មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
សមិទ្ធផលទំនើបកម្ម ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។
សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ ត្រូវបានសាងសង់ក្រោមជំនួយរបស់ចិន ដែលបានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារឃ្លង ព្រមទាំងសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។ (អានបន្ថែម)
ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចធិបតី បានឱ្យដឹងថា សមិទ្ធផលទំនើបកម្មនេះ នឹងជួយលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ដែលកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់។
សម្តេចបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទីនេះតទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាមនេះ ដោយគ្មានការលាក់លៀមអ្វីទេ ហើយមិនមានគោលបំណងឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនោះទេ។
គួររម្លឹកដែរថា កន្លងទៅកម្ពុជា ធ្លាប់បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនេះ បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ (អានបន្ថែម)
នៅពេលដែលកម្ពុជាទទួលយកនូវសមទ្ធិផលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ខ្លួន មូលដ្ឋានទ័ព និងមជ្ឈមណ្ឌលភស្តុភារ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើសមុទ្រខ្ពស់។ ការអភិវឌ្ឍន៍ដ៏មហិមានេះ ប្រាកដណាស់ថានឹងមានផលជាវិជ្ជមានយូរអង្វែងសម្រាប់សមតុល្យនៃអំណាចក្នុងតំបន់ និងការខិតខំប្រឹងប្រែងក្នុងដែនសមុទ្រ។
- Video Advertisement -