ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ជាពិសេសពង្រឹងការធ្វើកសិកម្មនៅតាមជនបទ ពិសេសជួយបង្កើនរកចំណូលរបស់ស្ត្រីកម្ពុជាក្នុងវិស័យកសិកម្ម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្សាយចេញកាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

ប្រភពដដែលបន្តថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន៖ ឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសដែលត្រូវការជំនួយបំផុតដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។

យោងតាម ADB បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម ក្នុងឃុំចំនួន ១៨៦ ក្នុងខេត្តចំនួន ៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ។ គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន ៧០០០ ហិកតា បន្ថែមទៀត និងស្តារឡើងវិញនូវផ្លូវប្រវែង ១៩០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករទៅនឹងទីផ្សារ ការងារ និងឱកាស ជាពិសេសសម្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានសេវាគាំទ្រពេញលេញ។

គម្រោងនេះ នឹងផ្តល់ឱ្យកសិករនូវការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការអនុវត្តវិធីសាស្រ្តប្រកបដោយភាពធន់ ក្នុងការដាំដុះដំណាំ ការធ្វើសាកវប្បកម្ម ការចិញ្ចឹមបសុបក្សីនិងសត្វល្អិត និងការធ្វើវារីវប្បកម្ម។ ទន្ទឹមនេះ គម្រោងនេះ ក៏នឹងផ្តល់ជំនួយឥតសំណង ដើម្បីជួយកសិករកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីដែលនាំចូល និងបង្កើនភាពធន់របស់ពួកគាត់ទៅនឹងគ្រោះមហន្តរាយ និងវិបត្តិសកល៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ឥណទាន ១១៤ លានដុល្លារ អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ខេត្តព្រះសីហនុ

កម្ពុជា-ជប៉ុន កាលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ បានសម្រេចចុ […]

ADB​ ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០ល […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]