កូរ៉េផ្ដល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាង៦៦លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូនៃក្រុមហ៊ុនកូរ៉េ ដែលពិនិត្យលើសាងសង់មន្ទីរពេទ្យថ្មីនេះ។ មន្ទីរពេទ្យរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ នឹងត្រូវសាងសង់លើផ្ទៃដីជាង២ហិកតា មានកម្ពស់ ៨ជាន់ មានគ្រែសម្រាប់អ្នកជំងឺសម្រាក ២០០គ្រែ នឹងអាចពង្រីករហូតដល់៤០០គ្រែ។ ក្រុមហ៊ុនកូរ៉េខាងត្បូង Inje Joint Venture ត្រូវបានជ្រើសរើសជាក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យគម្រោង។ តាមផែនការ រយៈពេលគម្រោងនេះ មាន៤៣ខែ ដោយក្នុងនោះ ការរចនាមានរយៈពេល ១០ខែ ការដេញថ្លៃរកអ្នកម៉ៅការ ៤ខែ ការសាងសង់ ២៦ខែ និងការធ្វើប្លង់ប្រើប្រាស់គំរូ ឬSimulation ៣ខែ។ ក្រុមហ៊ុន Inje Joint Venture កំពុងពិនិត្យ ពិភាក្សា និងស្នើសុំការអនុម័តទៅលើ Inception Report ដើម្បីបន្តការអនុវត្តគម្រោងឱ្យបានទៅតាមការវិភាគដែលបានគ្រោងទុក។

អាន​បន្ថែម

ធនាគារព្រីនស៍ បោះទុនបន្ថែម ៣៥លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ គម្រោងព្រលានតេជោថ្មី តាមរយៈ សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដែលធ្វើឱ្យធនាគារនេះមានទុនវិនិយោគសរុប ៥០លានដុល្លារ ក្នុងគម្រោងព្រលានថ្មីនេះ។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ នាយកក្រុមហ៊ុន CAIC លោក Charles Vann និងនាយកប្រតិបត្តិធនាគារព្រីនស៍ លោក ហ៊ន់ សុរចនា នៅក្រោមវត្តមានរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា Chen Zhi ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អត្រាការប្រាក់ របស់សញ្ញាបណ្ណ នេះ គឺ៥,៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣១,១% ហើយ ដែលក្រុមហ៊ុន CAIC បានចំណាយទឹកប្រាក់សរុប ៤៣៤ លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី។

អាន​បន្ថែម

ធនាគារពិភពលោកបង្ហាញពីហានិភ័យ ៧ ចំណុច ដែលនឹងបង្អាក់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើនពី ៣,៨ ទៅ ៤,៥% ក្ដី។ ក្រៅពីឥណទានខ្ពស់ក្នុងវិស័យទាំង២  WorldBank ក៏បានក្រើនពីហានិភ័យដែលអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្សេងទៀតដូចជា ភាពមិនច្បាស់លាស់នៃជំងឺកូវីដ ការឡើងថ្លៃនៃថាមពល និងស្បៀង ការធ្លាក់ចុះនៃតម្រូវការសកល សង្គ្រាមអ៊ុយក្រែន បម្រែបម្រួលសេដ្ឋកិច្ចប្រទេសចិន និងការបន្ដឹងទីផ្សារហិរញ្ញវត្ថុនៅអាមេរិកជាដើម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៥ ខែមេសា។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ឥណទានសម្រាប់សកម្មភាពសំណង់ និងអចលនទ្រព្យមានដល់ ៦,៩ ពាន់លានដុល្លារឬ ស្មើនឹង ១៨% នៃឥណទានអ្នកប្រើប្រាស់សរុបចំនួន ៣៨,៦ ពាន់លានដុល្លារ។ ក្នុងនោះ ឥណទានសម្រាប់វិស័យសំណង់មានចំនួន ៣,៥ ពាន់លានដុល្លារ  ខណៈឥណទានដល់អចលនទ្រព្យមាន  ៣,៣ ពាន់លានដុល្លារ។  

អាន​បន្ថែម

WB ៖ កត្ដា ៣ នឹងជំរុញការវិនិយោគនៅកម្ពុជា ខណៈកំណើនGDP ឆ្នាំ២០២២ អាចដល់ ៤,៥%

ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ចិន និងកម្ពុជា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគនៅកម្ពុជាមួយកម្រិតធំ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ក៏ត្រូវបានព្យាករណ៍ថាអាចមានដល់ទៅ ៤,៥%។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬRCEP គឺជាកិច្ចព្រមព្រៀងរវាង១០ប្រទេសនៃអាស៊ាន និងដៃគូពាណិជ្ជកម្ម មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូវសេឡែន។ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមាន រួចហើយ នៅដើមឆ្នាំ២០២២នេះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េខាងត្បូង អាចនឹងចូលជាធរមានឆាប់ៗនេះ។ របាយការណ៍របស់ World Bank ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចន្លោះពី ៣,៨ ទៅ ៤,៥% ក្នុងឆ្នាំ២០២២ អាស្រ័យលើស្ថានភាពជាក់ស្ដែង។

អាន​បន្ថែម

ក្រុមហ៊ុន Prudential វិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានការធានារបស់ក្រុមហ៊ុន CAIC

ក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc បានវិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បីប្រមូលទុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅខេត្តកណ្តាល។ កិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយដំណាងក្រុមហ៊ុន Cambodia Airport Investment Co Ltd និងក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc។ មានការធានាដោយ ក្រុមហ៊ុន OCIC ការប្រាក់នៃសញ្ញាបណ្ណមានការធានា ៥,៥ភាគរយ ក្នុងមួយឆ្នាំ ដែលមានការកំណត់រយៈពេល៣ឆ្នាំ។ បច្ចុប្បន្ន ការសា្ថបនាអាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រេចការសាងសង់បាន ៣១,១ ភាគរយ ដោយក្រុមហ៊ុនបានវិនិយោគ ប្រមាណ ៤៣៤លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី៕

អាន​បន្ថែម

គម្រោងពង្រីកឆ្នេរ ២៧០០ ម៉ែត្រ នៅខេត្តកែប បើកឱ្យភ្ញៀវទេសចរចូលកម្សាន្ត

គម្រោងពង្រីកឆ្នេរថ្មី ប្រវែង ២៧០០ ម៉ែត្រ នឹងបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តនៅថ្ងៃចូលឆ្នាំថ្មី ខាងមុខនេះហើយ បើទោះបីជាការចាក់ដី និងការងារដាំដើមឈើ និងការងារសួនច្បារ មិនទាន់ចប់ទាំងស្រុងក្តី។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសា នេះថា ការងារចាក់បំពេញដី និងធ្វើផ្លូវបេតុងនៅតំបន់ឆ្នេរខ្សាច់នេះ សម្រេចបាន ១០០ ភាគរយ។ ឯកឧត្តម សោម ពិសិដ្ឋ ថ្លែងថា៖ “គម្រោងនេះ មិនទាន់ហើយទាំងស្រុងទេ នៅការងារបូមខ្សាច់ ដាំដើមឈើ និងសួនច្បារ។ ប៉ុន្តែទោះជាយ៉ាងណា ភ្ញៀវទេសចរជាតិ អន្តរជាតិអាចចូលសម្រាក លំហែ កម្សាន្តបាន”។ បើតាមឯកឧត្តម សោម ពិសិដ្ឋ កន្លងមកមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលទៅកម្សាន្តលើឆ្នេរថ្មីនេះជាបន្តបន្ទាប់។ គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដា។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េខាងត្បូងចង់វិនិយោគប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃនៅកម្ពុជា

ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េខាងត្បូង ស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបមួយ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ កាលពីដើមខែមេសា។ ក្នុងជំនួបនោះ ដំណាងក្រុមហ៊ុន បានលើកឡើងថា ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

អាន​បន្ថែម

ក្រសួងដែនដី ចុះMoU ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ពង្រឹងស្ដង់ដាសំណង់ និងការរៀបចំក្រុង

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា Eurocham Cambodia បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយកម្ពុជាពង្រឹងស្ដង់ដាវិស័យសំណង់ និងផែនការរៀបចំក្រុង។ MoU ត្រូវបានចុះហត្ថលេខ កាលពីថ្ងៃទី១ ខែមេសា ដោយឯកឧត្តម លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និង លោក Tassilo Brinzer ប្រធាន EuroCham Cambodia។ ក្រោម MoU នេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងជួយផ្ដល់យោបល់ដល់ក្រសួង ក្នុងដំណើរការរៀបចំច្បាប់ និងគោលនយោបាយថ្មីៗ ពិសេសលើផ្នែកនៃការគ្រប់គ្រងដីធ្លី ផែនការរៀបចំទីក្រុង សំណង់ លំនៅឋាន និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ជាដើម។ លើសពីនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាក៏បានប្តេជ្ញាថា នឹងជួយគាំទ្រឌីជីថលនីយកម្មនៃវិស័យអចលនទ្រព្យ និងសំណង់ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់នៃវិស័យទាំង ២ នេះ ឱ្យបានច្រើនជាងមុន ផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុន Medtecs វិនិយោគ ៣លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានវិនិយោគ ៣លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមលើគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែមេសា រវាងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Medtecs លោក Clement Yang និង សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ ក្រោមវត្តមានឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ។ ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជម្រុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និង ឧបករណ៍ការពារផ្ទាល់ខ្លួន PPE។ ពីឆ្នាំ១៩៩៩ គិតមកដល់សព្វថ្ងៃនេះ មានបុគ្គលិកបម្រើការ ជាង ៤០០០ នាក់នៅរោងចក្រ របស់ខ្លួននៅខេត្តកំពង់ចាម។

អាន​បន្ថែម

សម្ដេច ពន្លឿនគម្រោងប្ដូរខ្សែរថភ្លើង ព្រះសីហនុ និងប៉ោយប៉ែតជារថភ្លើងល្បឿនលឿន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការងារស្វែងរកដៃគូមកវិនិយោគធ្វើទំនើបកម្មរថភ្លើងទាំង ២ខ្សែ នៅកម្ពុជា គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ដោយបញ្ជាក់ថា ក្រៅពីធ្វើឱ្យផ្លូវចាស់ក្លាយជាផ្លូវដែកល្បឿនលឿន កម្ពុជាក៏នឹងសង់ផ្លូវដែកបន្ថែមទៀត ជាច្រើនខ្សែផងដែរ។ សម្តេចតេជោ ថ្លែងថា៖ «ឥឡូវនេះ ប្រព័ន្ធផ្លូវដែកស្រាប់យើង គឺហួសសម័យ ដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ២០ គីឡូ ឬ៣០គីឡូ។ ចឹងជំនួសវិញដោយផ្លូវដែកល្បឿនលឿន នៅតាមខេត្តទាំងពីរទិសនេះតែម្តង ជាមួយនឹងការរៀបចំបន្ថែមទៀត ខ្សែរថភ្លើង ក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង»។ សូមបញ្ជាក់ថា បច្ចុប្បន្ន ខ្សែរថភ្លើងទាំង២ ខ្សែ នេះ ស្ថិតក្រោមការគ្រប់គ្រងក្នុងទម្រង់វិនិយោគសម្បទាន ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។

អាន​បន្ថែម