ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA
បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែប […]
ការពង្រឹងភាពជាដៃគូជាតិ និងអន្តរជាតិដើម្បីកែលម្អជីវភាពប្រជាពលរដ្ឋ និងលុបបំបាត់សំណង់មិនរៀបរយឆ្ពោះទៅការអភិវឌ្ឍសង្គមស៊ីវិល័យ
ការលើកកម្ពស់គុណភាពជីវិត និងការផ្តល់ជូននូវទីជម្រកដ៏កក់ក្តៅជូនប្រជាពលរដ្ឋត្រូវបានចាត់ទុកជាគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់កសាងសង្គមជាតិឱ្យរឹងមាំ ដោយសារលំនៅឋានមិនត្រឹមតែជាកន្លែងជ្រកកោណប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងកសាងជីវិតបុគ្គល និងវប្បធម៌គ្រួសារ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយប្តេជ្ញាធានាថាប្រជាពលរដ្ឋគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ មានម្ហូបអាហារគ្រប់គ្រាន់លើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងមានឱកាសលំហែរកាយ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏មានអត្ថន័យនេះ ក្រសួងបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រក្នុងការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន និងការវិនិយោគឱ្យចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ក្រៅពីការផ្តល់ដី និងផ្ទះ រដ្ឋាភិបាលក៏បានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដើម្បីជួយឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូល បន្ថយបំណុល និងជំរុញការអនុវត្តនយោបាយជាយុទ្ធសាស្ត្រក្នុងកម្រិតគ្រួសារ ដែលតម្រូវឱ្យពលរដ្ឋត្រូវមានដីធ្លី ផ្ទះសម្បែង ស្រះទឹក និងការដាំដំណាំរួមផ្សំជុំវិញផ្ទះ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគូសបញ្ជាក់ឡើងក្នុងវេទិកាពិភាក្សាការងារដ៏មានសារៈសំខាន់មួយ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃក្នុងជំហរជាតំណាងជាតិនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដៃគូអភិវឌ្ឍន៍ និងនាយកប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា។ វេទិកានេះគឺជាការបើកទ្វារស្វាគមន៍យ៉ាងទូលំទូលាយចំពោះរាល់កិច្ចសហការពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការរួមគ្នាជួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនដែលកំពុងរស់នៅក្នុងសំណង់មិនរៀបរយឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
តាមរយៈការដាក់ចេញនូវគោលនយោបាយលំនៅឋានតម្លៃសមរម្យ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិមិនត្រឹមតែដោះស្រាយបញ្ហាទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងធានាបាននូវការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន។ (អានបន្ថែម)
