ក្រសួង និងធនាគារ AIIB ជួបពិភាក្សាការងារនៅប៉េកាំង ដើម្បីពង្រឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពនៅកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ AIIB លើការវាយតម្លៃវឌ្ឍនភាពគម្រោងចាស់ ពិនិត្យបញ្ជីគម្រោងស្នើសុំថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានអភិវឌ្ឍន៍
រដ្ឋធានីប៉េកាំង៖ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីទាក់ទាញទុនវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធដឹកជញ្ជូន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញបេសកកម្មការងារនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុង «វេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦» ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Kim-See Lim នាយកទទួលបន្ទុកវិនិយោគនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
ជំនួបពិភាក្សាការងារកម្រិតរដ្ឋមន្ត្រីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី។ ទីមួយ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងនានាដែលកំពុងដំណើរការក្រោមក្របខណ្ឌឥណទានរបស់ AIIB។ ទីពីរ ជំនួបនេះបានបើកផ្លូវឱ្យមានការពិនិត្យឡើងវិញលើបញ្ជីគម្រោងអាទិភាពថ្មីៗ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ស្នើសុំហិរញ្ញប្បទាននាពេលកន្លងមក។ និងទីបី ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។
ជាលទ្ធផលនៃជំនួប ភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក។ ជាមួយគ្នានេះ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ព្រមទាំងតំណាងធនាគារ AIIB បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ បង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងអាទិភាពនានា និងធានាថាការងារសាងសង់ទាំងនោះដំណើរការទៅបានយ៉ាងរលូន និងបញ្ចប់ទៅតាមផែនការគ្រោងទុក។
សូមរជម្រាបជូនថា ការពិភាក្សាការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នៅទីក្រុងប៉េកាំង គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរប្រភពទុនអភិវឌ្ឍន៍។ ការពង្រឹងភាពជាដៃគូជាមួយ AIIB មិនត្រឹមតែជួយពន្លឿនការកសាងបណ្តាញដឹកជញ្ជូន និងព័ស្តុភារកម្មឱ្យមានភាពទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ (អានបន្ថែម)
_cuva
_cuva
_cuva
_cuva
- Video Advertisement -