សម្ដេច ហ៊ុន សែន នឹងប្រើថវិកាជ័យលាភី ១លានដុល្លារ សម្រាប់សាងសង់ផ្ទះឱ្យអតីតយុទ្ធជន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងប្រើប្រាស់ទឹកប្រាក់ ១លានដុល្លារ បានពីជ័យលាភីមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ២០២១ កាលពីថ្មីៗនេះ សម្រាប់កសាងផ្ទះជូនអតីតយុទ្ធជន។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានមេដាយ ពីមហាសន្និបាទ នៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ ថ្លែងនៅក្នុងពិធីប្រគល់ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃអាទិត្យ សម្តេចតេជោ ថ្លែងថា៖ «មួយលានដុល្លារដែលខ្ញុំបានទទួល ខ្ញុំនឹងយកទៅកសាងផ្ទះឱ្យអតីតយុទ្ធជន»។ បើតាមសម្តេចតេជោ ការកសាងផ្ទះជូនអតីតយុទ្ធជន គឺត្រូវចំណាយប្រមាណ យ៉ាងតិច ៤ពាន់ដុល្លារក្នុងខ្នងផ្ទះ ដូច្នេះទឹកប្រាក់ ១លានដុល្លារនេះ អាចនឹងសាងសង់ផ្ទះបានយ៉ាងហោច ២៥០ ខ្នង។

អាន​បន្ថែម

ចិនប្រគល់ពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជាជាផ្លូវការ ព្រមទាំងចុះហត្ថលេខាកិច្ចព្រមព្រៀមសំខាន់ៗ ៦

ប្រទេសចិន កាលពីថ្ងៃទី ១២ កញ្ញា កន្លងមកនេះ បានប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃជាង ១៥០លានដុល្លារ ជូនកម្ពុជាជាផ្លូវការហើយ ព្រមនឹងចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងសំខាន់ៗចំនួន៦ បន្ថែមទៀត ដើម្បីផ្ដល់ជំនួយនានាដល់កម្ពុជាទាំងបច្ចេកទេស និងថវិកាសរុបជាង ២៧០ លានដុល្លារ។ ពិធីទាំងពីរនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសចិន។ កម្មវិធីធំទី ១ គឺការប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ លើផ្ទៃដីទំហំជាង ១៦ ហិកតា ក្រោមជំនួយឥតសំណងរបស់ចិនជាង ១៥០ លានដុល្លារ។ បច្ចុប្បន្នការដ្ឋាន បានបញ្ចប់១០០% ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺន នាក់ ត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣។ ដោយឡែក កម្មវិធីទី ២ គឺ ពិធីចុះហត្ថលេខារវាងកម្ពុជា-ចិនលើឯកសារចំនួន០៦ រួមមាន៖ ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ […]

អាន​បន្ថែម

ក្រុមហ៊ុន Renaissance Minerals ទទួលបានអាជ្ញាបណ្ណសិទ្ធរុករ៉ែមាសនៅខេត្តត្បូងឃ្មុំហើយ

ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) រុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ថែមទៀត ក្រោយក្រុមហ៊ុនមួយនេះទើបប្រកាសបើកឧស្សាហកម្មរ៉ែមាសខ្នាតពាណិជ្ជកម្មដំបូងបង្អស់នៅកម្ពុជា ក្នុងខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងមកនេះ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ធ្លាប់មានប្រសាសន៍ថា តាមរយៈប្រតិបត្តិការរបស់ក្រុមហ៊ុន Renaissance Minerals កម្ពុជាអាចចម្រាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ ឬស្មើនឹង ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម) គិតត្រឹមខែសីហា រ៉ែមាស ៥៩ គីឡូក្រាម ដំបូងត្រូវបាននាំចេញពីកម្ពុជាទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលីហើយ ខណៈក្រុមហ៊ុនគ្រោងនាំចេញលើកទី២ ក្នុងបរិមាណ ១០០គីឡូ នៅក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម)

អាន​បន្ថែម

ស្រុកកៀនស្វាយស្វាគមន៍គម្រោងវិនិយោគថ្មីមួយតម្លៃជាង ៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងវិនិយោគថ្មីមួយតម្លៃ ៥លានដុល្លារ ដែលមានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគគឺ ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD ដែលនឹងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយរំពឹងថានឹងបង្កើតការងារបាន ១ ៤១៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរជម្រាប់ដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក៕ (អានបន្ថែម)

អាន​បន្ថែម

ខេត្តកំពតនឹងមានរោងចក្រផលិតទឹកស្អាតថ្មីមួយតម្លៃជាង ១,៣ លានដុល្លារ

រដ្ឋបាលខេត្តកំពត សម្រេចអនុម័តឱ្យក្រុមហ៊ុន ស៊ិន ហ៊ួរឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) វិនិយោគ ១,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទឹកស្អាតខ្នាតធំមួយនៅក្រុងកំពត។ នេះបើតាមកិច្ចប្រជុំភាគីពាកព័ន្ធកាលពីថ្ងៃទី ០៩ ខែកញ្ញា នេះ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា រោងចក្រនេះនឹងសាងសង់ឡើងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ក្រោយសាងសង់រួច រោងចក្រនឹងមានមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដោយក្រុមហ៊ុនគ្រោងនឹងផលិតទឹកស្អាតឱ្យបាន ២លានម៉ែត្រគូបនៅក្នុងឆ្នាំដំបូង។ គួរបញ្ជាក់ថា គម្រោងនេះ ក៏នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់សរុបចំនួន ៥៤នាក់ ផងដែរ។ ខេត្តកំពតជាខេត្តកំពុងមានសក្ដានុពលទេសចរណ៍មួយ ដែលឃើញថាមានការអភិវឌ្ឍជាបន្ដបន្ទាប់ តួយ៉ាងដូចជា គម្រោងកំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ គម្រោងអភិវឌ្ឍទីក្រុងបូកគោ គម្រោងស្ដារផ្លូជាតិធំៗ ៣ខ្សែ និងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ ជាដើម។

អាន​បន្ថែម

ក្រសួងសាធារណការចាប់ដៃជាមួយឯកជន ពង្រឹងជំនាញបច្ចេកទេសដល់និស្សិត

វិទ្យាស្ថាន តេជោសែន សាធារណការ បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន RMA Cambodia Plc ដែលជាក្រុមហ៊ុនឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និងឧបករណ៍ធុនធ្ងន់ ក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិតក្នុងវិទ្យសា្ថនឱ្យមានជំនាញច្បាស់ជាងមុន។ តាមរយៈអនុស្សរណៈនេះ ភាគីទាំង ២ នឹងរួមគ្នាបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលនានា ដូចជាការផ្លាស់ប្តូរប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារសំណង់ និងធនធានរួមគ្នា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាដើម។ លោកជំទាវរដ្ឋលេខាធិការ ឥម នីថារ៉ា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខា កាលថ្ងៃទី៩ ខែកញ្ញា នេះថា ក្រសួងមានចក្ខុវិស័យវែងឆ្ងាយ ចង់បណ្តុះបណ្តាលកូនខ្មែរឱ្យចេះសាងសង់ផ្លូវ ស្ពាន ដោយខ្លួនឯង និងមានគុណភាព។ លោកជំទាវ បន្តថា៖ «ដោយសារក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនល្បីល្បាញលើឆាកអន្តរជាតិ ខាងផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និង ឧបករណ៍ធុនធ្ងន់ ដូច្នេះ ការសហការនឹងជួយធ្វើឱ្យនិស្សិតយល់ការតែច្បាស់ពីការងារជាក់ស្ដែងក្នុងទីផ្សារ» ។ ក្រៅពីចុះអនុស្សរណៈនេះ កន្លងមកវិទ្យាស្ថានសាធារណការ ក៏ធ្លាប់បានចុះអនុស្សរណៈជាមួយបណ្តាដៃគូនានាក្នុងវិស័យពាក់ព័ន្ធក្នុងនោះរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Zejiang Institute of Communication […]

អាន​បន្ថែម

កម្ពុជាគ្មានកម្ចីថ្មីទេ ក្នុងឆមាសទី១នេះ ខណៈបច្ចុបន្នមានបំណុលសរុបជាង ១៤ប៊ីលានដុល្លារ

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ កម្ពុជាមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទានថ្មីទេ ដោយសារកម្មវីធី ឬគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ១៩។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤,៨៤ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះកម្ចីប្រើសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដល់ជាង៨៤% ឬស្មើនឹង ១២,៤ ប៊ីលាន និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៦%។ របាយការណ៍ដដែលបានបន្តថា ក្នុងរយៈពេលដូចគ្នានេះ រដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន ១០,០៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៨% នៃទំហំឥណទានសម្បទានសរុប ដែលបានចុះកិច្ចព្រមព្រៀងខាងលើ។ ក្នុងនោះ ប្រមាណ ៨១% ត្រូវបានប្រើប្រាស់សម្រាប់គម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ១៩% ទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។

អាន​បន្ថែម

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងច្បាប់២ ផ្សេងទៀតដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម

រដ្ឋសភាជាតិនៃកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ ដែលនឹងក្លាយជាយន្តការថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទំាងក្នុងស្រុក តំបន់ និងសកលលោក។ ការអនុម័តនេះធ្វើឡើង នៅសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹងនាំដោយប្រធានរដ្ឋសភាសម្តេច ហេង សំរិន ។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអនុម័ត រួមមាន៖ ១)សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សេចក្តីព្រាងច្បាប់ទំាងនេះ នឹងផ្តល់លទ្ធភាពដល់រដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ និងជាក្របខណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគតំបន់ ឱកាសទីផ្សារ អាជីវកម្ម និងប្រជាជននៅក្នុងប្រទេសនិងតំបន់។

អាន​បន្ថែម

កម្ពុជាស្នើឱ្យធនាគារពិភពលោកជួយលើ៤ចំណុចធំៗ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

កម្ពុជាស្នើឱ្យ WorldBank ជួយអនុវត្តគម្រោងយាន្តជំនិះអគ្គិសនីនៅសៀមរាប និងគម្រោងធំៗ ៣ ទៀត រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ធនាគារពិភពលោក (WB) ឱ្យជួយផ្ដួចផ្ដើមការប្រើប្រាស់យាន្តជំនិះដើរដោយអគ្គិសនីនៅក្រុងសៀមរាប ខណៈក៏បានសុំឱ្យអង្គការពិភពលោកមួយនេះ ជួយអនុវត្តគម្រោង ៣ ផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ បើយោងតាមកិច្ចប្រជុំ សំណើទី១ គឺកម្ពុជាចង់ឱ្យធនាគារពិភពលោកជួយជ្រុមជ្រែងលើគម្រោងបង្កើតឱ្យមានយានជំនិះដើរដោយថាមពលអគ្គិសនី (EV ) ដើម្បីបរិស្ថានស្អាតនៅខេត្តសៀមរាប ជាពិសេសតំបន់អង្គរ នៅពេលកម្ពុជាបើកទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល។ សំណើទី ២ គឺឯកឧត្តម ស៊ុន ចាន់ថុល ចង់ឱ្យធនាគារពិភពលោក ជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized […]

អាន​បន្ថែម

សាលាក្រុងនឹងររុះរើខ្សែកាប្លិ៍នៅតាមបណ្ដោយផ្លូវសំខាន់ៗ ២ ខ្សែ ដើម្បីលើកសោភ័ណភាពក្រុង

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍លើអាកាសនៅតាមដងផ្លូវសំខាន់ៗចំនួន ២ ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីឱ្យកាន់តែប្រសើរឡើង ។ យោងតាមលិខិតរបស់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកញ្ញា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធ្នាប់តាមវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវ៩៨ និងវិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់វិថីព្រះស៊ីសុវត្ថិ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលពាក់ព័ន្ធ ប្រញាប់រុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមដងផ្លូវ ភាគច្រើនខ្សែកាប្លិ៍ទូរទស្សន៍ ខ្សែកាប្លិ៍អិនធើណេត និងខ្សែបណ្តាញទូរស័ព្ទអចល័ត ជាដើម។

អាន​បន្ថែម