៣ខែដើមឆ្នាំ២០២៦ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានជាង ៧៥០លានដុល្លារ

ថ្លែងនៅក្នុងវេទិកា Nikkei ក្នុងទីក្រុងតូក្យូ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការកើនឡើងពាណិជ្ជកម្ម ១៥% រួមជាមួយនឹងការកើនឡើង ២០% នៃផលប័ត្រពាណិជ្ជកម្មសកលរបស់កម្ពុជា។

នៅក្នុងត្រីមាសទី១ ពោលគិតចាប់ពីខែមករា-មីនា ឆ្នាំ២០២៦ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន  សម្រេចបានជាង ៧៥០លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញចូលរួមជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន» កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជាដៃគូដ៏ស្មោះត្រង់ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ សម្រេចបានជាង ៧៥០លានដុល្លារអាមេរិក (កើនឡើងជិត ១៥% ធៀបនឹងឆ្នាំមុន)ដែលឆ្លុះបញ្ចាំងពីតម្លៃនៃគុណភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

សូមបញ្ជាក់ដែរថា ​ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជាជាមួយ​បណ្តា​ប្រទេស​ដៃគូ​អន្តរជាតិ​ទាំង​អស់​នៅ​តែ​បន្ត​ភាព​ល្អ​ប្រសើរ ដោយ​ក្នុង​រយៈពេល ៥ខែ​ដើម​ឆ្នាំ​២០២៦ មានទឹក​ប្រាក់​សរុបជាង ៣០ពាន់លាន​ដុល្លារ កើន​ឡើង​ជិត ២០% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៥។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE) កាលពីពេលថ្មីៗ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាកើនជិត $៥៤ប៊ីលាន គិតត្រឹមខែតុលា ២០២៥

បរិមាណពាណិជ្ជកម្មកើនឡើង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ; គម្រោ […]