កម្ពុជាចេញគោលនយោបាយអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ ខណៈបច្ចុប្បន្នមានជិត ៣ពាន់គ្រឿងបានចុះបញ្ជី

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា២០២៤-២០៣០ ខណៈយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង។ នេះបើតាមសេចក្តីសម្រេចលេខ ១០១ សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលនយោបាយនេះ ជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

បន្ថែមពីនេះ គោលនយោបាយនេះ ដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា សម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ មានវិសាលភាពគ្របដណ្ដប់លើយាន​យន្តប្រភេទអគ្គិសនីសុទ្ធថ្មី (BEV) រួមមានរថយន្តអគ្គិសនីសុទ្ធថ្មីត្រីចក្រយានយន្តអគ្គិសនីសុទ្ធថ្មី និងទោចក្រ​យាន​យន្តអគ្គិសនីសុទ្ធថ្មី។

ទន្ទឹមនឹងនេះ ប្រភពដដែលនេះបានបញ្ចេញនូវរបាយការណ៍អត្រានៃការប្រើប្រាស់យានយន្ត ដែលមានការកើនយ៉ាងខ្លាំង ជាពិសេស ទោចក្រយានយន្ត និងរថយន្ត។

ក្នុងចំណោមយានយន្តសរុប ៧លានគ្រឿង ទោចក្រយានយន្តមានប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល​ (រថយន្តទេសចរណ៍) មានប្រមាណ ១០% និងរថយន្តប្រើប្រាស់ ប្រេងឥន្ធនៈធុនធ្ងន់ (រថយន្តដឹកទំនិញ និងគ្រឿងចក្រ) មានប្រមាណ ៥%។

ក្នុងនោះដែរ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង ដែលរួមមាន៖ ទោចក្រយានយន្តមាន ៩១៤គ្រឿង ត្រីចក្រយានយន្តមាន ៤៤០គ្រឿង និងរថយន្ត មាន ១.៦១៤គ្រឿង។

គួរបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ មានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ​រហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ ១០ដង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួង​សម្រេចផ្អាក​ដំណើរការ​ក្រុមហ៊ុន​វារីអគ្គិសនីដ៏ធំ១ នៅពោធិ៍សាត់ និងកោះកុង ជា​បណ្តោះ​អាសន្ន

​ក្រសួង​បរិស្ថាន​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ​ (Stung Meteuk Hydropower) របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ចុះ​ថ្ងៃ​ទី ​២​ ខែ​កញ្ញា ​ដាក់​ទៅ​លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ស្ទឹងមេទឹក​ហាយដ្រូ​ផៅវ័រខាងលើ។​ តាមលិខិតខាងលើបានឱ្យដឹងថា ការផ្អាកនេះ ក៏ព្រោះតែក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ ​របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់ ​ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ជាងនេះទៅទៀត ក្រុមហ៊ុនបាន​ធ្វើ​សកម្ម​ភាព​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន​ និង​ ធនធានធម្មជាតិម្តងហើយម្តងទៀត​ខុស​ពី​កិច្ច​សន្យាររហូតដល់ទៅបីលើក ក្នុងនោះរួមមាន៖ ទី១. ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ល្មើសនឹងការចែងក្នុងមាត្រា៨៥០ ចំណុច (ង), ទី២. ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី ល្មើសនឹងការចែងក្នុងមាត្រា៨៥១ ចំណុច (ខ) និង ទី៣. ការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ ល្មើសនឹងការចែងក្នុងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។ ​ […]

កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ

​ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក Oh Chang-seok បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Mugungwha Trust Co., Ltd.  ជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ដែលកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកធ្លាប់បានមកធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនោះមិនទាន់មានក្រុមហ៊ុនណាមកវិនិយោគនៅឡើយ។ ជាងនេះទៅទៀត លោកក៏បាន​បន្ថែមថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ចនេះឱ្យរិតតែមានភាពទូលំទូលាយថែមទៀត។ លោកបន្ត​ បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ចនេះ  […]

អគ្គនាយកដ្ឋានពន្ធដារប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញា ២០២៤

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានី និង នៅតាមបណ្តាខេត្តទាំងអស់ អញ្ជើញទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២៧១៩៩ អពដ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ - Video Advertisement -

ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា

ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំខាងលើ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាព និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ដែរថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ នេះបើយោងតាមការឆ្លើយបំភ្លឺ របស់ឯកឧត្តម […]

រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារពិសេស ដើម្បីពន្លឿនការងារសវនកម្មពន្ធដារ

រដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានកាន់តែឆាប់រហ័ស។ តាមរយៈអនុក្រឹត្យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបង្កើតអង្គភាពនេះឡើង គឺជាយន្តការជំរុញ និងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ស្ដីពីពន្ធដារសំដៅដល់ការកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។ អនុក្រឹត្យដដែលនេះ បញ្ជាក់ទៀតថា អង្គភាពសវនកម្មពន្ធដារពិសេស មានតួនាទី និងភារកិច្ចដូចជា៖ ១-គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព។ ២-ទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្ម ពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម និងសវនកម្មមានកម្រិត លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៣-រៀបចំផែនការសវនកម្មពន្ធដារពិសេសប្រចាំឆ្នាំ ដោយផ្អែកលើសៀវភៅណែនាំស្តីពីការកំណត់ ហានិភ័យលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៤-អាចធ្វើសវនកម្មតាមការស្នើសុំពីសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៥-អនុវត្តការងារតាមបែបបទនិងនីតិវិធីការងារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ៦-ជូនព័ត៌មានទៅសាមីសហគ្រាសអំពីមូលហេតុនៃការជ្រើសរើសយកសហគ្រាស ដើម្បីធ្វើសវនកម្មពន្ធដារ។ ៧-ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ។ និង ៨-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ បើតាមសម្តេចធិបតី អង្គភាពសវនកម្មពន្ធដារពិសេស ត្រូវដឹកនាំដោយប្រធាន១រូប […]

កម្ពុជាចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលសង់មុនថ្ងៃ ១៩ ធ្នូ ១៩៩៧

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់។ នេះបើតាមប្រកាសលេខ ០៥០ ដនស/ប្រក/ក.ក.ច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ប្រកាសនេះ ធ្វើឡើងសម្រាប់អគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដែលខកខានមិនបានចុះបញ្ជីតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវមកចុះបញ្ជីបំពេញបន្ថែមតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំដូចមានចែងក្នុងអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងអនុក្រឹត្យ លេខ១២១ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា៩ និងមាត្រា១៣ នៃអនុក្រឹត្យ លេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។ ចំពោះម្ចាស់នៃចំណែកឯកជន ដែលមានលក្ខខណ្ឌដូចខាងលើ ត្រូវមកដាក់ពាក្យសុំ ដោយផ្តិតមេដៃស្តាំ ឬចុះហត្ថលេខាដោយផ្ទាល់លើពាក្យស្នើសុំចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងត្រូវបង់កម្រៃសេវាសុរិយោដី។ បន្ថែមពីនេះ ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ត្រូវប្រគល់ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែង ឬឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុប្រសិនបើមាន ជូនរដ្ឋបាលសុរិយោដី ដើម្បីដូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ។ ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែងទាំងនោះ ត្រូវបោះត្រាមោឃៈ និងរក្សាទុក នៅរដ្ឋបាលសុរិយោដី។ រីឯច្បាប់ដើមនៃឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុ […]