ព័ត៌មានក្នុងស្រុក
រាជរដ្ឋភិបាល នឹងខិតខំកសាងផ្លូវល្បឿនលឿនពីរខ្សែទៀត ភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងកសាងផ្លូវល្បឿនលឿនចំនួនពីរខ្សែទៀត គឺភ្នំពេញ-បាវិត និងវិត និងភ្នំពេញ-សៀមរាប។ «យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម»។ នេះជាសំណេររបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើបណ្តាញសង្គមហ្វេសប៊ុក អំឡុងពេលសម្ដេចកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ធ្នូនេះ។ តបនឹងComment លើហ្វេសប៊ុក សម្តេចតេជោ លើកឡើងថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាបផងដែរ។ (អានបន្ថែម) ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គ្រោងសាងសង់នៅឆ្នាំ២០២៣ ដោយចំណាយថវិការចំនួន ១ ៦៣៨លានដុល្លារអាមេរិក។ នេះបើក្រសួងសាធារណៈការ និងដឹកជញ្ចូន។ រដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីកសាងសាងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត ដែលមានប្រវែង ១៣៨គីឡូម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អមណ្ឌលសុខភាពនៅតាកែវ និងកំពង់ចាម
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងគម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ នេះបើតាមពិធីចុះកិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃទី៨ ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនៃខេត្តទំាងពីរ។ ក្នុងនោះ ជំនួយជាង ១៦ម៉ឺនដុល្លារអាមេរិក នឹងយកទៅសាងសង់អគារស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត ដើម្បីដំឡើងឧបករណ៍ចំនួន ១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា។ បច្ចុប្បន្នមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានេះ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករេចរឹលដោយឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់នៅសម្រាប់អ្នកជំងឺ។ មួយវិញទៀត ថវិកាជាង ៣៤ម៉ឺនដុល្លារទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ស្របពេលដែល មន្ទីរពេទ្យនេះ បាននិងកំពុងប្រឈមនឹងបញ្ហាដូចជា ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភពបច្ចុប្បន្នសម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។ គួរបញ្ជាក់ថា ជំនួយនេះស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដែលកន្លងទៅថ្មីៗនេះ ជប៉ុនបានផ្តល់ជំនួយជាង ៣៥ម៉ឺនដុល្លារអាមេរិករួចមកហើយ សម្រាប់គម្រោងសាងសង់អគារមេត្តយ្យសិក្សា សាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តចំនួន ០៤។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកូរ៉េផ្តល់កម្ចី ៧០លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពខ្សែបញ្ជូនអគ្គិសនីនៅព្រះសីហនុ
រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ ៧០លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងពង្រឹងសមត្ថភាពបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចេះហត្ថលេខានៅថ្ងៃទី៩ ខែវិច្ឆិកា ដោយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ឥណទានសម្បទាននេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា។
អានបន្ថែមកម្ពុជាបានកម្ចីជិត ២ពាន់លានដុល្លារ ពីកូរ៉េ ក្នុងនោះជាង ២៤៥លានដុល្លារ សម្រាប់សង់ស្ពានអរិយក្សត្រ
រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន០២ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ កម្ចីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ក្នុងនោះដែរកម្ចីចំនួន ៧០លានដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ ដោយឡែក រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ក៏បានផ្តល់កម្ចីចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលនឹងចូលរួមចំណែកក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អានបន្ថែមសាលាឧទ្ធរណ៍ភ្នំពេញនឹងត្រូវប្តូរទៅតំបន់អភិវឌ្ឍន៍ថ្មី OCIC នៅដើមឆ្នាំក្រោយ
សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ បើយោងតាមប្រភពដដែលបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដែលទីតាំងថ្មីនេះ ស្ថិតក្នុងអគារសាលាយុត្តិធម៌ ដីឡូតិ៍លេខ Bតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហម ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ទីតាំងសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវប្តូរទៅនៅក្នុងតំបន់អភិវឌ្ឍន៍ OCIC រួមជាមួយនឹងសាលាឧទ្ធរណ៍ភ្នំពេញផងដែរ។ សាលាយុត្តិធម៌ទាំងពីរនេះ នឹងប្តូរទៅកាន់អគារកម្ពស់ ៧ជាន់ថ្មី ដែលមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលរដ្ឋក៏នឹងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់ការបំពាក់បរិក្ខារ និងគ្រឿងសង្ហារិម។ (អានបន្ថែម)
អានបន្ថែមWB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅដដែល ដោយផ្អែកលើកត្តាទាំងនេះ
ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ឱ្យនៅស្ថិនក្នុងរង្វង់ ៤,៨ភាគរយ ដដែល ដោយមានការគាំទ្រដោយកំណើននៃការនាំចេញ ផលិតកាត់ដេរ និងមិនមែនកាត់ដេរ ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។ ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្រោមចំណងជើងថា Navigating Global Economic Headwinds ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ធនាគារពិភពលោក លើកឡើងថា ការព្យាករណ៍កំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់ ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ដោយផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។ ធនាគារពិភពលោក បន្តលើកឡើងថា ការកើនឡើងនៃការនាំចេញ – ជាពិសេសសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងការផលិតកង់ ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការវិលត្រលប់មកវិញនៃលំហូរ វិនិយោគដោយផ្ទាល់ពីបរទេស បានជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំនេះ។ ធនាគារពិភពលោក លើកឡើងថា ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និងអតិផរណាធ្លាក់ចុះ រួមជាមួយនឹងការចំណាយរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបោះឆ្នោត ការព្យាករណ៍កំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកត្រឹម ៥,២ ភាគរយដោយសារតែ ទស្សនវិស័យសកលមិនសូវអំណោយផល។
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ តម្លៃជាង២០លានដុល្លារ នឹងបញ្ចប់តាមផែនការ
គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល តម្លៃជាង២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់តាមផែនការកំណត់នៅខែធ្នូ ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជា-ជប៉ុន បានចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់ដោយផ្ទាល់នៅថ្ងៃទី៦ ធ្នូ ២០២២។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតរបស់ពលរដ្ឋនៅភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់ថែមទៀតផង។ គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន មានតម្លៃប្រមាណជាង ២០លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដោយចាប់ផ្តើមដំណើរការសាងសង់តាំងពីខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈគម្រោងនេះដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការថែទាំលក្ខណៈបច្ចេកទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន៕ […]
អានបន្ថែមរដ្ឋនឹងបន្ថែម ១០០លានដុល្លារ ដល់ធនាគារSME ខណៈធ្លាប់ផ្តល់ ៤២៣លានដុល្លារ រួចមកហើយ
រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានអាមេរិក បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) នៅក្នុងឆ្នាំ២០២៣ ខណៈដែលធ្លាប់បានផ្តល់ឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិករួចមកហើយ។ នេះបើតាមសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នោថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកា ១០០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។ កន្លងមក លោកបានកត់សម្គាល់ឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅតែមានតម្រូវការហិរញ្ញប្បទានច្រើនសម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ SME Bank ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូចនិងមធ្យមចំនួន ៣១៦៥មូលដ្ឋាន ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩។
អានបន្ថែមរដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%
រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន និងដៃគូអភិវឌ្ឍសំខាន់ៗជាច្រើនទៀតដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី សម្រាប់ធ្វើជាផែនទីចង្អុលផ្លូវបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងលើកទឹកចិត្តអ្នកប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើយោងតាមសិក្ខាសាលារបស់ក្រសួងនៅថ្ងៃទី០៥ ខែធ្នូ ។ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ មានរយានយន្តអគ្គិសនីចំនួនសរុប ៦២៥គ្រឿងបានចុះបញ្ជី កើនប្រហែល ១១៥៣% ប្រៀបធៀបទៅនឹងឆ្នាំ២០២១។ តាមតួលេខខាងលើនេះ បានបង្ហាញថា បច្ចុប្បន្នការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្លាំង ហេតុដូច្នេះហើយទើបរដ្ឋាភិបាលចាប់ផ្តើមបង្កើតក្រុមការងារដោយមានការចូលរួមពីអន្តរក្រសួង៩ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្តមបន្តថា ក្រសួងបាននិងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ដើម្បីគាំទ្រការកំណត់យកបទដ្ឋានបច្ចេកទេស ការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងជំរុញការផលិតយានយន្តអគ្គិសនីនៅកម្ពុជាជាដើម។
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្ត២
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១៨៦ ៨៥៦ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាន និងការស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរវាងលោក តានិណៃ អ៊ីឈិតុម៉ុ (TANINAI Ichitomo) ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ លោក តានិណៃ អ៊ីឈិតុម៉ុ បានថ្លែងថា គម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសស្ពានឈើដែលពុកផុយ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទឹកប្រាក់ចំនួន ៩៩២១២ ដុល្លារអាមេរិក។ លោកបន្ថែមថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន ៣៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាព។ ដោយឡែក ថវិកាចំនួន ៨៧៦៤៤ ដុល្លារអាមេរិក នឹងយកទៅប្រើប្រាស់សម្រាប់គម្រោងស្តារទំនប់ និងលូមូលចំនួន ៣ ដែលរងការខូចខាតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈបច្ចុប្បន្ននេះ បរិក្ខារធារាសាស្ត្រដែលរងការខូតខាតមិនអាចស្ដុកទឹកភ្លៀងបានគ្រប់គ្រាន់ ក្នុងរដូវវស្សាសម្រាប់ធ្វើស្រែចម្ការ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង៤.៥០០នាក់ […]
អានបន្ថែម