រថភ្លើងល្បឿនលឿនបើកបរស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក សាងសង់ជិតរួចរាល់ហើយ

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលបើកបរដោយស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក កំពុងឈានដល់ការបញ្ចប់ឆាប់ៗនេះហើយ ពោលគឺមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន នៅឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោងតាម South China Morning Post កាលពីសប្តាហ៍មុន។ ខ្សែរថភ្លើងនេះមានឈ្មោះថា Beijing-Zhangjiakou ដែលតភ្ជាប់ទីក្រុងប៉េកាំង និងតំបន់ Zhangjiakou ដែលជាទីក្រុងម្ចាស់ផ្ទះរណបនៃកីឡាអូឡាំពិកផងដែរ។ រថភ្លើងល្បឿនលឿននឹងមានល្បឿនអតិបរមា ៣៥០គ.ម ក្នុង១ ម៉ោង ដោយនឹងកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំង២ ពីជាង ៣ម៉ោង មកត្រឹមតែ ៤៧នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា ផ្នែកខ្លះនៃខ្សែរថភ្លើងនេះត្រូវបានបើកដំណើរការរួចហើយ តាំងពីខែធ្នូ ឆ្នាំ២០១៩ ដែលជាផ្លូវរថភ្លើងល្បឿនលឿនបើកបរដោយខ្លួនឯងដំបូងគេបង្អស់របស់ពិភពលោក។

អាន​បន្ថែម

រដ្ឋបញ្ឈប់ការអនុម័តលើគម្រោងសាងសង់រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីដើម្បីការពារបរិស្ថាន

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយដុតធ្យូងថ្មថ្មីៗទៀតទេ ទិសដៅដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងជំនួបជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាកាលពីសប្តាហ៍មុន។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុយ សែម លើកឡើងពីគោលជំហរសំខាន់ៗរបស់កម្ពុជាក្នុងវិស័យថាមពល ដែលពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុសកលនេះ រួមមានការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។ ឯកឧត្តមថ្លែងថា៖ «ទេ ក្រៅពីគម្រោងដែលរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩ រដ្ឋនឹងមិនរៀបចំគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ»។ ទន្ទឹមនឹងនេះ ឯកឧត្តម បញ្ជាក់ថា រដ្ឋាភិបាលក៏នឹងបន្តលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រថាមពលដុតធ្យូងថ្ម មានអនុភាពសរុប ជាង ៦០០មេហ្គាវ៉ាត និងគម្រោងមួយចំនួនទៀតដែលមានអនុភាពសរុបជាង ១ ៥០០ មេហ្គាវ៉ាត់ ដែលកំពុងស្ថិតក្នុងការសាងសង់ ក្នុងនោះមានគម្រោងរោងចក្រ៧០០ មេហ្គាវ៉ាត់ ចំនួន២ ស្ថិតក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។

អាន​បន្ថែម

កម្ពុជានឹងមានទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិដំបូងគេមានតម្លៃប្រមាណ២៦ លានយូរ៉ូ

អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group ក្នុងពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុតក្នុងប្រទេសកម្ពុជាមានតម្លៃប្រមាណ ២៦លានយូរ៉ូ ស្មើនឹងជាង ៣០លានដុល្លារអាមេរិក។ បើតាមគេហទំព័រសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៨ ខែតុលា គម្រោងនេះជាការវិយោគ១០០% ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។ គម្រោងនេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ខណៈផែនការទាំងមូលរួមមានការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។ តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។

អាន​បន្ថែម

ការសាងសង់ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក ចូលដល់ដំណាក់កាលដំឡើងគ្រោងដែកស្ពាន

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដំឡើងគ្រោងដែកស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក បន្ទាប់ពីបញ្ចប់ការសាងសង់បង្គោលស្ពានថ្មើរជើងចំនួន៤រួចមក។ ដំណើរការនៃការដំឡើងគ្រោងដែកស្ពាននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍ក្នុងតំបន់នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា។ រដ្ឋបាលរាជធានី សម្រចរបិទចរាចរលើនៃផ្លូវប្រសព្វទាំង ៤ រយៈពេល ៣យប់ គឺ នៅយប់ថ្ងៃទី២៩ និង ៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ចាប់ពីម៉ោង ៨:០០យប់ ដល់ម៉ោង ៧:០០ព្រឹក។ សូមបញ្ជាក់ថា ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក បានបើកការដ្ឋានកាលពីចុងឆ្នាំ ២០១៩ ដំណាលគ្នា និងការដ្ឋានសាងសង់ស្ពានថ្មើរជើងផ្សារដើមគរ ដែលបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់រួចហើយ៕

អាន​បន្ថែម

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានជាង ៣០%

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានជាង៣០% ខណៈដំណើរការសាងសង់គម្រោងទាំងមូលស្ថិតតាមផែនការ បើទោះបីជារងផលប៉ះពាល់ដោយការជន់លិចជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះក្តី។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា នេះថា ដំណើរការយឺតយ៉ាវបន្តិចបន្តួច ដោយសារការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែក្រុមហ៊ុនបានត្រៀមចាំសម្រាប់ការទប់ស្កាត់ ដែលធ្វើឱ្យដំណើរការសាងសង់នៅបន្តតាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «កាលពីមុននេះ សម្រេចការសាងសង់បាន២៨% ហើយគិតមកទល់ពេលនេះ ប្រហែលសម្រេចជាង៣០%ហើយ។ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍វឌ្ឍនភាពនេះ មកឆាប់ៗនេះ»។ វិនិយោគដោយក្រុមហ៊ុន OCIC ទឹកប្រាក់ប្រមាណ ១៥០០ លានដុល្លារ ដែលភាគហ៊ុន៩០ភាគរយ កាន់កាប់ដោយ OCIC និង ១០ភាគរយ កាន់កាប់ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដំណាក់កាលទី២១ នៃគម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ។

អាន​បន្ថែម

ចិនកំពុងពន្លឿនព្រលានតារាសាគរទទួលយន្តហោះបានចុងឆ្នាំ ស្របនឹងការបើកប្រទេស

ក្រុមហ៊ុនចិន Union Development Group កំពុងពន្លឿនការសាងសង់អាកាសយានដ្ឋានតារាសាគរក្នុងខេត្តកោះកុង ឱ្យចប់តាមការគ្រោងទុកនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយ ស្របពេលនឹងការបើកប្រទេសទទួលភ្ញៀវទេសចរ ខណៈខេត្តកោះកុងក៏ជាខេត្តគោលដៅដំបូងមួយផងដែរ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ តុលា នេះថា ការសាងសង់នៃអាកាសយានដ្ឋានតារាសាគរ រងផលប៉ះពាល់បន្តិចបន្តួចពីអាកាសធាតុ និងការឆ្លងសហគមន៍នៃជំងឺកូវីដ ប៉ុន្តែក្រុមហ៊ុន អះអាងថា កំពុងពន្លឿនការសាងសង់បញ្ចប់តាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ឥឡូវនេះ ការសាងសង់ជិតបញ្ចប់ហើយ ប៉ុន្តែការហោះហើរមិនមែនធ្វើឡើងភ្លាមៗទេ។ ជាផែនការ យើងនឹងបើកទទួលទេសចរណ៍ ប៉ុន្តែយើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្តបន្ទាប់»។ បើតាមអ្នកនាំពាក្យដដែល ក្រុមហ៊ុននឹងធ្វើការស្នើសុំការហោះហើរសាកល្បងបន្ទាប់ពីការងារសាងសង់បញ្ចប់ ជាមួយនឹងនិតីវិធីផ្សេងៗទៀត ដែលត្រូវបំពេញមុនធ្វើការហោះហើរជាផ្លូវការ។ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group អាកាសយានដ្ឋានតារាសាគរអន្តរជាតិ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤,៥ហិកតា ស្ថិតក្នុងស្រុកបទុមសាគរនៃខេត្តកោះកុង និងបច្ចុប្បន្ន ការសាងសង់សម្រេចបាន ប្រមាណជាង៩០%។ សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីចុងខែវិច្ឆិកានេះតទៅ សម្រាប់ទិសដៅទេសចរណ៍ចំនួន៣កន្លែងរួមមាន ក្រុងព្រះសីហនុ កោះរ៉ុងនៃខេត្តព្រះសីហនុ […]

អាន​បន្ថែម

សហភាពអឺរ៉ុបអនុម័តទុន ១៥ លានអឺរ៉ូ ចង់បង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ដំបូងក្នុងតំបន់

គណៈកម្មការអឺរ៉ុបបានអនុម័តទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូជាលើកដំបូង ឱ្យទៅក្រុមហ៊ុន Hardt Hyperloop ដែលជាក្រុមហ៊ុនវិស្វកម្មរបស់ប្រទេសហូឡង់ ដើម្បីសិក្សា និងអភិវឌ្ឍគម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ឬហៅថា Hyperloop ក្នុងតំបន់អឺរ៉ុបជាឡើងដំបូង។ នេះបើយោងតាម GCR កាលពីថ្ងៃទី ២៥ ខែតុលា។ លោក Tim Houter សហស្ថាបនិកក្រុមហ៊ុន Hardt បាននិយាយថា ទុននេះយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍគម្រោង ដែលមួយផ្នែកនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ស្ថានីយ Hyperloop នៅទីក្រុង Groningen ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣ ។ ដោយឡែក គម្រោងដំណើរការរថភ្លើងសាកល្បងជាលើកដំបូង នឹងធ្វើឡើងរវាងទីក្រុង Amsterdam និង Rotterdam ដោយនឹងសាកល្បងលើការដឹកទំនិញសិន។ ផែនការនេះ កំពុងពិនិត្យដោយក្រុមហ៊ុន រដ្ឋាភិបាល និងបណ្តាញអង្គការនានា ដោយសង្ឃឹមថានឹងក្លាយជាការពិតនៅក្នុងប្រទេសហូឡង់ក្នុងទសវត្សរ៍នេះ។ គួរបញ្ជាក់ថា រថភ្លើងហោះក្នុងបំពង់សុញ្ញកាសនេះជារបកគំហើញដែលផ្ដួចផ្ដើមចេញពីអ្នកវិទ្យសាស្រ្តល្បីលោក George Medhurst តាំងពីឆ្នាំ ១៧៩៩ តែត្រូវយកមកសិក្សាឡើងវិញដោយ Elun Mask កាលពីឆ្នាំ ២០១២។ ដោយសារតែ […]

អាន​បន្ថែម

វៀតណាម អនុម័តថវិកាជាង១០ប៊ីលានដុល្លារ សាងសង់រថភ្លើងជិត ៥ពាន់ គ.ម ទូទាំងប្រទេស

វៀតណាមបោះជំហានកាន់តែធំលើការពង្រីកគុណភាពប្រព័ន្ធដឹកជញ្ជូនតាមផ្លូវរថភ្លើង ដោយទើបតែអនុម័តថវិកាប្រមាណ ១០,៥ប៊ីលានដុល្លារ សម្រាប់កសាង និងលើកកម្ពស់ផ្លូវរថភ្លើង ១៦ខ្សែ មានប្រវែងសរុប ៤ ៨០០គីឡូម៉ែត្រ ក្នុងរយៈពេល១០ឆ្នាំ។ នេះបើយោងតាម Global Construction Review កាលពីថ្ងៃទី២៧ ខែតុលា ។ ផែនការនេះ ត្រូវបានប្រកាសដោយ លោក Le Van Thanh ឧបនាយករដ្ឋមន្រ្តីវៀតណាម ដោយបញ្ជាក់ថា ថវិកានេះនឹងត្រូវប្រើសម្រាប់លើកកម្ពស់ផ្លូវរថភ្លើងចំនួន៧ខ្សែ មានប្រវែងសរុប ២ ៤០០ គីឡូម៉ែត្រ និងដើម្បីកសាងផ្លូវរថភ្លើង៩ខ្សែ ផ្សេងទៀត ដែលមានប្រវែងប្រហាក់ប្រហែលគ្នា។ ជាមួយនឹងផែនការនេះ អាជ្ញាធរវៀតណាម រំពឹងថា នឹងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក និងភ្ជាប់ការដឹកជញ្ជូនកាន់តែប្រសើរជាមួយប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសជិតខាង។ គួរបញ្ជាក់ថា អាជ្ញាធរវៀតណាម ផ្តោតសំខាន់ទៅលើផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីភាគខាងជើង និងខាងត្បូង។ ផែនការនេះ ក៏ផ្តោតផងដែរលើការអភិឌ្ឍផ្លូវរថភ្លើង តភ្ជាប់ទៅនឹងតំបន់កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងទីក្រុងធំៗ។ ទន្ទឹមនឹងនេះ អាជ្ញាធរវៀតណាម ក៏បានបើកភ្លើងខៀវដល់ក្រុមហ៊ុនបរទេសធំៗ ឱ្យចូលរួមវិនិយោគលើវិស័យដឹកជញ្ជូនតាមរថភ្លើង ដោយចង់ឃើញការអភិវឌ្ឍផ្លូវភ្លើងវៀតណាមកាន់តែទំនើប។

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣កម្ពុជានឹងមានរោងចក្រសូឡាសរុបជិត ៥០០MW ឬ២០%នៃថាមពលសរុប

ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែម អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការបន្ថែម ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាកម្រិតខ្ពស់រវាងសិង្ហបុរី-ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ កាលពីថ្ងៃទី២៦ ខែតុលា។ ឯកឧត្តម អ៊ិត ប្រាំង បានបន្តថា បច្ចុប្បន្ននេះ រោងចក្រថាមពលសូឡារួមចំណែក ៩% នៃថាមពលរបស់កម្ពុជា។ ដោយឡែក នៅឆ្នាំ ២០២៣ នឹងមានរោងចក្រ ៧ ទៀត ដែលនឹងរួមចំណែកដល់ទៅ ២០%។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យភ្ជាប់ចូលបណ្តាញជាតិ មានអនុភាពសរុបប្រមាណ ១៦០ មេហ្គាវ៉ាត់ មានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

អាន​បន្ថែម

កម្ពុជានិងប្រទេសធំៗ៣នឹងរួមដៃគ្នាស្រាវជ្រាវរកប្រភពថាមពលដែលមានតម្លៃថោកនិងនិរន្តរភាព

កម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ចំពោះកិច្ចការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកលនេះ។ ឯកឧត្តម សាយ សំអាល់ ថ្លែងថា៖ «បន្ថែមលើការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការស្វែងរកប្រភព ថាមពលកកើតឡើងវិញ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយ ដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និង រុស្ស៊ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក»។

អាន​បន្ថែម