កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយចីរភាព ដែលមានទឹកប្រាក់ ៧៣ លានដុល្លារអាម៉េរិក ខណៈគម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរកម្ពុជាកាន់តែប្រសើរថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) កាលថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៦។

ADB បានឱ្យដឹងថា គម្រោងជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយចីរភាព (Sustainable Coastal and Marine Fisheries – SCMF) ដែលមានទឹកប្រាក់ ៧៣លានដុល្លារ នឹងជួយស្តារធនធានជលផលប្រមាណ ៤០% និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ២០០,០០០ នាក់ នៅក្នុងសហគមន៍តំបន់ឆ្នេររបស់កម្ពុជា។

ជាមួយគ្នានេះ ថ្លែងក្នុងពិធីសម្ពោធការិយាល័យជលផលខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានលើកឡើងថា ពិធីនេះមិនមែនគ្រាន់តែជាការបញ្ចប់ការសាងសង់អគាររដ្ឋបាលថ្មីមួយប៉ុណ្ណោះទេ។

លោកស្រីបន្តថា «ថ្ងៃនេះ យើងអបអរសាទរមិនត្រឹមតែការបញ្ចប់ការសាងសង់អគារថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែយើងអបអរសាទរការប្តេជ្ញាចិត្តរួមគ្នាក្នុងការគ្រប់គ្រងជលផលប្រកបដោយចីរភាព ប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលមានសុខភាពល្អ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរកម្ពុជា»។

លោកស្រីបានបញ្ជាក់ថា ការិយាល័យជលផលថ្មីនេះ គឺជាការវិនិយោគដ៏សំខាន់លើសមត្ថភាពស្ថាប័ន ដោយផ្តល់ឱ្យមន្ត្រីជលផលនូវមូលដ្ឋានកាន់តែប្រសើរ សម្រាប់ពង្រឹងការសម្របសម្រួល ការត្រួតពិនិត្យ និងការអនុវត្តច្បាប់ ព្រមទាំងផ្តល់សេវាកាន់តែប្រសើរដល់សហគមន៍នេសាទខេត្តកែប និងតំបន់ជុំវិញ។

យោងតាមលោកស្រី ការិយាល័យនេះ ជាផ្នែកមួយនៃគម្រោង SCMF ដែលទទួលបានការគាំទ្ររួមពីរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង ADB៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

ក្រសួងកសិកម្មសហការជាមួយសហគ្រិនចិន ជំរុញវិនិយោគអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា

​ក្រសួងកសិកម្ម និងសហគ្រិនចិន បានកំពុងរួមគ្នាជំរុញការវិន […]

ឡាវបើកផ្លូវដឹកជញ្ជូនថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន

កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ នឹ […]

ក្រសួងពីរ ចាប់ដៃសហការគ្នាបង្កើតបណ្តាញអេកូទេសចរណ៍ថ្មី

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]