កត្តាធំ៣ IMF បន្ទាបការព្យាករអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មកនៅត្រឹម ៤,០%
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥ ពីការព្យាករលើកមុន ៦,២% មកនៅត្រឹម ៤,៨% ខណៈឆ្នាំ២០២៦ ស្ថាប័ននេះបន្ទាបមកនៅត្រឹម ៤,០%។ នេះបើយោងតាមការចុះផ្សាយរបស់ IMF កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមឯកសាររបស់ IMF ដែលបានព្យាករណ៍សម្រាប់រយៈពេល ៥ឆ្នាំ ពី ឆ្នាំ២០២២ ដល់ឆ្នាំ ២០២៦ បានបង្ហាញឱ្យឃើញថា សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២៤ បានរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងអត្រាកំណើន ៦,០% ដែលត្រូវបានជំរុញដោយការស្ទុះឡើងវិញនៃវិស័យនាំចេញវាយនភណ្ឌ កសិកម្ម និងវិស័យទេសចរណ៍។ ភាពវិជ្ជមានទាំងនេះបានបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០២៥ ដែលធ្វើឱ្យមានការប៉ាន់ស្មានថាអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នឹងកើនដល់ ៦,២%។
IMF បានបញ្ជាក់ថា៖ «អត្រាកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានត្រឹម ៤,៨% ក្នុងឆ្នាំ២០២៥ និង ៤,០% នៅឆ្នាំ២០២៦» ដោយលើកហេតុផលពីភាពអវិជ្ជមានបណ្តាលមកកត្តាធំចំនួន៣ គឺភាពតានតឹងនៅព្រំដែន ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ និងភាពយឺតយ៉ាវក្នុងវិស័យហិរញ្ញវត្ថុជាដើម។
ជាមួយគ្នានេះ IMF បានអះអាងថា ការកែតម្រូវថ្មីនេះ ក៏បានទាក់ទងនឹងការធ្លាក់ចុះប្រាក់បញ្ញើពីបរទេស និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលគេរំពឹងថា នឹងប៉ះពាល់ដល់តម្រូវការក្នុងស្រុកផងដែរ។
ជារួម ការបន្ទាបការព្យាករអត្រាកំណើនសេដ្ឋកិច្ចកម្ពុជារបស់ IMF គឺមានទំនោរដូចគ្នាទៅនឹងស្ថាប័នហិរញ្ញវត្ថុជាច្រើនទៀតដូចជា ធនាគារពិភពលោក(WB) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច ASEAN+3 (AMRO) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕