ADB ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០លានដុល្លារ ដើម្បីជួយកម្ពុជាទប់ទល់ផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ឥទ្ធិពលនៃសង្គ្រាមនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោកឡើងខ្ពស់ជាលំដាប់ ដែលបង្កជាសម្ពាធលើជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។
យោងតាមសេចក្តីប្រកាសរបស់ ADB បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ២៥០លានដុល្លារ បានធ្វើឡើងកាលថ្ងៃទី៣១ ខែកក្កដា នៅរាជធានីភ្នំពេញ រវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB ដោយមានវត្តមានលោក Nianshan Zhang អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កម្ចីនេះនឹងគាំទ្រដល់កម្មវិធីអន្តរាគមន៍រហ័សដើម្បីស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy – RISE) របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងការពារប្រជាពលរដ្ឋងាយរងគ្រោះពីការកើនឡើងនៃថ្លៃជីវភាព រក្សាសកម្មភាពសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់ប្រទេសចំពោះវិបត្តិខាងក្រៅនាពេលអនាគត។
កម្ចីនេះ គឺជាផ្នែកមួយនៃកញ្ចប់ហិរញ្ញប្បទានសរុប ៤៥០ លានដុល្លារ ដែល ADB ប្រកាសផ្ដល់ដល់កម្ពុជា និងស្រីលង្កា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃថាមពលកើនឡើង និងបង្កភាពមិនប្រាកដប្រជាដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
លោក Zhang អគ្គនាយក ADB ថ្លែងថា៖ «កម្មវិធីនេះ ដែលត្រូវបានរៀបចំឡើងទាន់ពេលវេលា និងជាកម្មវិធីដំបូងក្រោមគោលនយោបាយជំនួយបន្ទាន់ដែលបានកែសម្រួលថ្មីរបស់ ADB នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ា តាមរយៈការការពារគ្រួសារងាយរងគ្រោះពីការកើនឡើងនៃតម្លៃទំនិញ រក្សាសកម្មភាពសេដ្ឋកិច្ច និងពង្រឹងភាពធន់ចំពោះវិបត្តិនាពេលអនាគត»។
សូមជម្រាបដែរថា ក្រៅពីកម្ចី ២៥០ លានដុល្លារ របស់ ADB កម្មវិធី RISE ត្រូវបានរំពឹងថា នឹងទទួលបានហិរញ្ញប្បទានបន្ថែមរហូតដល់ ២៥០ លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងរហូតដល់ ១៨៨ លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនឹងធ្វើឱ្យទំហំហិរញ្ញប្បទានសរុបសម្រាប់កម្មវិធីនេះ អាចកើនដល់ ៦៨៨ លានដុល្លារអាម៉េរិក៕ (អានបន្ថែម)
- Video Advertisement -