផ្កា ព្រៃឈើ និងសត្វព្រៃ ដើម្បីទាក់ទាញទេសចរ។ (អានបន្ថែម) ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដ៏ទាក់ទាញផងដែរ។

អាន​បន្ថែម

កម្ពុជាស្នើបារាំងជួយសង់ស្ថានីយប្រ​ព្រឹត្ត​កម្មទឹកកខ្វក់នៅប៉ែកពាយព្យក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់មួយកន្លែងទៀត​ នៅប៉ែកពាយព្យរាជធានីភ្នំពេញ ខណៈនៅតំបន់នេះមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ ដោយឡែកនៅ​ខាងជើង​ឆៀង​​លិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ ឯកឧត្តមក៏ស្នើបារាំងម្តងឱ្យជួយលើគម្រោងសាងសង់ស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះ​បីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី និងដើម្បីធ្វើឲ្យទឹកមានគុណភាពស្អាតល្អ មុននឹងហូរចូលទៅដងទន្លេសាប។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗផងដែរ។ ជាងនេះទៀត ឯកឧត្ដមក៏បានលើកឡើងពីគម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿននៅក្នុងភ្នំពេញផងដែរ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រព្រឹត្តទឹកកខ្វក់ភ្នំពេញនេះដែរ សេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏បានប្រគល់ដល់ដៃកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះ នឹងជួយឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ៕ […]

អាន​បន្ថែម

កម្ពុជា-ឥណ្ឌាពិភាក្សាលើគម្រោងតភ្ជាប់គម្រោងហាយវេត្រីភាគីមកកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានពិភាក្សាគ្នាលើការគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ខែឧសភា។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា លើកឡើងថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) គឺជាគំនិតផ្តួចផ្តើមដោយប្រទេសចំនួនប្រាំមួយ គឺឥណ្ឌា និងប្រទេសអាស៊ានចំនួនប្រាំ រួមមាន កម្ពុជា ឡាវ […]

អាន​បន្ថែម

អាមេរិកសន្យាផ្តល់ជំនួយ១៥០លានដុល្លារ ដល់អាស៊ានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយ ១៥០លានដុល្លារដល់អាស៊ានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ​ សន្តិសុខសង្គម ការស្តារឡើងវិញពីវិបត្តិកូវីដ និងវិស័យអទិភាពផ្សេងទៀត។​ ការសន្យាផ្តល់ជំនួយដល់អាស៊ានទាំងដប់ប្រទេស (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ) នេះ ធ្វើឡើងដោយប្រធានធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន។ តាមរយៈកម្ចីជំនួយ១៥០លានដុល្លារនេះ រដ្ឋបាលរបស់លោក Joe Biden ចង់បង្ហាញដល់រដ្ឋសមាជិកអាស៊ានថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តោតមកលើតំបន់អាស៊ីប៉ាស៊ីហ្វីក។ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ទីក្រុងប៉េកាំង បានប្រកាសជំនួយ ១ ៥០០ លានដុល្លារដល់តំបន់អាស៊ាន ជាជំនួយអភិវឌ្ឍន៍សម្រាប់ស្តារឡើងវិញពីវិបត្តិជំងឺសកល និងស្តារសេដ្ឋកិច្ច។​

អាន​បន្ថែម

JICA បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន​​​ ដែល​ក្រសួង​ចាត់ទុកជា​ធាតុ​ចូលមួយ​ដ៏សំខាន់​ក្នុង​កិច្ចការងារ​នេះ។ ពិធីប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា រវាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និងឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា៖ “ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន”។ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងនឹងដាក់ឆ្លងយោបល់គណៈកម្មាធិការអន្តរក្រសួង មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ។

អាន​បន្ថែម