កម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ

ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូតសភា ជាស្នូលនៃកិច្ចពិភាក្សាជាន់ខ្ពស់នៅភ្នំពេញ

សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថានឹងឈានដល់កម្រិតថ្មីមួយទៀត ខណៈដែលប្រទេសទាំងពីរបានកំណត់គោលដៅរួមគ្នាកក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាមេរិក នាពេលខាងមុខ។ គោលដៅដ៏មានមហិច្ឆតានេះ គឺជាប្រធានបទដ៏សំខាន់នៃកិច្ចពិភាក្សាការងារជាន់ខ្ពស់ ដែលបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា នាភ្នំពេញ កាលពីរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦។ ជំនួបនេះបាននាំមកនូវការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តបំផុត។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ គណៈប្រតិភូជាន់ខ្ពស់នេះត្រូវបានដឹកនាំដោយ ឯកឧត្ដម ទ្រិញ វ៉ាន់គៀត សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ជំនួបសម្តែងការគួរសមនេះ បានក្លាយជាឱកាសដ៏វិសេសវិសាលក្នុងការបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

នៅក្នុងឱកាសនោះ ភាគីកម្ពុជាបានសម្តែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាម ព្រមទាំងបានបង្ហាញការគាំទ្រពេញទំហឹងចំពោះចក្ខុវិស័យឆ្នាំ ២០៤៥ របស់វៀតណាមក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីជាក្បាលម៉ាស៊ីនជំរុញពាណិជ្ជកម្ម។ ក្នុងនោះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ហូជីមិញ ត្រូវបានលើកឡើងថាជាគម្រោងយុទ្ធសាស្ត្រដ៏សំខាន់ ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន ជំរុញវិស័យទេសចរណ៍ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ កិច្ចពិភាក្សាក៏បានផ្ដើតលើការសម្របសម្រួលសង្គម និងសន្តិសុខវិនិយោគផងដែរ។ ឯកឧត្ដម ទ្រិញ វ៉ាន់គៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ដែលតែងតែផ្ដល់លក្ខខណ្ឌងាយស្រួលដល់ការរស់នៅរបស់សហគមន៍វៀតណាមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះបរិយាកាសធុរកិច្ចដ៏ល្អ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគរបស់វៀតណាមអាចដំណើរការអាជីវកម្មបានយ៉ាងល្អប្រសើរ និងរលូន។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់កិច្ចពិភាក្សាដោយការប្ដេជ្ញាចិត្តពង្រឹងការទូតសភា និងការផ្លាស់ប្តូរដំណើរទស្សនចរណ៍គ្រប់កម្រិត ដើម្បីធានាថាទំនាក់ទំនងជាប្រពៃណីនេះនឹងបន្តរីកចម្រើនប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

ADB​ ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០ល […]