កម្ពុជា-វៀតណាម រំពឹងពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងជាង ១២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៦

កិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហាណូយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឆ្លងដែន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្ររួមគ្នាសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅលើមាគ៌ាឆ្ពោះទៅរកពាណិជ្ជកម្មទំហំ ២០ ប៊ីលានដុល្លារ

វៀតណាម ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ខណៈកម្ពុជា-វៀតណាម បានបង្ហាញក្តីរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងជាង ១២ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៦នេះផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ឡេ មិញ ហ៊ុង បានគាំទ្រពេញទំហឹងថា កម្ពុជានឹងសម្រេចគោលដៅនៃការអភិវឌ្ឍរបស់ខ​លួន ខណៈឯកឧត្តមក៏បានណែនាំក្រសួងស្ថាប័នទាំងអស់អនុវត្តជាបន្ទាន់រាល់កិច្ចព្រមព្រៀងទាំងឡាយជាធរមាន ដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងសងខាង ហើយវៀតណាមក៏គាំទ្រចំពោះគម្រោងលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះសម្តេច ឃួន សុដារី បានឱ្យដឹងថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ និងលើសពីការរំពឹងទុក។ ជាក់ស្តែង នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងរហូតដល់ ១១,៣៣ ប៊ីលានដុល្លារ ដោយឡែកនៅឆ្នាំ២០២៦ នេះ មានការរំពឹងថា នឹងកើនឡើងរហូតដល់ជាង ១២ ប៊ីលានដុល្លារអាម៉េរិក។ សម្តេចថា កម្ពុជា-វៀតណាម ក៏បានប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ។

តាមរយៈជំនួបខាងលើ បានបបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡេ មិញ ហ៊ុង ធ្លាប់បានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ សំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានទំហំ ២០ប៊ីលានដុល្លារ នាពេលអនាគតផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងវៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងដែន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា និ […]

កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វ […]