ហិរញ្ញប្បទាន ១៧១លានដុល្លារ របស់ជប៉ុន ដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យ និងស្ដារប្រព័ន្ធរំដោះទឹក បានចុះកិច្ចព្រមព្រៀងជាផ្លូវការ
កញ្ចប់ថ្មីនៃកិច្ចព្រមព្រៀងជំនួយឥតសំណង និងប្រាក់កម្ចីដែលចុះហត្ថលេខាដោយ JICA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើឱ្យប្រសើរឡើងនូវកន្លែងបណ្តុះបណ្តាលគ្រូបង្រៀន និងការពារដីកសិកម្មសំខាន់ៗពីហានិភ័យអាកាសធាតុ
ជប៉ុន បានសម្រេចចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានជាង ១៧១ លានដុល្លារ សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ និងស្ដារប្រព័ន្ធរំដោះទឹកនៅខេត្តចំនួន២ របស់ប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦មិថុនានេះបានចុះហត្ថលេខាជាមួយ លោក SANUI Kazuma ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា។
កិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ មានទំហំទឹកប្រាក់សរុបចំនួន ២៥.៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម និងគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម មានទឹកប្រាក់ ចំនួន ១.១៨៩ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ៧,៥ លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណង លើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀនដែលបានទទួលការបណ្ដុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យ នៅក្នុងខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា។ (អានបន្ថែម)
ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគ និរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) មានទឹកប្រាក់ចំនួន ២៤.២៣៧ លានយ៉េនជប៉ុន (ត្រូវ ជាប្រមាណ ១៦៣,៨ លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និង ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុគម្រោង កណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្ដាល ដែលនឹងចូលរួមចំណែកដល់ ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ។ (អានបន្ថែម)
កម្ពុជា-ជប៉ុន ចាត់ទុកថា ហិរញ្ញប្បទាននេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ និងយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន៕

- Video Advertisement -