ឆមាសទី១ ឆ្នាំ២០២៦ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា កើនឡើងប្រមាណ ១៣៦%
ក្នុងឆមាសទី១ ពោលគិតចាប់ពីខែមករា រហូតដល់ត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០៦០០គ្រឿង ពោលគឺកើនឡើងប្រមាណ ១៣៦%។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញឡើងក្នុងកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន ស្តីពីការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីអន្តរក្រសួង សមាគមដឹកជញ្ជូន ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី ប្រតិបត្តិករជាច្រើនរូប។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរយោបល់គ្នា ការស្វែងយល់ពីការចូលរួមចំណែករបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនី ការទទួលយកនូវតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើងខ្លាំងបន្ថែមទៀត។
តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញថា ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើង កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងឆមាសទី១ ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០៦០០ គ្រឿង ដែលក្នុងនោះរួមមាន រថយន្តចំនួន ១៥២៣៩ គ្រឿង ត្រីចក្រយានយន្តចំនួន ៨៦២ គ្រឿង និងទោចក្រយានយន្តចំនួន ៤៤៩៩ គ្រឿង។
ជារួមគិតត្រឹម ៦ខែ ដើមឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គីសនីមានរហូតដល់ ៧៦៣២ គ្រឿង ដែលមានអត្រាកំណើនប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕ (អានបន្ថែម)

- Video Advertisement -