វេទិកាសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញបរិយាកាសវិនិយោគ

រាជរដ្ឋាភិបាលពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយដៃគូឯកជន លើការអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព

រាជធានីភ្នំពេញ៖ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន គឺជាសសរស្ដម្ភដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ តាមរយៈវេទិកា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចពិភាក្សាផ្លូវការមួយដើម្បីផ្លាស់ប្តូរមតិយោបល់ លើកឡើងពីបញ្ហាប្រឈមជាក់ស្តែង និងរួមគ្នាស្វែងរកដំណោះស្រាយសមស្របសម្រាប់ការធ្វើអាជីវកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យន្តការសន្ទនានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់តួអង្គវិស័យឯកជន ដែលជាកាតាលីករមិនអាចខ្វះបានក្នុងចលនាសេដ្ឋកិច្ចជាតិ។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យរ៉ែ ថាមពល និងប្រេងកាត។ តំណាងវិស័យឯកជនបានលើកឡើងពីកង្វល់ និងឧបសគ្គបច្ចេកទេសមួយចំនួនក្នុងការប្រតិបត្តិការអាជីវកម្ម ខណៈដែលតំណាងក្រសួងរ៉ែ និងថាមពលបានកត់សម្គាល់ និងបកស្រាយអំពីគោលនយោបាយ ព្រមទាំងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ ដើម្បីធានាថាការអភិវឌ្ឍធនធានធម្មជាតិ និងថាមពលប្រព្រឹត្តទៅដោយមានតម្លាភាព ប្រសិទ្ធភាព និងស្របតាមស្តង់ដារបរិស្ថាន។ ជារួម កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង៖ ១. ពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន៖ បង្កើតវេទិការសន្ទនាដោយផ្ទាល់ និងមានតម្លាភាព រវាងថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឲ្យវិស័យឯកជន ធុរជន សមាគធុរកិច្ច និងអ្នកវិនិយោគ និងក្រុមហ៊ុនឯកជន នៅក្នុងស្រុក ដើម្បីទទួលយកនៅអនុសាសន៍ ផ្លាស់ប្តូរព័ត៌មាន និងយោបល់នានាលើការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅកម្ពុជា។ ២. ដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់៖ បើកឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម ឧបសគ្គបច្ចេកទេស និងកង្វល់ជាក់ស្តែងរបស់សមាគមធុរកិច្ច, សហគ្រាស/ក្រុមហ៊ុនឯកជន ទាក់ទងនឹងការប្រើប្រាស់ថាមពល ថ្លៃដើមអគ្គិសនី និងបទដ្ឋានគតិយុត្ត មកពិភាក្សាដោយផ្ទាល់ ដើម្បីស្នើសុំដំណោះស្រាយ និងការសម្របសម្រួលពីភាគីរាជរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងរ៉ែនិងថាមពល។

រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ជាថ្មីអំពីគោលជំហរក្នុងការស្តាប់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ធុរជន និងវិនិយោគិន យ៉ាងយកចិត្តទុកដាក់។ ការកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផល និងការសម្រួលនីតិវិធីស្មុគស្មាញនានា នឹងជួយទាក់ទាញទុនវិនិយោគបន្ថែមទៀតចូលមកក្នុងវិស័យរ៉ែ និងថាមពល ព្រមទាំងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់។

សូមជម្រាបជូនថា កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល គឺជាជំហានដ៏មានអត្ថន័យក្នុងការបង្កើតបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត និងតម្លាភាព។ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត មិនត្រឹមតែជួយសម្រួលដល់ការធ្វើអាជីវកម្មរបស់វិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការធានាសន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ នឹងប្រែក្លាយកម្ពុជាជាក្បាលម៉ាស៊ីនថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់

ក្រសួងសាធារណការ និង IFC ជំរុញផែនការមជ្ឈមណ្ឌលព័ស្តុភារកម […]