កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២
សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា ៤% ក្នុងឆ្នាំ ២០២៦ និង ៤,៨% ក្នុងឆ្នាំ ២០២៧ ដែលជាកំណើនមួយទាបជាងការវាយតម្លៃកាលពីដើមឆ្នាំ និងគ្រាំទ្រដោយវិស័យនាំចេញចំនួន២។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Kenichiro Kashiwase ប្រធានក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលថ្ងៃទី ០២ ខែវិច្ឆិកា ២០២៦។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កំណើនទាបជាងការវាយតម្លៃកន្លងទៅនេះ គឺដោយសារការទទួលរងនូវផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុក ពីបញ្ហាផ្ទួនៗគ្នា ពោលគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ការបង្ក្រាប បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, ដែលបានទាញទម្លាក់ កំណើនវិស័យសំខាន់ៗមួយចំនួន ពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្ម។
ឯកឧត្តមបន្តថា វិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់ថែមមួយកម្រិតទៀតពីឥទ្ធិពល EI Niño ពិសេស លើផ្ទៃដីបង្កបង្កើនផល ដែលនឹងជះឥទ្ធិពលអវិជ្ជមានមកលើសមត្ថភាពផលិតកម្ម។ ទោះជាយ៉ាងណា ឯកឧត្តមថា វិស័យបម្រើការនាំចេញចំនួន២ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានរំពឹងថា នឹងនៅបន្តរក្សាបានកំណើនល្អ ដែលបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៧។
ក្នុងបរិការណ៍នេះ ក្រសួងសេដ្ឋកិច្ចអះអាងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលមានជាយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ក្រសួង ក៏បញ្ជាក់ពីការផ្លាស់ប្តូរជំហរគោលនយោបាយហិរញ្ញវត្ថុសារធារណៈកម្ពុជា (Fiscal Stance) ទៅប្រកាន់យក “ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គាំពារកំណើនចំគោលដៅ ក្នុងគោលដៅបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់កំណើនក្នុងរយៈពេលមធ្យម” ផងដែរ៕ (អានបន្ថែម)
- Video Advertisement -