ក្រសួងឧស្សាហកម្ម បើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាលើកទី៣ ជំរុញឱ្យប្រែក្លាយគោលនយោបាយទៅជាការអនុវត្តជាក់ស្តែងក្នុងរោងចក្រ
ឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់ថា សេដ្ឋកិច្ចចក្រាមិនត្រឹមតែជាការគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែជាអាទិភាពយុទ្ធសាស្ត្រក្នុងការបង្កើនប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មជាតិ
រាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរគំរូផលិតកម្មបែបប្រពៃណីទៅជាសេដ្ឋកិច្ចចក្រា (Circular Economy) បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានការអភិវឌ្ឍឧស្សាហកម្មកម្ពុជាឱ្យមានភាពប្រកួតប្រជែង ធន់នឹងវិបត្តិ និងមានចីរភាពបរិស្ថាន។ តាមរយៈការរៀបចំវេទិកា ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានចូលរួមជាអធិបតីភាពក្នុងពិធីបើក «វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាលើកទី៣» (3rd Cambodia Circular Economy Forum) នៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវ និងជំរុញយ៉ាងមុតមាំឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាបំប្លែងគោលនយោបាយ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រារបស់រាជរដ្ឋាភិបាលឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង នៅតាមបណ្តារោងចក្រ ខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រតិបត្តិការអាជីវកម្មជារៀងរាល់ថ្ងៃ។
នៅក្នុងមតិបើកវេទិកានោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីទស្សនវិស័យយុទ្ធសាស្ត្ររបស់ក្រសួង ដោយបានគូសបញ្ជាក់ថា សម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សេដ្ឋកិច្ចចក្រាមិនមែនជាកិច្ចការតូចតាចដែលផ្តោតត្រឹមតែលើការគ្រប់គ្រង ឬកែច្នៃកាកសំណល់ប៉ុណ្ណោះឡើយ។ ផ្ទុយទៅវិញ វាទាក់ទងដោយផ្ទាល់ទៅនឹងវិធីសាស្ត្រនៃការផលិតនៅក្នុងខ្សែច្រវាក់ឧស្សាហកម្មទាំងមូល និងរបៀបដែលវិស័យឧស្សាហកម្មកម្ពុជាអាចកាត់បន្ថយការខ្ជះខ្ជាយធនធាន បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ពង្រឹងភាពធន់ និងពង្រីកសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ការដាក់ចេញនូវទិសដៅនេះ ធ្វើឡើងក្នុងបរិការណ៍ដែលទីផ្សារសកលកំពុងផ្តល់តម្លៃខ្ពស់លើស្តង់ដារផលិតកម្មបៃតង និងការទទួលខុសត្រូវលើបរិស្ថាន។ ការអនុវត្តសេដ្ឋកិច្ចចក្រានៅតាមរោងចក្រ និងសហគ្រាសក្នុងស្រុក នឹងជួយឱ្យកម្ពុជាអាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងបទដ្ឋានបរិស្ថានថ្មីៗពីដៃគូពាណិជ្ជកម្មអន្តរជាតិ បង្កើតតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងសង្គម។
សូមជម្រាបជូនថា ការប្រកាសជំរុញការអនុវត្តសេដ្ឋកិច្ចចក្រាក្នុងវិស័យឧស្សាហកម្ម ដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាលើកទី៣ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មឧស្សាហកម្មជាតិ។ ការប្រែក្លាយគោលនយោបាយឱ្យទៅជាការអនុវត្តជាក់ស្តែងក្នុងសង្វាក់ផលិតកម្ម និងប្រតិបត្តិការអាជីវកម្ម មិនត្រឹមតែជួយឱ្យសហគ្រាសក្នុងស្រុកអាចកាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា។ (អានបន្ថែម)

- Video Advertisement -