កម្ពុជាគ្រោងចំណាយថវិកា ១.២៤៤ លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា
ក្របខ័ណ្ឌអន្តរាគមន៍គាំទ្រជនក្រីក្រ ដែលត្រូវបានកំណត់ដើម្បីការពារជីវភាពរស់នៅ ជំរុញជំនាញវិជ្ជាជីវៈ និងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេស…
រដ្ឋាភិបាល បានប្រកាសត្រៀមដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ» ដែលគ្រោងចំណាយថវិកាជាង ១.២០០លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ នេះយោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងវិបត្តិដែលកើតឡើងផ្ទួនៗ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ» ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរនិងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ។
ជុំវិញរឿងនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល បានដឹកនាំកិច្ចប្រជុំនេះ បានឱ្យដឹងថា «កម្មវិធីអន្តរាគមន៍» នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១.២៤៤ លានដុល្លារអាម៉េរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺថវិការដ្ឋ ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។
តាមរយៈការអនុវត្តកម្មវិធីអន្តរាគមន៍នេះ រដ្ឋាភិបាលបញ្ជាក់ថា គឺប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor) និងរៀបចំជា៣ កញ្ចប់អន្តរាគមន៍ រួមបញ្ចូល វិធានការដែលមានកម្មវិបាកភ្លាមៗ និង វិធានការដែលមានកម្មវិបាកក្នុងរយៈពេលខ្លី និងមធ្យម។ កញ្ចប់វិធានការទី១ ផ្តោតលើការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ កញ្ចប់វិធានការទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និង កញ្ចប់អន្តរាគមន៍ទី៣ ផ្តោតលើការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល៕ (អានបន្ថែម)

- Video Advertisement -