កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បានសម្រេចចុះអនុស្សរណៈ (MoU)  ដើម្បីរួមគ្នាលើការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម ដែលមានទំហំទឹកប្រាក់ប្រមាណ៨ លានដុល្លារអាមេរិក។ MoU នេះ ធ្វើឡើងកាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ក្រោមអធិបតីភាព លោក វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈ MoU​នេះ រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់អំណោយនូវគម្រោងសាង់សង់អគារថ្មី និងការជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ក្នុងបរិវេណ «សាលាមិត្តភាពកម្ពុជា-វៀតណាម» រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មី ចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន១ និងបន្ទប់កុំព្យូទ័រចំនួន ១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មី ចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន ១ បន្ទប់កុំព្យូទ័រចំនួន ១ សម្រាប់សាលាអនុវិទ្យាល័យ ជួសជុលបន្ទប់រៀន ដែលមានស្រាប់ចំនួន ១៥បន្ទប់ នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ១ និងអគាររដ្ឋបាលរួមចំនួន ១ (សម្រាប់សាលាទាំងពីរថ្នាក់) ព្រមទាំងបំពាក់សម្ភារបរិក្ខារ ចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ភាគីវៀតណាមបញ្ជាក់ថា គម្រោងនេះ នឹងប្រើប្រាស់ថវិកាសរុបចំនួន ៨លានដុល្លាអាមេរិច និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំ ដែលបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជាអ្នកទទួលបន្ទុកសាងសង់។ ភាគីវៀតណាម ក៏ស្នើសុំការសម្របសម្រួល ពីរដ្ឋបាលរាជធានីភ្នំពេញ លើការងារចាំបាច់មួយចំនួនផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា«សាលាមិត្តភាពកម្ពុជា-វៀតណាម» មិនត្រឹមតែបានរួមចំណែក បម្រើដល់វិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីស្មារតីសាមគ្គីភាព មិត្តភាព ទឹកចិត្តគោរ ពស្រឡាញ់រាប់អានការផ្តល់តម្លៃឱ្យគ្នា និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងវៀតណាមផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់! កម្មវិធីបរិច្ចាគឈាមពី ប៉េង ហួត គ្រុប

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្ […]

ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងរៀបចំដីសម្បទានសង្គមកិច្ចដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កត់ធ្ងន់លើវិធីសាស្រ្តរួ […]

ប៉េង ហួត គ្រុប រៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងការប្រើប្រាស់ AI ជូនដល់និស្សិតអាហារូបករណ៍

កម្មវិធីទស្សនកិច្ចសិក្សារួមគ្នាជាមួយអង្គការមូលនិធិកុមារ […]