ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបាន ១,៥ប៊ីលានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១លានតោន
ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីជាមួយវៀតណាមកើនឡើង ២៧% ខណៈដែល […]
កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនបើកទ្វារសម្រាប់ផលិតផលសំខាន់ៗចំនួនប្រាំមួយរបស់កម្ពុជា ដោយមានការដឹកជញ្ជូនដំបូងគឺផ្លែទុរេនស្រស់ឈានមុខគេ
កម្ពុជា-ឡាវ កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខ ទៅកាន់ទីផ្សារចិនជាផ្លូវការ ខណៈផ្លែទុរេនចំនួន ៤កុងតឺន័រត្រូវបាននាំចេញទៅចិនដំបូងគេនៅថ្ងៃសម្ពោធនេះ។ ការសម្ពោធនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងរដ្ឋមន្ត្រីកសិកម្មឡាវ។
ឯកឧត្តម ឌិត ទីណា បានលើកឡើងថា នេះគឺសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន»។
ឯកឧត្តមបន្តថា៖ «នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ»។
ក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា ការបើកផ្លូវឆ្លងកាត់ជាផ្លូវការនៅពេលនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និងឡាវ បានធ្វើការចរចាជាមួយគ្នាអស់រយៈពេល ៦ ខែកន្លងមក។ ច្រកថ្មីនេះ នឹងធ្វើឱ្យកម្ពុជាចំណេញពេលដឹកជញ្ជូនដែលជាធម្មតាត្រូវចំណាយពេលពី ១៥ ទៅ ២០ថ្ងៃ ហើយឥឡូវអាចបង្រួញមកត្រឹមតែ១សប្ដាហ៍តែប៉ុណ្ណោះ។
ក្រសួងបន្តថា ការបើកច្រកឆ្លងកាត់នេះនឹងធ្វើឲ្យផលដំណាំស្រស់ដូចជា ទុរេន ស្វាយ មៀនប៉ៃលិន និងកសិផលមួយចំនួនទៀតនឹងអាចនាំចេញបានដោយជោគជ័យ ក្នុងរយៈពេលខ្លី ដោយមិនមានភាពស្មុគស្មាញ ដែលធ្វើឲ្យសមត្ថភាពប្រកួតប្រជែញកសិផលកម្ពុជាកើនឡើង។ ក្រសួងក៏ជំរុញទឹកចិត្តឲ្យប្រជាកសិករ និងអាជីវករកម្ពុជា ចាប់យកឱកាសពីការបើកច្រកដឹកជញ្ជូនឆ្លងកាត់នេះផងដែរ៕ (អានបន្ថែម)
