ក្រសួងពីរ បើកយុទ្ធនាការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសថ្មីចំនួន ៤២ ឯកសារ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា

កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីក្នុងការធ្វើបច្ចុប្បន្នភាពស្តង់ដារតាំងពីឆ្នាំ១៩៩៩ ឆ្ពោះទៅរកការកសាងផ្លូវថ្នល់ដែលមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់

រាជធានីភ្នំពេញ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព និងនិរន្តរភាពបានឈានដល់របត់ថ្មីមួយទៀត តាមរយៈការធ្វើទំនើបកម្មបទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងការប្រែប្រួលអាកាសធាតុសកល។ នេះបើយោងតាម ពិធីផ្សព្វផ្សាយស្តីពី «បទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពភាពរួមគ្នារវាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី-ខេត្ត អង្គភាពកងវិស្វកម្ម និងតំណាងវិស័យឯកជនយ៉ាងច្រើនកុះករ។

នៅក្នុងពិធីនេះ ក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការនូវបទដ្ឋានបច្ចេកទេសដែលបានធ្វើបច្ចុប្បន្នភាពចំនួន ១០ ផ្នែក សរុប ៤២ ឯកសារ ដើម្បីជំនួស និងបំពេញបន្ថែមលើបទដ្ឋានចាស់កាលពីឆ្នាំ១៩៩៩។ ការកែលម្អបទដ្ឋានបច្ចេកទេសដ៏ធំនេះ ត្រូវបានធ្វើឡើងក្រោមការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមជំនាញការ Partnerships for Infrastructure (P4I) និង Austroads នៃប្រទេសអូស្ត្រាលី ដើម្បីធានាថា សំណង់ផ្លូវថ្នល់ និងស្ពាននៅកម្ពុជា មានរចនាសម្ព័ន្ធរឹងមាំ មានសុវត្ថិភាពខ្ពស់ និងអាចទប់ទល់នឹងផលប៉ះពាល់នៃគ្រោះធម្មជាតិ ព្រមទាំងការប្រែប្រួលអាកាសធាតុនាពេលអនាគត។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានសង្កត់ធ្ងន់ថា ភាគីសាងសង់ និងទីប្រឹក្សាបច្ចេកទេសទាំងអស់ ត្រូវយកបទដ្ឋានបច្ចេកទេសថ្មីនេះទៅអនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ដោយមិនត្រូវបន្ថែម ឬបន្ថយកម្រិតបច្ចេកទេសតាមការយល់ឃើញផ្ទាល់ខ្លួនឡើយ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ការមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវតែមួយមុខ មិនទាន់គ្រប់គ្រាន់ក្នុងការធានាអាយុកាលប្រើប្រាស់ផ្លូវបានយូរអង្វែងនោះទេ ប្រសិនបើគ្មានការចូលរួមទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ និងភាគីពាក់ព័ន្ធទាំងអស់នោះឡើយ។

សូមជម្រាបថា ការប្រកាសដាក់ឱ្យប្រើប្រាស់បទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសថ្មីចំនួន ៤២ ឯកសារនេះ គឺជាគ្រឹះយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការលើកកម្ពស់ស្តង់ដារវិស្វកម្មផ្លូវថ្នល់ និងការការពារទ្រព្យសម្បត្តិសាធារណៈរបស់ជាតិ។ ការរួមបញ្ចូលគ្នារវាងបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់លើការដឹកជញ្ជូនលើសទម្ងន់ និងកិច្ចសហការអន្តរក្រសួង នឹងប្រែក្លាយបណ្តាញផ្លូវថ្នល់កម្ពុជាឱ្យកាន់តែមានចីរភាព និងរួមចំណែកយ៉ាងសកម្មដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។ (អានបន្ថែម)

- Video Advertisement -