ព័ត៌មានក្នុងស្រុក
គម្រោងផ្លូវល្បឿនលឿនលើអាកាសទៅព្រលានភ្នំពេញថ្មីផ្អាកសិន តែនឹងសង់ផ្លូវធម្មតាលើដីជំនួសវិញ
ក្រុមហ៊ុន OCIC កំពុងសិក្សាលទ្ធភាពសាងសង់កំណាត់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានភ្នំពេញថ្មី ខណៈគម្រោងផ្លូវល្បឿនលឿនលើអាកាសអាចនឹងត្រូវពន្យារសិន ឬសាងសង់តាមក្រោយ នៅពេលផ្លូវធម្មតាលើដីមានកំណើនចរាចរណ៍ច្រើន។ នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ ដោយបញ្ជាក់ថា គម្រោងនេះ ជាគម្រោងដាច់ដោយឡែកពីគម្រោងសាងសង់ព្រលានរបស់ក្រុមហ៊ុន OCIC។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ក្រុមហ៊ុនបានប្រាប់ថា កំពុងសិក្សា…គាត់អត់ទាន់ធ្វើដល់ផ្លូវរត់លើអាកាសទេ គាត់ធ្វើផ្លូវរត់លើដីសិន ដែលភ្ជាប់ពីផ្លូវជាតិលេខ២ ទៅAirportមុន ដូច្នេះយើងអាចប្រើប្រាស់ផ្លូវ៦០ម៉ែត្រ រួចឆ្លងផ្លូវជាតិលេខ២ ចូលទៅផ្លូវកាត់តែម្តង»។ ឯកឧត្តម បន្ដថា ដំណាក់កាលទី២ គឺជាគម្រោងសាងសង់ផ្លូវលើអាកាស តែនឹងធ្វើនៅពេលដែលមានកំណើនចរាចរណ៍ច្រើនរវាងព្រលានថ្មី និងរាជធានីភ្នំពេញ តែត្រង់ចំណុចខ្លះក៏មានផ្លូវរត់លើដីផងដែរ។ សូមបញ្ជាក់ថា គម្រោងកសាងអាកាសយានដ្ឋានភ្នំពេញថ្មី មកទល់បច្ចុប្បន្នសម្រេចបានការសាងសង់បានប្រមាណ ២៦% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ OCIC ផ្ទាល់កាលពីដើមសប្ដាហ៍នេះ ខណៈទឹកប្រាក់ប្រមាណជាង ៣៤០លានដុល្លារ ក៏ត្រូវបានចាក់បញ្ចូលក្នុងគម្រោងរួចមកហើយ ដោយមិនរាប់បញ្ជូលតម្លៃដី៕
អានបន្ថែមអាជ្ញាធភ្នំពេញប្រកាសឱ្យបិទចរាចរផ្លូវ ៣០ម៉ែត្រ ថ្ងៃទី៨ វិចិ្ឆកានេះ ដើម្បីសម្ពោធក្រសួងដែនដីថ្មី
អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឱ្យយានយន្តគ្រប់ប្រភេទបញ្ចៀសចរាចរណ៍លើផ្លូវ៣០ម៉ែត្រ ជាបណ្តោះអាសន្ននៅថ្ងៃទី ៨ វិច្ឆិកា ព្រោះនឹងមានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការបញ្ចៀសចរាចរណ៍ គឺសម្រាប់កំណាត់ផ្លូវ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដោយនឹងបិទចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់កម្មវិធីចប់។ អាស្រ័យហេតុនេះ សូមបងប្អូនម្ចាស់យានយន្តទាំងអស់ជ្រាបជាដំណឹង ដើម្បីបញ្ចៀសការខកដំណើរផ្សេងៗ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំង និងកាលបរិច្ឆេទខាងលើ។ គួររម្លឹកដែរថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសនឹងចូលរួមធ្វើជាអធិបតីភាព នៃពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ៕ (អានបន្ថែម)
អានបន្ថែមខេត្តសៀមរាបត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២
ខេត្តសៀមរាបកំពុងត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២-២០២៥ ខណៈបច្ចុប្បន្នក្រុមការងារកំពុងចងក្រងឯកសារដើម្បីដាក់ស្នើ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។ លោក ង៉ូវ សេងកាក់ ប្រធានលេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប បានឱ្យដឹងថា ការប្រជុំចងក្រងឯកសារនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើសូចនាករ នីតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣។ លោកបន្តថា រដ្ឋបាលខេត្តសៀមរាបយល់ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ ទាំង៤១ នៅទូទាំងប្រទេស។ ការរៀបចំបង្កើតនូវការប្រឡងប្រណាំងទីក្រុងស្អាត ក៏បានជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីក្រុង ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់។ គួរបញ្ជាក់ថា ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣នេះ មានសុពលភាព៣ឆ្នាំ ដោយគិតពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥ ហើយគណៈកម្មាធិការបានកំណត់យកការបរិច្ឆេទនៃការដាក់ពាក្យតាមប្រព័ន្ឋអនឡាញចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងចុះវាយតម្លៃទីតាំងជាក់ស្តែង ចន្លោះពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ គួររម្លឹកដែរថា កាលនៅឆ្នាំ២០១៨កន្លងទៅ ខេត្តសៀមរាប ទទួលបានពានរង្វាន់ផ្ការំដួល៣ទង ពីចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ៕
អានបន្ថែមអាជ្ញាធរសៀមរាបកំពុងពន្លឿនដំណើរការរៀបចំកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ
រដ្ឋបាលខេត្តសៀមរាប កំពុងពន្លឿនរៀបចំ និងជួសជុលកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ ដើម្បីត្រៀមបម្រើសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ថាកំពង់ផែចុងឃ្នៀសជាកំពង់ផែសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប។ ហេតុនេះ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរដែលនឹងចូលមកដើមឆ្នាំ ២០២២ នេះ ឯកឧត្តម បានជំរុញអង្គភាពពាក់ព័ន្ធឱ្យពន្លឿនការងាររៀបចំកំពង់ផែនេះឱ្យបានឆាប់រហ័ស។ សូមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលត្រូវបានរដ្ឋាភិបាលដកហូតទីតាំងវិនិយោគពីក្រុមហ៊ុន ស៊ូ ជីង អ៊ិនវេសមិន មកជាសម្បត្តិរដ្ឋវិញ។ (អានបន្ថែម) ដូច្នេះ កំពង់ផែគឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តជាបណ្តោះអាសន្ន តាំងពីចុងខែសីហាកន្លងមក។
អានបន្ថែមក្រសួងនឹងប្រើអគ្គិសនីលើប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញដើម្បីបន្ថយការបំពុលបរិស្ថាន
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើអគ្គិសនីដើម្បីដំណើរការលើបណ្តាញដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃការចូលរួមកាត់បន្ថយនៃការបញ្ចេញឧស្ម័នពុលពីវិស័យដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដូច្នេះនៅក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។ ឯកឧត្តម មានប្រសាសន៍ថា ក្រសួងផ្តោតលើការសិក្សាប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ ចំនួន៣ គឺរថភ្លើង AGT រថភ្លើង Monorail និងរថភ្លើងក្រោមដី (Subway)។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្នុងដំណើរការបញ្ចប់ការដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ ទាក់ទងថាតើយើងប្រើ រថភ្លើងAGT ឬរថភ្លើង Monorail ឬរថភ្លើង Subwayក៏ដោយ… ច្បាស់ណាស់យើង នឹងប្រើអគ្គិសនីលើការដឹកជញ្ជូនសាធារណៈនេះ»។ គម្រោងចំនួន២ គឺរថភ្លើង AGT និងគម្រោងរថភ្លើង Monorail បានបញ្ចប់ការសិក្សារួចហើយ ដែលក្រសួងនៅរង់ចាំការសិក្សាគម្រោងរថភ្លើងក្រោមដី (Subway) បញ្ចប់ ដើម្បីពិចារណាជ្រើសរើសគម្រោងណាដែលសមស្រប និងមានតម្លៃវិនិយោគទាប។
អានបន្ថែមរដ្ឋរៀបចំផែនទីបណ្ដាញផ្លូវជាតិឡើងវិញ ដើម្បីគ្រប់គ្រងនិងជួសជុលដោយមានប្រសិទ្ធភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់នានាទូទាំងប្រទេស និងរៀបចំចេញជាផែនទីបណ្ដាញផ្លូវបែបគ្រប់ជ្រុងជ្រោយថ្មី ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ការធ្វើបច្ចុប្បន្នភាពផ្លូវថ្នល់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញ ផ្លូវថ្នល់ ឆ្នាំ២០២០។ បើយោងតាម ឯកឧត្តម លឹម ស៊ីដេនីន ការរៀបចំផែនទីបណ្ដាញថ្មីនេះ នឹងជួយសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ឱ្យងាយស្រួល និងលឿនជាងមុន ព្រោះក្រសួងមានទិន្នន័យគ្រប់គ្រាន់នៅក្នុងដៃ។ សូមជម្រាបជូនថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានជំរុញឱ្យមន្រ្តីមន្ទីរខេត្តចុះត្រួតពិនិត្យជាប្រចាំ ផ្លូវខូច និងគំនូសចរាចរណ៍ តាមដងផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អានបន្ថែមធនាគារ Prince បោះទុន១៥លានដុល្លារ លើគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមរយៈមូលបត្របំណុល
ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CIAC) ដែលជាអ្នកអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចលក់មូលបត្របំណុលមានការធានា (guaranteed bond) តម្លៃ ១៥លានដុល្លារ ឱ្យទៅធនាគារ Prince ដើម្បីប្រមូលទុនបន្ថែមទៅសាងសង់ព្រលានភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល។ មូលបត្របំណុលមានការធានានេះ ត្រូវបានធានាដោយក្រុមហ៊ុន Oversea Cambodia investment Corporation LTD (OCIC) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CIAC។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងរវាង លោកឧកញ៉ា Chales Van នាយកប្រតិបត្តិក្រុមហ៊ុន CIAC និងលោក HONN Sorachna នាយកប្រតិបត្តិនៃធនាគារ Prince កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ មូលបត្របំណុលមានការធានានេះ នឹងផ្តល់អាត្រាការប្រាក់ប្រមាណ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន២៦% ដោយទឹកប្រាក់សរុបជាង ៣៤៦លានដុល្លាអាមេរិក ត្រូវបានចាក់បញ្ចូលរួចហើយ (មិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច)។ អាកាសយានដ្ឋានលំដាប់ខ្នាត 4F ដែលកំពុងសាងសង់លើទំហំដីជាង ២៥០០ហិកតា […]
អានបន្ថែមបារាំងសម្រេចផ្ដល់កម្ចី ២៣លានដុល្លារដល់កម្ពុជាដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់កម្ចីចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ) ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង ៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS ជានាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខា ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣វិច្ឆិកា កន្លងទៅ។ កម្ចី ២៣លានដុល្លារ នេះនឹងត្រូវប្រើដើម្បីស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ១៦កន្លែង ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ ដោយនៅក្នុងនោះ មាន៨កន្លែងនៅខេត្តបាត់ដំបង និង៧កន្លែងនៅបន្ទាយមានជ័យ។ ដោយឡែក ថវិកា ៣៤៦ ៨០០ ដុល្លារទៀត គឺជាជំនួយឥតសំណងដែលមូលនិធិ FAPS (Facility for Support, Preparation and Implementation of Project) […]
អានបន្ថែមផ្សារទំនើប Century Plaza បញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់
ការដ្ឋានផ្សារទំនើបសិនជូរីផ្លាហ្សា (Century Plaza) ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានបញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ជាស្ថាពរ ក្រោយសាងសង់អស់ពេលមួយរយៈធំ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។ ពិធីសម្ពោធការបញ្ចប់ផ្នែកគ្រឿងបង្គុំធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាពអភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន។ ថ្លែងនៅក្នុងពិធីនេះ លោក នួន ផារ័ត្ន ការបញ្ចប់ជាស្ថាពរនូវការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់អគារផ្សារទំនើបសិនជូរីផ្លាហ្សានេះ បានបង្ហាញពីភាពរឹងមាំនៃការងើបឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងជំនឿទុកចិត្ត និងការជឿជាក់ របស់វិនិយោគិនមកលើរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា ផ្សារទំនើបសេនជូរីផ្លាហ្សានេះ មានទីតាំងនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ (អានបន្ថែម)
អានបន្ថែមបារាំង ផ្ដល់ជំនួយប្រមាណ៥០ម៉ឺនដុល្លារ ជួយលើកកម្ពស់វិស័យអាកាសចរស៊ីវិលកម្ពុជា
រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០ពាន់អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា។ ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) កាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ ជំនួយឥតសំណងនេះ នឹងប្រើប្រាស់ដើម្បីលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាននៅកម្ពុជា ទិសដៅបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាស។ គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន៤ រួមមាន ការពង្រឹងប្រព័ន្ធគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន ការបណ្តុះបណ្តាលសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយានដ្ឋាន ការបណ្តុះបណ្តាលសមត្ថភាពពេទ្យអាកាសចរ និងការពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃថា ជំនួយឥតសំណងនេះ ពិតជាឆ្លើយតបសេចក្តីត្រូវការ និងការងារជាអាទិភាពនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង បានជួយអនុវត្តគម្រោងផ្សេងៗជាច្រើនដូចជា គម្រោងកសាងសមត្ថភាពដល់មន្រ្តីបច្ចេកទេស ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ចលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាផងដែរ៕
អានបន្ថែម