GMAC៖ ចេញលិខិតអំពាវនាវសុំម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួល ៣០% ដល់រោងចក្រ រងប៉ះពាល់កូវីដ១៩

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថាស៊ីម៉ាក់ស៍ ( GMAC ) បានអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងសម្រាប់រោងចក្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា ស្នើសុំឱ្យពួកគេកាត់បន្ថយថ្លៃឈ្នួលជួលយ៉ាងតិច ៣០% រយៈពេល ៣ ទៅ ៦ ខែ ក្នុងហេតុផលថា មេរោគកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។

នៅក្នុងលិខិតអំពាវនាវតាមរយៈការចេញលិខិតផ្លូវការចុះថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២០ នេះ GMAC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១៨០ ហើយ ដែលបានផ្អាកផលិតកម្មរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុសនេះ ខណៈដែលផលប៉ះពាល់ៗមកលើវិស័យនេះ កាន់តែធ្ងន់ធ្ងរទៅៗ។

រោងចក្រដែលត្រូវបានគេផ្អាកទាំងនេះ ត្រូវបានគេរាយការណ៍ថា មិនអាចបន្តរ៉ាប់រងបង់ថ្លៃដូចដើមទៀតបាន ដោយសារប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែមានការលុបចោលការបញ្ជាទិញជាច្រើន និងអវត្តមាននៃការបញ្ជាទិញថ្មីៗ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុសនេះ។

ប្រភពដដែលក៏បានរាយការណ៍ដែរថា នឹងមានរោងចក្រចំនួន ៦០ ផ្សេងទៀត ក៏នឹងត្រូវផ្អាកផលិតកម្មរបស់ពួកគេផងដែរ។

ដោយសារភាពលំបាកនេះ GMAC បានចេញលិខិតអំពាវនាវ ដល់ម្ចាស់ផ្ទះដែលជួលអគារ និងអចលនទ្រព្យផ្សេងៗរបស់ខ្លួនទៅឱ្យរោងចក្រដែលរងគ្រោះទាំងនោះ សូមមេត្តាកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលរោងចក្រកំពុងជួបការលំបាក ឱ្យបានយ៉ាងតិច ៣០% រយៈ ៦ ខែ និងដើម្បីចូលរួមក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសផង។

សំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្វើឱ្យគេនឹកឃើញដល់សម្រង់ប្រសាសន៍មួយឃ្លាថា “…សូមកុំកាប់មេមាន់ទទួលទាន គួរតែរក្សាទុកមេមាន់នេះ ដើម្បីថ្ងៃក្រោយឲ្យវាមានពងតទៅទៀត។” ដែលកាលនោះ សម្តេចតេជោហ៊ុនសែន បានអំពាវនាវឱ្យវិស័យឯកជនបន្ថយ ឬ ពន្យារពេលការទូទាត់ដល់កូនឈ្នួលរបស់ខ្លួន នៅព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០។ ហើយសម្តេចបានរំលើកម្តងទៀតនៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០។

យោងតាមប្រសាសន៍របស់ឯកឧត្តម អ៊ិត សំហេង ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលចុងក្រោយនៃលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងការងារ កាលពី ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ បច្ចុប្បន្ន កម្ពុជា មានរោងចក្រចុះបញ្ជីសម្លៀកបំពាក់និងស្បែកជើងចំនួន ១.២០០ កន្លែង ដែលផ្តល់ការងារដល់កម្មករប្រមាណ ៨០០.០០០ នាក់ ក្នុងនោះ ច្រើនជាង ៨០% គឺជាស្ត្រី។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលរបស់កម្មករក្នុងវិស័យនេះគឺច្រើនជាង ២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ខណៈប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករគឺ ១៨២ ដុល្លារក្នុងម្នាក់ក្នុងមួយខែ៕

- Video Advertisement -